ច្បាប់ភូមិបាល

- បាន​ទ្រង់​យល់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

- បាន​ទ្រង់​យល់​ព្រះរាជក្រឹត្យ​លេខ នស/រកត/១១៩៨/៧២ ចុះ​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្ដីពី​ការ​តែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

- បាន​ទ្រង់​យល់​ព្រះរាជក្រម​លេខ ០២/នស/៩៤ ចុះ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែល​ប្រកាស​អោយ​ប្រើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី

- បាន​ទ្រង់​យល់​ព្រះរាជក្រម​លេខ នស/រកម/០៦៩៩/០៩ ចុះ​ថ្ងៃ​ទី ២៣ ខែ កញ្ញា ឆ្នាំ​ ១៩៩៩ ស្ដីពី​ការ​បង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ សំណង់

- បាន​ទ្រង់​យល់​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ របស់​សម្ដេច​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ប្រកាស​ឱ្យ​ប្រើ

ច្បាប់​ភូមិបាល ដែល​រដ្ឋសភា​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ២០០១ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ៦ នីតិកាល​ទី ២ ហើយ​ដែល​ព្រឹទ្ធសភា​បាន​អនុម័ត​យល់​ស្រប​តាម​ទម្រង់ និង គតិ​នៃ​ច្បាប់​នេះ​ទាំង​ស្រុង កាល​ពី​ថ្ងៃ​ទី ១៣ ខែ សីហា ឆ្នាំ ២០០១ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី ៥ នីតិកាល​ទី ១ ហើយ​ដែល​មាន​សេចក្ដី​ទាំង​ស្រុង​ដូចតទៅ:

ច្បាប់
ភូមិបាល


បទប្បញ្ញត្តិ​ទូទៅ

មាត្រា ១​ .-

ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទាំងឡាយ​នៅ​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​ស្របតាម​បទប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ ​ឆ្នាំ ១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មាត្រា ២​ .-

ចាត់​ទុក​ជា​អចលនវត្ថុ តាម​ន័យ​នៃ​ច្បាប់​នេះ​មាន​អចលនវត្ថុ​ពី​កំណើត អចលនវត្ថុ​ពី​ភ័ព្វវាសនា​និង​អចលនវត្ថុ​តាម​ការ​កំណត់​របស់​ច្បាប់។

អចលនវត្ថុ​ពី​កំណើត​មាន​ដី​ធម្មជាតិ​ដូចជា ដី​ព្រៃឈើ ដី​កាប់​រាន ដី​ដាំដុះ ដី​ទុក​ទំនេរ ឬ​មិន​អាច​ដាំដុះ ដី​លិចទឹក​ដោយ​ទឹក​នៅ​នឹង​ឬ​ទឹកហូរ និង​សំណង់​ឬ​ការ​រៀបចំ​ទាំងឡាយ​ដែល​ស្ថិត​នៅ​ជាប់​មួយ​កន្លែង កើត​ឡើង​ដោយ​អំពើ​របស់​មនុស្ស ហើយ​មិន​អាច​រំកិល ឬ​ផ្លាស់​ប្ដូរ​កន្លែង​បាន។

អចលនវត្ថុ​ពី​ភ័ព្វវាសនា​មាន​វត្ថុ​ដែល​ជាប់​នឹង​ដី ឬ​បញ្ចូល​ជា​មួយ​សំណង់​ទាំងឡាយ​ដែល​មិន​អាច​បែក​ចេញ​បាន​ដោយ​មិន​ធ្វើ​ឲ្យ​ មាន​ការ​ខូចខាត ឬ​មិន​ដូរ​សភាព​ដើម​ដូចជា ដើម​ឈើ ឧបករណ៍​តែង​លំអ​ជា​ដើម។

អចលនវត្ថុ​តាម​ការ​កំណត់​របស់​ច្បាប់​មាន​សិទ្ធិ​ភណ្ឌិក​ទាំងឡាយ​លើ​ អចលនវត្ថុ​និង​ចលនវត្ថុ​ទាំងឡាយ​ដែល​បាន​កំណត់​ដោយ​ច្បាប់​ជា​អចលនវត្ថុ។

មាត្រា ៣​ .-

ជន​គ្រប់​រូប​ត្រូវ​គោរព​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​កម្មសិទ្ធិ​ឯកជន​ស្របច្បាប់​លើ​អចលនវត្ថុ។

ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​សុរិយោដី​លើ​អចលនវត្ថុ​ដែល​ជា​ទ្រព្យសម្បត្តិ​ របស់​រដ្ឋ និង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

បទបញ្ជា និង​នីតិវិធី​នៃ​ការ​គ្រប់គ្រង​អចលនវត្ថុ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នឹង​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

មាតិកា​ទី​ ១
អំពី​កម្មសិទ្ធិ​ឯកជន និង កម្មសិទ្ធិ​សាធារណៈ

ជំពូក​ទី ១
អំពី​គោលការណ៍​នៃ​កម្មសិទ្ធិ

មាត្រា ៤ .-

សិទ្ធិ​នៃ​កម្មសិទ្ធិ​ដែល​ចែង​ក្នុង​មាត្រា ៤៤ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ អនុវត្ត​ទៅ​លើ​អចលនវត្ថុ​ទាំងអស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​ច្បាប់​នេះ។

មាត្រា ៥ .-

គ្មាន​បុគ្គល​ណាមួយ​ត្រូវ​បាន​គេ​ដកហូត​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ទេ ប្រសិន​បើ​ការ​ដកហូត​នេះ​មិនមែន​ដើម្បី​ប្រយោជន៍​សាធារណៈ។ ការ​ដកហូត​ត្រូវ​ធ្វើ​ទៅ​តាម​ទម្រង់ និង​នីតិវិធី​បញ្ញត្តិ​ដោយ​ច្បាប់ និង​បទ​បញ្ជា បន្ទាប់​ពី​បាន​ផ្ដល់​សំណង​ជា​មុន​ដោយ​សមរម្យ និង​យុត្តិធម៌។

មាត្រា ៦ .-

មាន​តែ​ភោគៈ​ត្រឹមត្រូវ​តាម​ច្បាប់​ប៉ុណ្ណោះ​ដែល​អាច​នាំ​ឱ្យ​បាន​កម្មសិទ្ធិ។

រដ្ឋ​ក៏​អាច​ផ្ដល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​អចលនវត្ថុ ដែល​ជា​របស់​រដ្ឋ​ក្នុង​ព្រំដែន​ជាក់លាក់​ដែល​បាន​កំណត់​ដោយ​ច្បាប់​នេះ​ដល់ ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ខ្មែរ។

រាល់​ការ​ផ្ទេរ​ឬ​ផ្លាស់​ប្ដូរ​សិទ្ធិ​នៃ​កម្មសិទ្ធិ​ត្រូវ​ធ្វើ​ឡើង​តាម​ វិធាន​នៃ​នីតិ​រួម​នៃ​ការ​លក់ ការ​បន្ត​មរតក ការ​ដូរ ឬ​ប្រទាន​កម្ម ឬ​តាម​សេចក្ដី​សំរេច​របស់​តុលាការ។

មាត្រា ៧ .-

របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​មុន​ឆ្នាំ ១៩៧៩ មិន​ត្រូវ​បាន​ទទួល​ស្គាល់។

មាត្រា ៨ .-

មាន​តែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​ កម្មសិទ្ធិ​លើ​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

អ្នក​មាន​ឧបនិស្ស័យ​ជា​កម្មសិទ្ធិករ​លើ​ដី​នៅ​កម្ពុជា​គឺ​ពលរដ្ឋខ្មែរ​ទាំង​ អស់ សមូហភាព​ដែនដី​សាធារណៈ គ្រឹះស្ថាន​សាធារណៈ សហគមន៍​ឬ​សមាគម​កម្ពុជា សហគ្រាស​សាធារណៈ និង​ក្រុមហ៊ុន​ស៊ីវីល ឬ​ពាណិជ្ជកម្ម​កម្ពុជា​និង​គ្រប់​អង្គការ​កម្ពុជា​ដែល​បាន​ទទួល​ស្គាល់​ដោយ​ ច្បាប់​ថា​ជា​នីតិបុគ្គល។

ជន​បរទេស​ដែល​បាន​ក្លែង​បន្លំ​ប័ណ្ណ​សញ្ជាតិ​ដើម្បី​ឱ្យ​ក្លាយ​ជា​ កម្មសិទ្ធិករ​លើ​ដី​នៅ​កម្ពុជា​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ដូច​មាន​ចែង​ក្នុង​ មាត្រា ២៥១ នៃ​ច្បាប់​នេះ។ ទ្រព្យ​ដែល​បាន​មក​ក្នុង​លក្ខខណ្ឌ​នេះ​ត្រូវ​រឹបអូស​យក​ទុក​ជា​សម្បត្តិ​ រដ្ឋ​ ដោយ​រដ្ឋ​មិន​ចេញ​សំណង​ឱ្យ​ឡើយ។

មាត្រា ៩ .-

ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា ហើយ​ដែល​មាន​ភាគហ៊ុន​ចាប់​ពី ៥១%​ឡើង​ទៅ កាន់កាប់​ដោយ​រូបវន្តបុគ្គល​មាន​សញ្ជាតិ​ខ្មែរ ឬ​នីតិបុគ្គល​នៃ​ច្បាប់​កម្ពុជា​អាច​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​ដី​បាន។ មានតែ​ចំនួន​ភាគរយ​នៃ​ប្រាក់​ហ៊ុន​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ​ដែល​ទទួល​យក​ជា​ការ​បាន។ រាល់​ការ​ព្រមព្រៀង​ដែល​ចុះ​ហត្ថលេខា​ជា​លក្ខណៈ​ឯកជន​រវាង​អ្នក​ចូលហ៊ុន​ ទាំងឡាយ​ដែល​មាន​ន័យ​ផ្ទុយ​ពី​នេះ​ត្រូវ​ទុក​ជា​មោឃៈ និង​គ្មាន​អនុភាព។

ប្រសិនបើ​ចំនួន​ភាគរយ​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​បាន​ប្រែប្រួល​បណ្ដាល​ ឱ្យ​ក្រុមហ៊ុន​លែង​មាន​សញ្ជាតិ​ជា​ខ្មែរ ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ធ្វើការ​ផ្លាស់​ប្ដូរ​លក្ខន្តិកៈ​ឱ្យ​បាន​សមស្រប ​តាម​ស្ថានភាព​ជាក់​ស្ដែង ហើយ​ត្រូវ​ផ្ដល់​ពត៌មាន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​អំពី​ការ​ប្រែប្រួល​នេះ​ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ជា​ធរមាន។

មាត្រា ១០ .-

កម្មសិទ្ធិ​របស់​បុគ្គល​តែ​ម្នាក់​ទោះ​ជា​រូបវន្តបុគ្គល​ក្ដី​ឬ​នីតិបុគ្គល​ក្ដី​គឺ​ជា​កម្មសិទ្ធិ​ឯកត្តជន។

កម្មសិទ្ធិ​របស់​បុគ្គល​មួយ​ក្រុម​ដែល​មាន​បុព្វសិទ្ធិ​រៀងៗ​ខ្លួន តាមរយៈ​ច្បាប់​ដែល​មាន​បញ្ញត្តិ​អំពី​កម្មសិទ្ធិ​នេះ​គឺជា​កម្មសិទ្ធិ​ សមូហភាព។

កម្មសិទ្ធិ​របស់​បុគ្គល​ច្រើន​នាក់​ដែល​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​សាមគ្គី​គ្នា​ទៅ​លើ​ទ្រព្យ​ទាំង​មូល​គឺ​កម្មសិទ្ធិ​អវិភាគ។

កម្មសិទ្ធិ​របស់​បុគ្គល​ច្រើន​នាក់​ដែល​អនុវត្ត​នូវ​សិទ្ធិ​ឯកជន​ផ្ដាច់​មុខ ​លើ​ភាគ​ខ្លះ​នៃ​ទ្រព្យ​ហើយ​ភាគ​ដទៃ​ទៀត​ហៅថា​ភាគ​រួម ត្រូវ​ដាក់​នៅ​ក្រោម​បទ​បញ្ជា​នីត្យានុកូល ឬ​តាម​ការ​ព្រមព្រៀង​គឺ​សហកម្មសិទ្ធិ។

ប្រភេទ​នៃ​កម្មសិទ្ធិ​នីមួយៗ ត្រូវ​បាន​កំណត់​ដោយ​បទប្បញ្ញត្តិ​ដោយឡែក​របស់​កម្មសិទ្ធិ​ទាំង​នោះ។

មាត្រា ១១ .-

របប​គតិយុត្ដ​នៃ​កម្មសិទ្ធិ​អចលនវត្ថុ​ប្រែប្រួល​ទៅ​តាម​ត្រូវការ​របស់​ សង្គម​ខ្មែរ​ដូចជា ដី​កសិកម្ម ព្រៃឈើ ផ្លូវ​ទឹក ត្រពាំង បឹងបួ​ឬ​ធារទឹក ត្រើយ​សមុទ្រ​ឬ​ច្រាំង​ទន្លេ អចលនវត្ថុ​ក្នុង​ទីក្រុង និង​ដី​សំរាប់​សាងសង់​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម។

ច្បាប់​ពិសេស​ត្រូវ​បំពេញ​បទប្បញ្ញត្តិ​ទាំង​ឡាយ​នៃ​អត្ថបទ​ច្បាប់​នេះ​ឬ​ តាំង​បដិប្បញ្ញត្តិ​ដើម្បី​រក្សា​នូវ​ការ​ចាំបាច់​ខាង​សង្គម​សេដ្ឋកិច្ច ការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម។

បទបញ្ជា​ទាំងឡាយ​នឹង​បញ្ជាក់​លំអិត​នូវ​របប​ផ្សេងៗ​នៃ​កម្មសិទ្ធិ ដោយ​គោរព​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់។

ជំពូក​ទី ២
អំពី​កម្មសិទ្ធិ​សាធារណៈ

មាត្រា ១២ .-

រដ្ឋ​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​ក្នុង​ដែន​ដី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ក្នុង​មាត្រា ៥៨ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ និង​ទ្រព្យ​និទាយាទភាព​ទាំងអស់ ឬ​ទ្រព្យ​ដែល​ម្ចាស់​ប្រគល់​ឲ្យ​រដ្ឋ​ដោយ​ស្ម័គ្រ​ចិត្ត ឬ​ទ្រព្យ​ដែល​មិនមែន​ជា​កម្មវត្ថុ​នៃ​ការ​យក​ធ្វើជា​របស់​ឯកជន​តាម​ច្បាប់​ឬ ​មិនមែន​ជា​ទ្រព្យ​ដែល​កំពុង​កាន់កាប់​​ជា​របស់​ឯកជន​ស្រប​តាម​បទប្បញ្ញត្តិ ​នៃ​ជំពូក​ទី ៤ នៃ​ច្បាប់​នេះ។

មាត្រា ១៣ .-

ក្រៅពី​រដ្ឋ សមូហភាព​ដែន​ដី​សាធារណៈ គ្រឹះស្ថាន​សាធារណៈ​និង​នីតិ​បុគ្គល​នៃ​នីតិសាធារណៈ​ដែល​បាន​ទទួល​ស្គាល់​ ដោយ​ច្បាប់​ថា​ជា​នីតិបុគ្គល អាច​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​ក្នុង​លក្ខខណ្ឌ​ដែល​បាន​កំណត់​ ក្នុង​ជំពូក​នេះ។

មាត្រា ១៤ .-

ទ្រព្យ​មួយ​ចំនួន​របស់​រដ្ឋ ឬ​របស់​សមូហភាព​ដែនដី​សាធារណៈ​ដែល​ត្រូវ​បាន​ដាក់​នៅ​ក្រោម​របប​គតិយុត្ត​ ពិសេស​គឺជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​នីតិបុគ្គល​សាធារណៈ។ ទ្រព្យ​មួយ​ចំនួន​ទៀត​ត្រូវ​គ្រប់គ្រង​ដូច​កម្មសិទ្ធិ​ឯកជន​និង​អាច​ជា​កម្ម ​វត្ថុ​នៃ​កិច្ចការ​ជំនួញ គឺ​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​នីតិបុគ្គល​សាធារណៈ។

មាត្រា ១៥ .-

រាប់​ចូល​ក្នុង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​សាធារណៈ :

- ទ្រព្យ​ទាំងឡាយ​ដែល​បង្ហាញ​នូវ​ការ​កើត​ឡើង​ពី​ធម្មជាតិ​ដូចជា ព្រៃឈើ​ផ្លូវ​ទឹក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន បឹង​ធម្មជាតិ ច្រាំងទន្លេ ដែល​នាវា​ឬ​ក្បួន​ចេញចូល​បាន បណ្ដែត​បាន​និង​ត្រើយ​សមុទ្រ

- ទ្រព្យ​ទាំង​ឡាយ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​រៀបចំ​ពិសេស​សម្រាប់​ប្រយោជន៍​ ទូទៅ​ដូច​ជា​តីរឋាន កំពង់ផែ ផ្លូវ​ដែក ស្ថានីយ​រថភ្លើង​និង​ព្រលានយន្តហោះ

- ទ្រព្យ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ដាក់​ឱ្យប្រើប្រាស់​ជា​សាធារណៈ​តាម​ ស្ថានភាព​ពី​កំណើត​ឬ​ក្រោយ​ពី​បាន​រៀបចំ​ដូចជា​ផ្លូវ​ថ្នល់ ផ្លូវ​លំ ផ្លូវ​រទេះ ផ្លូវ​ដើរ សួនច្បារ​និង​ឧទ្យាន​សាធារណៈ​និង​ដី​ចំណី

- ទ្រព្យ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​សំរាប់​សេវា​សាធារណៈ​ ដូចជា​សាលា​រៀន​ឬ​អគារ​សិក្សា​សាធារណៈ អគារ​រដ្ឋបាល មន្ទីរពេទ្យ​សាធារណៈ​ទាំងឡាយ

- ទ្រព្យ​ទាំងឡាយ​ដែល​បង្កើត​ជា​ដែន​បំរុងធម្មជាតិ​ការពារ​ដោយ​ច្បាប់

- បេតិកភណ្ឌ​បុរាណ​វិទ្យា វប្បធម៌​និង​ប្រវត្តិសាស្ត្រ

- អចលនវត្ថុ​ជា​ព្រះរាជទ្រព្យ​ដែល​មិនមែន​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​ ព្រះរាជវង្សានុវង្ស។ អចលនវត្ថុ​ជា​ទ្រព្យ​ត្រូវ​បាន​ចាត់​ចែង​ដោយ​ព្រះមហាក្សត្រ កំពុង​គ្រងរាជ្យ។

មាត្រា ១៦ .-

ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​លក់ដូរ​បាន​ឡើយ​ហើយ កម្មសិទ្ធិ​នៃ​ទ្រព្យ​ទាំងនោះ​មិន​អាច​កំណត់​អាជ្ញាយុកាល​បាន​ទេ។

ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អាច​ឋិត​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ជំពូក​ទី ៤ នៃ​ច្បាប់​នេះ​បាន​ទេ។

ប៉ុន្តែ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អាច​ជា​កម្មវត្ថុ​នៃ​ការ​ អនុញ្ញាត​ឱ្យ​កាន់កាប់ ឬ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន មិន​ទៀង ហើយ​អាច​ដកហូត​វិញ​បាន បើ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ផ្សេងៗ លើកលែង​តែ​បាន​អនុញ្ញាត​តាម​ជំពូក​ទី ៣ នៃ​ច្បាប់​នេះ។ ការ​អនុញ្ញាត​ទាំងនេះ​មិន​អាច​ប្រែក្លាយ​ទៅ​ជា​កម្មសិទ្ធិ ឬ​ជា​សិទ្ធិ​ភណ្ឌិក​ជា​ប្រយោជន៍​ដល់​អ្នក​កាន់កាប់​ទ្រព្យ​ទាំងនេះ​បាន​ឡើយ។

ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅ​ពេល​បាត់បង់​ផល​ប្រយោជន៍​សាធារណៈ អាច​ត្រូវ​ចាត់​បញ្ចូល​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​តាម​រយៈ​ច្បាប់​ អនុបយោគ។

មាត្រា ១៧ .-

ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​សាធារណៈ អាច​ជា​កម្មវត្ថុ​នៃ​ការ​លក់ ការ​ដូរ ការ​បែងចែក​ឬ​ការ​ផ្ទេរ​សិទ្ធិ​តាម​ការ​កំណត់​ដោយ​ច្បាប់។

ទ្រព្យ​ទាំង​នោះ​អាច​ផ្ដល់​ឱ្យ​តាម​រយៈ​ភតិសន្យា និង​ជា​កម្មវត្ថុ​នៃ​កិច្ចសន្យា ដែល​បាន​ធ្វើឡើង​ត្រឹមត្រូវ​តាម​ច្បាប់។ លក្ខខណ្ឌ​ទាំងឡាយ​និង​នីតិវិធី​នៃ​ការ​លក់ និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​និង​របស់​នីតិបុគ្គល​ សាធារណៈ​នឹង​កំណត់​ដោយ​អនុក្រឹត្យ។ គ្មាន​ការ​លក់​ណាមួយ​អាច​ត្រូវ​បាន​សម្រេច​ដោយ​គ្មាន​អនុក្រឹត្យ​នេះ​ឡើយ។ ដី​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​អាច​ជា​កម្មវត្ថុ​នៃ​សម្បទាន​ក្នុង​ លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ជំពូក​ទី ៥ នៃ​ច្បាប់​នេះ។

គ្មាន​ការ​ចាប់​យក​ដី​តាម​ទំនើងចិត្ត​ណាមួយ អាច​កើត​ឡើង​ទៅ​លើ​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ឬ​របស់​នីតិបុគ្គល​ សាធារណៈ​បាន​ឡើយ ចាប់​ពី​ច្បាប់​នេះ​ចូល​ជាធរមាន ទោះបី​ស្រប​នឹង​ជំពូកទី ៤ នៃ​ច្បាប់​នេះ​ក៏ដោយ។

ប៉ុន្តែ​ដី​ទំនេរ​នៃ​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ​អាច​ត្រូវ​បាន​បែងចែក​ ទៅ​ឱ្យ​បុគ្គល​ដែល​ត្រូវការ​ដី​ក្នុង​គោលដៅ​សង្គមកិច្ច​តាម​លក្ខខណ្ឌ​ដែល​ កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា ១៨ .-

ត្រូវ​ទុកជាមោឃៈ​និង​គ្មាន​អានុភាព ហើយ​មិន​អាច​ត្រូវ​បាន​ធ្វើ​និយ័ត​កម្ម ទោះ​តាម​រូបភាព​ណា​ក៏ដោយ​នូវ :

- រាល់​ការ​ចូល​កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​របស់​ នីតិបុគ្គល​សាធារណៈ និង​រាល់​ការ​បំប្លែង​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ទៅ​ជា​ សិទ្ធិ​កម្មសិទ្ធិ ទោះ​បី​ការ​កាន់កាប់​និង​ការ​បំប្លែង​នេះកើត​មាន​នៅ​ពេល​ណា​ក៏ដោយ ដែល​មិន​ស្រប​តាម​លិខិត​បទដ្ឋាន​គតិយុត្ត និង​នីតិវិធី​ដែល​បាន​កំណត់​កន្លង​មក

- រាល់​ការ​បំប្លែង​ទៅ​ជា​សិទ្ធិ​កម្មសិទ្ធិ​នៃ​ដី​សម្បទាន ទោះ​ជា​ការ​បំប្លែង​នោះ​កើត​ឡើង​មុន​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក៏​ដោយ លើកលែង​តែ​សម្បទាន​ដែល​ឆ្លើយ​តប​ទៅ នឹង​ប្រយោជន៍​សង្គម

- រាល់​សម្បទាន​មិន​ស្រប​នឹង​បញ្ញត្តិ​ទាំងឡាយ​នៃ​ជំពូក​ទី ៥

- រាល់​ការ​ចូល​កាន់កាប់​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ទោះ​ជា​តាម​រូបភាព​ណា​ក៏​ដោយ​ដែល​បាន​កើត​ឡើង​ក្រោយ​ច្បាប់​នេះ​ត្រូវ​ចូល​ ជា​ធរមាន។

មាត្រា ១៩ .-

បុគ្គល​ទាំងឡាយ​ដែល​មាន​ប័ណ្ណ​ឬ​មាន​ស្ថានភាព​ជាក់ស្ដែង​ឋិត​នៅ​ក្រោម​ ឥទ្ធិពល​នៃ មាត្រា១៨ នៃ​ច្បាប់​នេះ​មិន​អាច​ទាមទារ​សំណង​ទូទាត់​ឬ​សោហ៊ុយ​សំរាប់​ការ​ថែទាំ​ឬ​ការ ​រៀបចំ​ដែល​បាន​ធ្វើ​លើ​អចលនវត្ថុ​ដែល​បាន​កាន់កាប់​ដោយ​ខុស​ច្បាប់​បាន​ ឡើយ។

លទ្ធកម្ម​ណាមួយ​ដោយ​ខុស​ច្បាប់ និង​ដោយ​ចេតនា ឬ​ដោយ​បោកប្រាស់​លើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ឬ​របស់​នីតិបុគ្គល​សាធារណៈ ត្រូវ​ផ្ដន្ទា​ទោស​ដូច​មាន​ចែង​ក្នុង មាត្រា ២៥៩ នៃ​ច្បាប់​នេះ។

ចំពោះ​ការ​កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​បណ្ដាល​ឱ្យ​ខូចខាត​ឬ​ធ្វើ​ឱ្យ​យឺតយ៉ាវ​ដល់​ការងារ​ដែល​ជា​ប្រយោជន៍​ទូទៅ ពិសេស​ចំពោះ​ការ​កាន់កាប់​​ដី​ចំណី​ផ្លូវ​កំរិត​ទោស​នឹង​​ត្រូវ​កំណត់​ជា​ ទ្វេ។

ក្នុង​គ្រប់​ករណី​ បើ​ជនល្មើស​មិន​បញ្ឈប់​ការ​កាន់កាប់​របស់​ខ្លួន​ក្នុង​រយៈពេល​ដែល​បាន​កំណត់ ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​ទេ អាជ្ញាធរ​អាច​ដំណើរការ​បណ្ដាញ​ជនល្មើស​ចេញ។

ជំពូក​ទី ៣
អំពី​កម្មសិទ្ធិ​របស់​សមូហភាព

ផ្នែក​ទី ១ : អំពី​អចលនវត្ថុ​របស់​វត្ត

មាត្រា ២០ .-

អចលនវត្ថុ​ជា​ដី​និង​ជា​សំណង់​ដែល​មាន​នៅ​ក្នុង​​និង​ក្រៅ​បរិវេណ​វត្តអារាម ​នៃ​ព្រះពុទ្ធសាសនា​ជា​បេតិកភ័ណ្ឌ​ប្រើប្រាស់​ជានិច្ចកាល​សំរាប់​ ព្រះពុទ្ធសាសនា និង​ដាក់​ឱ្យពុទ្ធសាសនិក​ប្រើប្រាស់​ក្រោម​ការ​ថែទាំ​របស់​គណៈកម្មការ​វត្ត។

មាត្រា​ ២១.-

អចលនវត្ថុ​របស់​វត្ត​មិន​អាច​លក់ដូរ​ឬ​ធ្វើ​អំណោយ​ហើយ​គ្មាន​កំណត់​អាជ្ញាយុកាល​ឡើយ។

អចលនវត្ថុ​របស់​វត្ត​អាច​ជួល ឬ​ប្រវាស់​បាន តែ​ផល​ទុន​ដែល​បាន​មក​ពី​ការ​ជួលឬ​ប្រវាស់​នេះ​ត្រូវ​ទុក​សំរាប់​តែ​ កិច្ចការ​ក្នុង​សាសនា​ប៉ុណ្ណោះ។

កិច្ចការពារ​ទ្រព្យ​ទាំង​នេះ​ត្រូវ​ធានា​ដោយ​តំណាង​គណៈកម្មការ​វត្ត។ នីតិវិធី​នៃ​ការ​ជ្រើសរើស​គណៈកម្មការ​និង​តំណាង​ដើម្បី​ការពារ​ប្រយោជន៍​ វត្ត ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​ក្រសួង​ធម្មការ និង​សាសនា។

មាត្រា ២២ .-

ទីកន្លែង​សក្ការបូជា​និង​ទ្រព្យ​សម្បត្តិ​នៃ​ជំនឿ​សាសនា​ដទៃ​ទៀត​មិន​ស្ថិត​ នៅ​ក្រោម​របប​ដែល​មាន​បញ្ញត្តិ​ក្នុង​មាត្រា ២០ និង​មាត្រា ២១ នៃ​ច្បាប់​នេះ​ឡើយ។ ទ្រព្យ​ទាំង​នោះ​ត្រូវ​គ្រប់គ្រង​ដោយ​សមាគម​នៃ​សាសនិក​ដែល​បង្កើត​ឡើង​ទៅ​ តាម​បញ្ញត្តិ​នៃ​ច្បាប់។

ផ្នែក​ទី ២ : អំពី​អចលនវត្ថុ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច

មាត្រា ២៣ .-

សហគមន៍​ជនជាតិ​ដើម​ភាគតិច គឺ​ជា​ក្រុម​មនុស្ស​ដែល​រស់នៅ​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ សមាជិក​ទាំងអស់​បង្ហាញ​នូវ​ការ​ឯកភាព​នៃ​ជាតិ​ពន្ធុ សង្គម​វប្បធម៌ និង​សេដ្ឋកិច្ច​ប្រតិបត្តិ​របៀប​រស់​នៅ​តាម​ប្រពៃណី​និង​ដាំដុះ​លើ​ដី ដែល​ខ្លួន​កាន់កាប់​ទៅ​តាម​ក្បួនខ្នាត​ទំនៀមទំលាប់​នៃ​ការ​ប្រើប្រាស់​ជា​ សមូហភាព។

ក្នុង​ពេល​រង់​ចាំ​ការ​កំណត់​ខាង​ផ្លូវ​ច្បាប់​នូវ​លក្ខន្តិកៈ​របស់​សហគមន៍ ក្រុម​ដែល​មាន​ជាក់ស្ដែង​មកទល់​បច្ចុប្បន្ន​នេះ​នឹង​បន្ត​គ្រប់គ្រង​សហគមន៍​ និង​អចលនវត្ថុ​របស់​ខ្លួន​តាម​ប្រពៃណី ហើយ​ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា ២៤ .-

ចាត់​ទុក​ជា​សមាជិក​នៃ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​អាច​ទទួល​គុណប្រយោជន៍ ​ពី​ការ​ធានា​សិទ្ធិ​និង​ការ​ការពារ​ដែល​រៀបចំ​ឡើង​ដោយ​ច្បាប់​នេះ រាល់​បុគ្គល​ដែល​ឆ្លើយតប​ទៅ​នឹង​លក្ខណៈ​វិនិច្ឆ័យ​នៃ​ជាតិ​ពន្ធុ អំពី​វប្បធម៌​និង​សង្គម​របស់​សហគមន៍ ដែល​ទទួលស្គាល់​ដោយ​មតិ​ភាគ​ច្រើន​នៃ​សមាជិក​ដទៃ​ទៀត​និង​ដោយ​ព្រម​ទទួល​នូវ ​សាមគ្គីភាព​និង​ភាព​ចំណុះ​ដែល​នាំ​ឱ្យ​មាន​ការ​ចូលរួម​ក្នុង​សហគមន៍។

មាត្រា ២៥ .-

ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ដី​ទាំង​អស់​ដែល​សហគមន៍​បាន​រៀបចំ​និវេសនដ្ឋាន​និង​ប្រកប​របរ​កសិកម្ម​ប្រពៃណី។

ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​មិនមែន​មាន​តែ​ដី​ដែល​បាន​ដាំដុះ​ជាក់​ស្ដែង​ នោះ​ទេ ប៉ុន្តែ​មាន​ដី​បំរុង​ចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ​ថែមទៀត ដែល​តម្រូវ​ទៅ​តាម​របៀប​ទាញ​យក​ផល​ដែល​ធ្លាប់​ធ្វើ​កន្លង​មក ហើយ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ​រដ្ឋបាល។

ការ​វាស់វែង​និង​ការ​កំណត់​ព្រំប្រទល់​នៃ​អចលនវត្ថុ​របស់​សហគមន៍​ទាំង​នោះ​ ត្រូវ​កំណត់​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​ដូច​ដែល​បាន​អះអាង​ដោយ​សហគមន៍ ដោយ​មាន​ការ​ព្រមព្រៀង​ពី​អ្នក​ជិតខាង​និង​ដែល​បាន​កំណត់​តាម​នីតិវិធី​ ក្នុង​មាតិកា​ទី ៦ នៃ​ច្បាប់​នេះ​នឹង​អនុក្រឹត្យ​ពាក់ព័ន្ធ។

មាត្រា ២៦ .-

កម្មសិទ្ធិ​នៃ​អចលនវត្ថុ​ដែល​បាន​ចែង​ក្នុង​មាត្រា ២៥ ត្រូវ​បាន​ផ្ដល់​ដោយ​រដ្ឋ​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជា​កម្មសិទ្ធិ​ សមូហភាព។ កម្មសិទ្ធិ​សមូហភាព​រួម​មាន​រាល់​សិទ្ធិ និង​ការ​ការពារ​កម្មសិទ្ធិ​ដូច​កម្មសិទ្ធិ​ឯកជន​ដែរ។ ប៉ុន្តែ​សហគមន៍​នោះ​គ្មាន​សិទ្ធិ​ចាត់ចែង​នូវ​ចំណែក​ណា មួយ​នៃ​កម្ម​សិទ្ធិ​សមូហភាព​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ ទៅ​បុគ្គល ឬ​ក្រុម​ណាមួយ​បាន​ឡើយ។

ការ​អនុវត្ត​នូវ​សិទ្ធិ​ជា​កម្មសិទ្ធិ​ទាក់ទង​និង​អចលនវត្ថុ​របស់​សហគមន៍ និង​លក្ខខណ្ឌ​ជាក់លាក់​នៃ​ការ​ប្រើប្រាស់​ដី​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​ទទួល​ ខុស​ត្រូវ​របស់​អាជ្ញាធរ ប្រពៃណី និង​យន្តការ​នៃ​ការ​ធ្វើ​សេចក្ដី​សំរេច​របស់​សហគមន៍ អនុលោម​តាម​ទំនៀមទំលាប់​របស់​ពួកគេ ហើយ​ត្រូវ​ដាក់​ឱ្យ​នៅ​ក្រោម​ច្បាប់​នៃ​ការ​អនុវត្ត​ទូទៅ​ទាក់ទង​នឹង​អចលន​ វត្ថុ​ដូចជា ច្បាប់​ការពារ​បរិស្ថាន​ជាដើម។

បញ្ញត្តិ​នៃ​មាត្រា​នេះ​មិនមែន​ជា​ឧបស័គ្គ​ដល់​សកម្មភាព​ការងារ​របស់​រដ្ឋ​ ដែល​ជា​តម្រូវការ​នៃ​ផល​ប្រយោជន៍​ជាតិ ឬ​តម្រូវ​ការ​ជា​បន្ទាន់​របស់​ជាតិ​ឡើយ។

មាត្រា ២៧ .-

ដើម្បី​សម្រួល​ការ​វិវត្តន៍​វប្បធម៌ សេដ្ឋកិច្ច និង​សង្គម​នៃ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​និង​ដើម្បី​អនុញ្ញាត​ឱ្យ​ពួក ​គេ​បាន​ចេញ​ដោយ​សេរី​ពី​សហគមន៍​ឬ​រួចផុត​ពី​ការ​បង្ខិតបង្ខំ​សិទ្ធិ​នៃ​ កម្មសិទ្ធិ​ឯកត្តជន អាច​នឹង​ត្រូវ​ផ្ទេរ​ជា​ពិសេស​ឱ្យ​ពួកគេ​បាន​លើ​ចំណែក​សមស្រប​មួយ​នៃ​ដី​ដែល ​ប្រើ​ ដោយ​សហគមន៍ ប៉ុន្តែ​ចំណែក​នៃ​ដី​ដែល​ជា​កម្មវត្ថុ​នៃ​ការ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ នោះ មិន​អាច​ជា​ដី​ដែល​ចូល​ក្នុង​និយមន័យ​ទូទៅ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់ ​រដ្ឋ​ទេ។

មាត្រា ២៨ .-

គ្មាន​អាជ្ញាធរ​ណា​មួយ​ក្រៅពី​សហគមន៍ អាច​ទទួល​បាន​សិទ្ធិ​លើ​អចលនវត្ថុ​របស់​ជនជាតិ​ដើម​ភាគតិច​បាន​ឡើយ។

មាតិកា​ទី ២
អំពី​លទ្ធកម្ម​នៃ​កម្មសិទ្ធិ


ជំពូក​ទី ៤
អំពី​ការ​បង្កើត​ឡើង​វិញ​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ
តាម​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ

មាត្រា ២៩ .-

ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បង្កើត​ឡើងវិញ​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​នៅ​ កម្ពុជា​ក្រោយ​សម័យ​មាន​វិបត្តិ​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ដោយ​មិន​ចំណុះ​ទៅ​នឹង​វិធាន​ទូទៅ​នៃ​អាជ្ញាយុកាល​ស្ដីពី​កម្មសិទ្ធិ​លើ​ អចលនវត្ថុ ភោគៈ​នៃ​អចលនវត្ថុ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ចាប់​ពី​ឆ្នាំ​ ១៩៨៩​ អាច​បង្កើត​ជា​ពិសេស​នូវ​សិទ្ធិ​ភណ្ឌិក​លើ​អចលនវត្ថុនិង​នាំ​ទៅ​ដល់​ លទ្ធកម្ម​នៃ​កម្មសិទ្ធិ​ដោយ​អ្នក​កាន់​ទ្រព្យ​ក្នុង​លក្ខខណ្ឌ​ដែល​បាន​កំណត់ ​ដោយ​ច្បាប់​នេះ។

ការ​ចូល​កាន់កាប់​ភោគៈ​ត្រូវ​បញ្ចប់​ភោគៈ​ត្រូវ​បញ្ចប់​នៅ​ពេល​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន។

មាត្រា ៣០ .-

បុគ្គល​ទាំងឡាយ​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​ដោយ​សន្តិវិធី​និង​មិន​មាន​ការ​ ជំទាស់​ចាប់​ពី ៥(ប្រាំ) ឆ្នាំ យ៉ាង​តិច​គិត​មក​ដល់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​នេះ​លើ​ អចលនវត្ថុ​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ក្នុង​ការ​កាន់កាប់​ជា​ ឯកជន មាន​សិទ្ធិ​ស្នើសុំ​ប័ណ្ណ​កម្មសិទ្ធិ​ជា​ស្ថាពរ។

ក្នុង​ករណី​មាន​ការ​ជំទាស់​ដល់​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្ថាពរ​នេះ អ្នក​តវ៉ា​ត្រូវ​យក​ភស្តុតាង​មក​បញ្ជាក់​ថា ខ្លួន​ឯង​ផ្ទាល់​បាន​បំពេញ​លក្ខខណ្ឌ​នៃ​ភោគៈ​ដោយ​សន្តិវិធី និង​មិន​មាន​ការ​ជំទាស់​ចាប់​ពី​៥​(ប្រាំ)ឆ្នាំ នៅ​លើ​អចលនវត្ថុ​ដែល​មាន​ទំនាស់​ឬ​យក​ភស្តុតាង​ដែល​ថា​ខ្លួន​បាន​ទិញ​ អចលនវត្ថុ​នោះ​ពី​ភោគី​ដើម​ឬ​ពី​សិទ្ធិ​វន្ត​​ស្របច្បាប់​ឬ​អ្នក​ទទួល​ផ្ទេរ ​កម្មសិទ្ធិ​ឬ​ពី​សន្តតិ​ជន​របស់​ខ្លួន។

មាត្រា ៣១ .-

បុគ្គល​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​កន្លង​មក គិត​មក​ដល់​កាល​បរិច្ឆេទ​ដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន ប្រសិនបើ​បាន​បំពេញ​គ្រប់គ្រាន់​នូវ​លក្ខខណ្ឌ​ទាំងឡាយ​ក្នុង​ការ​ក្លាយ​ទៅ​ ជា​កម្មសិទ្ធិករ អាច​ត្រូវ​បាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឱ្យ​បន្ថែម​រយៈពេល​ កាន់កាប់​ភោគៈ​របស់​ខ្លួន​រហូត​គ្រប់​រយៈពេល​ស្របច្បាប់ ៥ (ឆ្នាំ) និង​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្ថាពរ។ ការ​អនុញ្ញាត​ឱ្យ​បន្ត​រយៈពេល​មិន​អាច​ត្រូវ​បាន​បដិសេធ​ដោយ​អាជ្ញាធរ​មាន​ សមត្ថកិច្ច​ឡើយ ប្រសិន​បើ​ភោគៈ​បាន​មក​ដោយ​សន្តិវិធី​និង​មិន​មាន​ការ​ជំទាស់។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​បដិសេធ​ដោយ​រំលោភ​នូវ​ការ​អនុញ្ញាត​ឱ្យ​បន្ត​រយៈពេល​ត្រូវ​ទទួល​ខុសត្រូវ​ខ្លួន​ចំពោះ​មុខ​ច្បាប់។

ការ​ទទួល​ស្គាល់​ដោយ​រំលោភ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច នូវ​ភោគៈ​ដែល​មិន​បំពេញ​លក្ខខណ្ឌ​នៃ​ច្បាប់ ត្រូវ​ចាត់​ទុកជាមោឃៈ​និង​គ្មាន​អានុភាព។ អាជ្ញាធរ​ដែល​បាន​ទទួល​ស្គាល់​ដោយ​រំលោភ​នេះ ត្រូវ​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ខ្លួន​ចំពោះ​មុខ​ច្បាប់។

មាត្រា​ ៣២.-

អចលនវត្ថុ​ទាំងឡាយ​ដែល​មិន​អាច​ក្លាយ​ជា​កម្មសិទ្ធិ​នៃ​អ្នក​កាន់កាប់​ស្រប​ តាម​ច្បាប់​នេះ​ក្នុង​ករណី​ភោគី​បំពេញ​មិន​បាន​នូវ​លក្ខខណ្ឌ​នៃ​ច្បាប់ ដោយ​ហេតុ​មកពី​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​ជា​ភោគី​កេងបន្លំ​ឬ​ដោយ​ឥរិយាបថ​ របស់​​ខ្លួន​ជា​ភោគី​ដែល​លួចលាក់​នឹង​ច្បាប់​ឬ​ដែល​មិន​ចេញ​មុខ​ឬ​ជា​ភោគី​ ដោយ​ប្រើ​ហឹង្សា។ អចលនវត្ថុ​នោះ​ត្រូវ​ទុក​ជា​សម្បត្តិ​រដ្ឋ ហើយ​មិន​អាច​ឱ្យ​ជន​ណា​ចូល​កាន់កាប់​ភោគី​ថ្មីសំរាប់​លទ្ធកម្ម​នៃ​ កម្មសិទ្ធិ​ក្នុង​លក្ខខណ្ឌ​នៃ​ជំពូក​នេះ​បាន​ឡើយ។

មាត្រា ៣៣ .-

ក្នុង​ករណី​មាន​ការ​ដកហូត​អចលនវត្ថុ​ដោយ​ហឹង្សា​ឬ​ដោយ​ប្រើ​អំណាច​រំលោភ​ របស់​អាជ្ញាធរ អចលនវត្ថុ​នោះ​ត្រូវ​បាន​បង្វិល​មក​រដ្ឋ​វិញ ហើយ​មិន​អាច​ជា​កម្មវត្ថុ​នៃ​ការ​កាន់កាប់​ថ្មី​បាន​ឡើយ ប្រសិនបើ​គ្មាន​ពាក្យ​បណ្ដឹង​ទាមទារ​ពី​ភោគី​ស្រប​ច្បាប់​នៃ​អចលនវត្ថុ​ដែល​ ​ត្រូវ​បាន​ដកហូត។ បណ្ដឹង​ទាមទារ​នេះ​មាន​រយៈពេល ៣ (បី) ឆ្នាំ ចាប់​ពី​ថ្ងៃ​ដែល​រដ្ឋ​ប្រកាស​ដកហូត។

មាត្រា​ ៣៤.-

អ្នក​កាន់កាប់​ថ្មី​លើ​អចលនវត្ថុ​ របស់​នីតិ​បុគ្គល​សាធារណៈ​ឬ​របស់​​បុគ្គល​ឯកជន​ដោយ​គ្មាន​ប័ណ្ណ​ ក្រោយ​ច្បាប់​នេះ​ចូល​ជាធរមាន​ត្រូវ​ចាត់​ទុក​ជា​អ្នក​កាន់កាប់​ដោយ​ខុស​ ច្បាប់​ ហើយ​ត្រូវ​​ទទួល​ទោស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ២៥៩​ នៃ​ច្បាប់​នេះ។

មាត្រា ៣៥ .-

មាន​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​នាម​​រដ្ឋ និង​នីតិបុគ្គល​សាធារណៈ​ប៉ុណ្ណោះ​ដែល​អាច​ឱ្យ​អ្នក​កាន់កាប់​អចលនវត្ថុ​ គ្មាន​ប័ណ្ណ​ឬ​មាន​ប័ណ្ណ​មិន​គ្រប់គ្រាន់​ចាកចេញ​ពី​ទីតាំង​អចលនវត្ថុ​នោះ។

សាមញ្ញជន ឬ​អាជ្ញាធរ​ដែល​មិន​តាងនាម​រដ្ឋ​ឬ​នីតិបុគ្គល​សាធារណៈ​គ្មាន​សមត្ថកិច្ច​ដេញ ​អ្នក​កាន់កាប់​ដោយ​សន្តិភាព មាន​ប័ណ្ណ​ត្រឹមត្រូវ​ដោយ​ប្រើ​កម្លាំង​បាន​ឡើយ។ ការ​ដេញ​អាច​ធ្វើ​បាន​តែ​តាម​ការ​បង្គាប់​របស់​តុលាការ យោង​តាម​បណ្ដឹង​របស់​បុគ្គល​ដែល​បាន​ប្ដឹង​ទាមទារ​ទ្រព្យ។

តុលាការ​ត្រូវ​ពិនិត្យ​បញ្ជាក់​រូបភាព ប្រភព កាល​បរិច្ឆេទ និង​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ប័ណ្ណ​ដែល​បាន​បង្ហាញ។ តុលាការ​មិន​អាច​ប្រកែក​ក្នុង​ការ​បង្គាប់​ឱ្យ​ចាកចេញ​ដើម្បី​ជា​ប្រយោជន៍​ ដល់​បុគ្គល​ដែល​បង្ហាញ​ប័ណ្ណ​ត្រឹមត្រូវ​និង​ពេញលេញ​របស់​សុរិយោដី​បាន​ឡើយ។

មាត្រា ៣៦ .-

បើ​វិធានការ​បណ្ដេញ​ចេញ បង្គាប់​ដោយ​តុលាការ​អាច​បណ្ដាល​ឱ្យ​មាន​ភាព​វឹកវរ​ឬ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ​ដល់​សង្គម អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​សុំ​ព្យួរ​ការ​អនុវត្តន៍​ជា​បណ្ដោះអាសន្ន​បាន។

មាត្រា ៣៧ .-

លទ្ធកម្ម​នៃ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ដោយ​ភោគៈ​អាច​សម្រេច​បាន ចំពោះ​តែ​គុណ​ប្រយោជន៍​ដល់​បុគ្គល​ដែល​បាន​កាន់កាប់​អចលនវត្ថុ ស្រប​តាម​លក្ខខណ្ឌ​នៃ​ច្បាប់​នេះ។ លទ្ធកម្ម​​នេះ​មិន​អាច​ជា​គុណប្រយោជន៍​ដល់​ភោគី​កេងបន្លំ​ឡើយ។

មាត្រា ៣៨ .-

ដើម្បី​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​លើ​អចលនវត្ថុ​បាន​ លុះត្រាតែ​ភោគៈ​នោះ​ត្រូវ​បាន​កាន់កាប់​ដោយ​ពិតប្រាកដ គ្មាន​ហឹង្សា ដឹងឮ​ជា​សាធារណៈ គ្មាន​អាក់ខាន​និង​ដោយ​សុចរិត។

ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​ពិត​ប្រាកដ​គឺថា ភោគី​ទោះ​កាន់កាប់​ដោយ​ខ្លួនឯង​ក្ដី ឱ្យ​អ្នកដទៃ​ធ្វើ​ឱ្យ​ក្ដី​ត្រូវ​កាន់កាប់​ឱ្យ​ឃើញ​ថា ការ​នោះ​ប្រាកដ​ជា​ធ្វើ​ដើម្បី​ខ្លួន​ក្នុង​គោលដៅ​ខ្លួន​ជា​ភោគី​យ៉ាង​ ផ្ដាច់​មុខ កុំ​ឱ្យ​ឃើញ​ថា​ការ​ដែល​ធ្វើ​នោះ​គឺ​ធ្វើ​​​​ដោយសារ​សិទ្ធិ​ណាមួយ​ផ្សេង​ ទៅវិញ។ ប្រសិនបើ​ភោគី​ពិតប្រាកដ​មិន​ចេញ​មុខ នៅ​ពី​ក្រោយ​ភោគី​មិន​ពិត​ប្រាកដ​ ភោគី​នោះ​មិន​អាច​ទាមទារ​ប័ណ្ណ​ភោគៈ​ដើម្បី​ធ្វើ​លទ្ធកម្ម​ទៅ​ជា​កម្មសិទ្ធិ ​បាន​ឡើយ។ ភោគៈ​នោះ​ត្រូវ​ចាត់​ទុក​ជា​មោឃៈ។

ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​គ្មាន​ហិង្សា​គឺ​ថា ភោគៈ​ដែល​បាន​មក​ដោយ​ហិង្សា​មិន​ទុក​ជា​ភោគៈ​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ។ ក៏ប៉ុន្តែ បើ​កាល​ណា​គេ​ប្រើ​ហិង្សា​ក្នុង​ពេល​មាន​តតិយជន​ឥត​សិទ្ធិ​សោះ​មក​ដណ្ដើម​ នោះ ហិង្សា​នេះ​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ភោគៈ​ដែល​គេ​បាន​ដោយ​សន្តិភាព​តាំង​ពី ​ដើម​មក​នោះ​ទេ។

ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​ដឹងឮ​ជា​សាធារណៈ​គឺថា ភោគី​ត្រូវ​កាន់កាប់​ដោយ​ឥត​លាក់​បិទបាំង​អ្នក​ទាំង​ពួង​ដែល​ចង់​តវ៉ា​អំពី​ សិទ្ធិ​របស់​ខ្លួន​លើ​វត្ថុ​នោះ​នឹង​បាន​ដឹងឮ​ឃើញ​មិន​ខាន។

ភោគី​ត្រូវ​កាន់កាប់​អចលនវត្ថុ​ដោយ​​គ្មាន​អាក់​ខាន​គឺថា​ភោគី​ត្រូវ​ធ្វើ​ នូវ​កិច្ចការ​ផង​ទាំងពួង​តាម​ធម្មតា​ជា​ប្រក្រតី​ក្នុង​រយៈពេល​ចាំបាច់​នៃ​ ការ​ទាម​ទារ​លទ្ធកម្ម​កម្មសិទ្ធិ។ ការ​អាក់ខាន​ក្នុង​រយៈពេល​ខ្លី​ឬ​បោះបង់​ទុក​ឱ្យ​​នៅ​ទំនេរ​ដើម្បី​ឱ្យ​មាន​ ជីជាតិ​ឡើងវិញ​មិនមែន​ជា​ឧបសគ្គ​ដល់​លទ្ធកម្ម​កម្មសិទ្ធិ​នោះ​ទេ។

ភោគី​ត្រូវ​កាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត​គឺថា ភោគី​មិន​ដឹង​ពី​សិទ្ធិ​ជា​យថាហេតុ​របស់​តតិយជន​លើ​វត្ថុ​ដែល​ខ្លួន​កំពុង​ កាន់កាប់​នោះ​សោះ។

មាត្រា ៣៩ .-

ក្នុង​ការ​រង់ចាំ​ដើម្បី​ឱ្យ​បាន​ទៅ​ជា​កម្មសិទ្ធិ​ពេញលេញ ភោគៈ​ដែល​ស្រប​តាម​បញ្ញត្តិ​នៃ​ច្បាប់​នេះ​បង្កើត​បាន​ជា​កម្មសិទ្ធិ​ភណ្ឌិក ​លើ​អចលនវត្ថុ។ ភោគៈ​នេះ​អាច​ជា​កម្មវត្ថុ​នៃ​ការ​ផ្លាស់ប្ដូរ ផ្ទេរ​សិទ្ធិ​ឬ​ជា​កម្មវត្ថុ​នៃ​​កិច្ចការ​ជំនួញ។

មាត្រា ៤០ .-

ក្នុង​ការ​រង់​ចាំ​ការ​រៀបចំ​ឡើងវិញ​នូវ​ប្លង់​សុរិយោដី​និង​សៀវភៅ​គោល​ បញ្ជី​ដី អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​បន្ត​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ អចលនវត្ថុ​ចំពោះភោគៈ​ដែល​មាន​កន្លង​មក មុន​ច្បាប់​នេះ​ចូល​ជា​ធរមាន។

ប័ណ្ណ​សំគាល់​សិទ្ធិ​នេះ​ជា​វត្ថុ​តាង​នៃ​សិទ្ធិ​កាន់កាប់ ប៉ុន្តែ​មិនមែន​ជា​ប័ណ្ណ​នៃ​កម្មសិទ្ធិ​ទេ ហើយ​ក៏​មិនមែន​ជា​លិខិត​ដែល​តវ៉ា​មិន​បាន​នោះ​ដែរ។

ប័ណ្ណ​សំគាល់​សិទ្ធិ​នេះ អាច​នឹង​បង្កើត​បានជា​ប័ណ្ណ​ស្ថាពរ​នៃ​កម្មសិទ្ធិ​ដែល​មាន​លក្ខណៈ មិន​អាច​តវ៉ា​បាន ​លុះត្រាតែ​គ្មាន​ការ​ជំទាស់​នៅ​ពេល​បង្កើត​សៀវភៅ​គោល​បញ្ជី​ដី។

ក្នុង​ករណី​មាន​ការ​ជំទាស់​ទាមទារ ​ការ​កំណត់​ថា​នរណា​ជា​ភោគី​ស្របច្បាប់​នៃ​អចលនវត្ថុ​នោះ ត្រូវ​ផ្អែកលើ​ការ​ស៊ើបអង្កេត​បន្ថែម​នូវ​រាល់​ភស្តុតាង​ដែល​ពាក់ព័ន្ធ​ទាំង ​អស់។ ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​គឺជា​ភស្តុតាង​មួយ​ប៉ុន្តែ​មិន​អាច ​កំណត់​តែ​ឯក​ឯង​បាន​ទេ។

មាត្រា ៤១ .-

ត្រូវ​ហាមឃាត់​ការ​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដែល​មិន​អាច​យក​ធ្វើជា​របស់​ឯកជន​បាន ឬ​ដែល​មិន​បាន​កាន់កាប់​តាម​លក្ខខណ្ឌ​ស្របច្បាប់។

មាត្រា ៤២ .-

បុគ្គល​ទាំងឡាយ​ដែល​មិនបាន​ចុះបញ្ជី​ភោគៈ​ស្របច្បាប់​របស់​ខ្លួន ដោយ​ហេតុ​មិន​បាន​ដឹង​ឬ​ដោយ​ធ្វេសប្រហែស អ្នក​នោះ​នៅ​តែ​មាន​សិទ្ធិ​ត្រូវ​បាន​ការពារ​អំណាច​នៃ​មាត្រា ២៩ មាត្រា ៣០ និង​មាត្រា ៣១ នៃ​ច្បាប់​នេះ។

មាត្រា ៤៣ .-

ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ជា​កម្មវត្ថុ​នៃលទ្ធកម្ម​​កម្មសិទ្ធិ​បាន​ឡើយ ទោះ​​ក្នុង​ករណី​ណា​ក៏ដោយ។

ស្ថានភាព​នៃ​អ្នក​កាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​តែ​មិន​ ទៀងទាត់ និង​ខុសច្បាប់​ដដែល ប្រសិន​ជា​ស្ថានភាព​នោះ​មិន​កើត​ចេញ​ពី​ការ​អនុញ្ញាត​តាម​បែបផែន​ដែល​បាន​ កំណត់​ដោយ​ច្បាប់​ទេ​នោះ។

បុគ្គល​កាន់កាប់​ខុស​ច្បាប់​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ជា​បន្ទាន់ ហើយ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដែល​បាន​កំណត់​ក្នុង​មាត្រា ២៥៩ នៃ​ច្បាប់​នេះ។

បុគ្គល​កាន់កាប់​ខុសច្បាប់​គ្មាន​សិទ្ធិ​ទាមទារ​សំណង​សំរាប់​ចំណាយ​លើ​ ការងារ និង​ការ​កែលំអ​ដែល​ខ្លួន​បាន​ធ្វើ​នៅ​លើ​អចលនវត្ថុ​នោះ​ឡើយ។

មាត្រា ៤៤ .-

ប័ណ្ណ​ឬ​ឯកសារ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ជា​ទ្រព្យ​សម្បត្តិ​ សាធារណៈ​របស់​រដ្ឋ​ឬ​របស់​នីតិបុគ្គល​សាធារណៈ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មាន​ សមត្ថកិច្ច​ឱ្យ​ដល់​បុគ្គល​ឯកជន ត្រូវ​ទុកជា​មោឃៈ​និងគ្មាន​តម្លៃ​គតិយុត្ត។

ភ្នាក់ងារ​ដែល​ចេញ​ប័ណ្ណ ឬ​ឯកសារ​សំគាល់​សិទ្ធិ​កាន់កាប់​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទាំង​ខាង​ស៊ីវិល​និង​ព្រហ្មទណ្ឌ។

អាជ្ញាធរ​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ការ​រំលោភ​ខុស​ច្បាប់​តាម​របៀប​នេះ ដែល​ខ្លួន​បាន​ដឹង​​ចាត់​ទុក​ជា​អ្នក​រួម​គំនិត ហើយ​ត្រូវ​ទទួល​ទោស​ដូច​គ្នា​នឹង​ចារី​ដែរ។

មាត្រា ៤៥ .-

ក្នុង​ករណី​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​​ព្រម​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ ​កាន់កាប់​អចលនវត្ថុ​អ្នក​កាន់កាប់​អចលនវត្ថុ​នោះ​អាច​ធ្វើ​ពាក្យ​ប្ដឹង​ទៅ​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ សំណង់។

មាត្រា ៤៦ .-

ការ​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ដោយ​អាជ្ញាធរ​មាន​ សមត្ថកិច្ច ឱ្យ​បុគ្គល​ក្រៅពី​ភោគី​ពិត​ប្រាកដ​ដដែល​បាន​កាន់កាប់​អចលនវត្ថុ គឺជា​បទល្មើស​ដែល​​ត្រូវ​ទទួល​​ទោស​តាម​បញ្ញត្តិ​នៃ​មាត្រា​ ២៦១ នៃ​ច្បាប់​នេះ។

មាត្រា ៤៧ .-

វិវាទ​រវាង​ភោគី​ចំពោះ​អចលនវត្ថុ​មួយ នឹង​ត្រូវ​ដាក់​ឱ្យ​ធ្វើការ​ស៊ើបអង្កេត​និង​ដោះស្រាយ​តាម​នីតិវិធី​ដែល​បាន​ កំណត់។ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ត្រូវ​ដាក់​ជូន​គណៈកម្មការ​សុរិយោដី​ដែល​បង្កើត​ ឡើង​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីកម្ម និង​ សំណង់។ គណៈកម្មការ​នេះ​ត្រូវ​ធ្វើ​សេចក្ដី​សំរេច​លើ​បដិវាទកម្ម​នោះ។ ក្នុង​ករណី​មិន​សុខ​ចិត្ត​គូវិវាទ អាច​ប្ដឹង​ទៅ​តុលាការ​បាន។ ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​នេះ​ ត្រូវ​កំណត់ ដោយ​អនុក្រឹត្យ។

ជំពូក​ទី ៥
អំពី​សម្បទាន​ដី​

មាត្រា ៤៨ .-

សម្បទាន​ដី​ជា​សិទ្ធិ​ស្របច្បាប់​ដែល​បាន​ចែង​ក្នុង​ឯកសារ​គតិយុត្ត​ចេញ​ដោយ ​អាជ្ញាធរ​មាន​សមត្ថកិច្ច តាម​អំណាច​ឆន្ទានុសិទ្ធិ​ឱ្យ​រូបវន្តបុគ្គល​ឬ​នីតិ​បុគ្គល​ឬ​​ក្រុម​មនុស្ស​ ដើម្បី​កាន់កាប់​ដី​និង​ប្រើប្រាស់​សិទ្ធិ​លើ​ដី​នោះ​តាម​ការ​កំណត់​នៃ​ ច្បាប់​នេះ។

មាត្រា ៤៩ .-

សម្បទាន​ដី​ត្រូវ​ឆ្លើយតប​ទៅ​នឹង​ប្រយោជន៍​សង្គម​ឬ​ទៅ​នឹង​ប្រយោជន៍​សេដ្ឋកិច្ច។

សម្បទាន​ដី​ឆ្លើយតប​ទៅ​នឹង​ប្រយោជន៍​សង្គម អនុញ្ញាត​ឱ្យ​អ្នក​ទទួល​ប្រយោជន៍​រៀបចំ​ដី​ដើម្បី​សង់​លំ​នៅ​ឋាន ឬ/និង​ដាំដំណាំ​នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ដើម្បី​ធានា​ការ​ ចិញ្ចឹម​ជីវិត។

សម្បទាន​ដី​ឆ្លើយតប​ទៅ​នឹង​ប្រយោជន៍​សេដ្ឋកិច្ច អនុញ្ញាត​ឱ្យ​អ្នក​ទទួល​ប្រយោជន៍​កាប់ឆ្ការ ទាញ​យក​​ផល​ដោយ​ធ្វើ​អាជីវកម្ម​កសិឧស្សាហកម្ម​លើ​ដី​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា។

មាត្រា ៥០ .-

សម្បទាន​អាច​មាន​រូបភាព​ផ្សេងទៀត​ដូចជា​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ រៀបចំ​ឬ​ធ្វើ​អាជីវកម្ម​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ទោះ​ជា​ភ្ជាប់​ឬ​មិន​ភ្ជាប់​ទៅ​នឹង​ការ​បំពេញ​សេវា​សាធារណៈ​ក៏ដោយ​មាន​ជា​ អាទិ៍ សម្បទាន​រ៉ែ សម្បទាន​កំពង់ផែ សម្បទាន​ព្រលានយន្ដហោះ សម្បទាន​រៀបចំ​តំបន់​ឧស្សាហកម្ម សម្បទាន​នេសាទ។ សម្បទាន​ទាំងនេះ​មិន​ឋិតនៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ទេ។

មាត្រា ៥១ .-

សម្បទាន​ដី​មិន​អាច​ប្រគល់​ឱ្យ​ដោយ​ឥត​គិត​ថ្លៃ​ទេ លើក​លែង​តែ​សម្បទាន​ឆ្លើយ​តប​ទៅ​នឹង​ប្រយោជន៍​សង្គម​ដែល​ប្រគល់​ឱ្យ​គ្រួសារ ​ក្រីក្រ​សំរាប់​តាំង​ទីលំនៅ ឬ/និង​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត។

មាត្រា ៥២ .-

សម្បទាន​ដី​អាច​បង្កើត​បាន​តែ​សិទ្ធិ​ក្នុង​រយៈពេល​មួយ​ជា​កំណត់​តាម​កិច្ច​ សន្យា​ដែល​បាន​បង្កើត​សម្បទាន​នោះ​ស្រប​តាម​​បញ្ញត្តិ​នៃ​ច្បាប់​នេះ។

សម្បទាន​ដី​មិន​អាច​ឈាន​ដល់​ការ​បង្កើត​នូវ​សិទ្ធិ​ជា​កម្មសិទ្ធិ​លើ​ដី​ដែល ​បាន​ផ្ដល់​ជាសម្បទាន​ជា​ប្រយោជន៍​ដល់​សាមីជន​នោះ​ទេ លើកលែង​តែ​ចំពោះ​សម្បទាន​ដែល​ឆ្លើយតប​ទៅ​នឹង​ប្រយោជន៍​សង្គម។

មាត្រា ៥៣ .-

សម្បទាន​ដី​មិន​អាច​កើត​ចេញ​ពី​ស្ថានភាព​កាន់កាប់​ដី​ជាក់​ស្ដែង​បាន​ទេ។ សម្បទាន​ដី​ត្រូវ​សំអាង​លើ​លិខិត​គតិយុត្ត​ជាក់លាក់​ដែល​បាន​ចេញ​មុន​ការ​ កាន់កាប់​ដី​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គឺ​រដ្ឋ​ឬ​សមូហភាព​ដែនដី​សាធារណៈ ឬ​គ្រឹះស្ថាន​សាធារណៈ​ដែល​ជា​កម្មសិទ្ធិករ​នៃ​ដី​ដែល​ត្រូវ​បាន​ផ្ដល់​ជា​ សម្បទាន។ សម្បទាន​ត្រូវ​តែ​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់។

មាត្រា ៥៤ .-

សម្បទាន​ដី​ត្រូវ​មាន​លក្ខខណ្ឌ។ សម្បទាន​ត្រូវ​តែ​អនុលោម​ទៅ​តាម​បទប្បញ្ញត្តិ​នៃច្បាប់​នេះ​ដែល​ជា​សណ្ដាប់ធ្នាប់​សាធារណៈ។

លិខិត​សម្បទាន​អាច​មាន​ខ​ដោយ​ឡែក​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ជា​កិច្ចសន្យា។

មាត្រា ៥៥ .-

សម្បទាន​ដី​ត្រូវ​បាន​ដកហូត​វិញ​ដោយ​សេចក្ដី​សំរេច​ខាង​រដ្ឋបាល ក្នុង​ករណី​លក្ខខណ្ឌ​ច្បាប់​មិន​ត្រូវ​​បាន​គោរព។ ករណី​នេះ​សម្បទានិក​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​តាម​នីតិវិធី​ដែល​ច្បាប់​ បាន​កំណត់។

សម្បទាន​ដី​អាច​ត្រូវ​បាន​ទុក​ជា​​មោឃៈ​ដោយ​តុលាការ កាល​បើ​សម្បទានិក​មិន​គោរព​ខ​ដោយ​ឡែក​ដែល​មាន​ចែង​ក្នុង​កិច្ចសន្យា។

មាត្រា ៥៦ .-

សិទ្ធិ​របស់​សម្បទានិក​លើ​ដី​ដែល​​បាន​ផ្ដល់​ជា​សម្បទាន​ក្នុង​អំឡុង​ពេល​នៃ ​សម្បទាន គឺជា​សិទ្ធិ​ដែល​ទទួល​ស្គាល់​ដូច​ជា​កម្មសិទ្ធិករ លើកលែង​តែ​​ការ​ផ្ទេរ​សិទ្ធិ។ សម្បទានិក​មាន​សិទ្ធិ​ជា​ពិសេស​ក្នុង​ការ​ការពារ​ស្ថានភាព​របស់​ខ្លួន​ដោយ​ អាជ្ញាធរ​មាន​សមត្ថកិច្ច។

សម្បទានិក​អាច​ការ​ពារ​ដី​ដែល​បាន​ផ្ដល់​ជា​សម្បទាន​ឱ្យ​ខ្លួន​ចំពោះ​ការ​ទន្ទ្រាន ឬ​ការ​ប៉ះពាល់​ទោះ​ជា​តាម​រូបភាព​ណា​ក៏ដោយ។

សម្បទានិក​អាច​ទាញ​យក​នូវ​ផលិតផល​ពី​ដី​របស់​ខ្លួន​ធ្វើការ​រៀប​ចំ​ដាំដុះ​ ស្របតាម​គោល​បំណង​នៃ​សម្បទាន។ សម្បទានិក​មិន​អាច​កែប្រែ​គោល​បំណង​នៃ​សម្បទាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ រចនាសម្ព័ន្ធ​ធម្មជាតិ​និង​ធ្វើ​អាជីវកម្ម​ដែល​មាន​លក្ខណៈ​ជា​ការ​បំផ្លាញ​ នៅ​ចុង​បញ្ចប់​នៃ​សម្បទាន​បាន​ឡើយ។

មាត្រា ៥៧ .-

ការ​ផ្ទេរ​ដី​សម្បទាន​មិន​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្ទេរ​សិទ្ធិ​បាន​ឡើយ។ ការ​ផ្ទេរ​ដី​សម្បទាន អាច​កើត​ឡើង​តែ​តាម​រយៈ​ការ​បង្កើត​កិច្ចសន្យា​ថ្មី​នៃ​សម្បទាន​ដោយ​ អាជ្ញាធរ​មានសមត្ថកិច្ច ជា​គុណប្រយោជន៍​ដល់​អ្នក​ទទួល​សិទ្ធិ​សម្បទាន​ថ្មី។

ក្នុង​ករណី​ដែល​សម្បទានិក​ទទួល​មរណភាព ទាយាទ​ទាំងឡាយ​របស់​ខ្មោច​ប្រសិន​ជា​មាន​បំណង អាច​នឹង​បន្ត​ប្រើប្រាស់​សិទ្ធិ​ទាំង​នោះ​ក្នុង​រយៈពេល​សម្បទាន​ដែល​នៅ​សល់។

មាត្រា ៥៨ .-

សម្បទាន​ដី​អាច​ធ្វើ​ឡើង​បាន​តែ​នៅ​លើ​ដី​ដែល​ជា​ចំណែក​នៃ​ទ្រព្យសម្បត្តិ​ ឯកជន របស់​រដ្ឋ។ សម្បទាន​ដី​មិន​អាច​ប៉ះពាល់​ផ្លូវ​គមនាគមន៍ ដី​ចំណី​ផ្លូវ​និង​ដី​ចាំបាច់​សំរាប់​ថែទាំ​ក៏​ដូចជា​ផ្លូវ​ទឹក ត្រពាំង បឹង និង​ដែន​ទឹក​បំរុង​ដែល​មាន​ប្រយោជន៍​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ។

មាត្រា ៥៩ .-

សម្បទាន​ដី​​មាន​ទំហំ​ច្រើន​បំផុត​ត្រឹម​តែ ១០.០០០ (មួយ​ម៉ឺន​​ហិកតា) ហិកតា។

សម្បទាន​ដី​ដែល​សំរេច​ហើយ​ ហើយ​មាន​ទំហំ​លើស​ពី​ទំហំ​កំណត់​ខាង​លើ​ ជា​កម្មវត្ថុ​នៃ​ការ​កាត់​បន្ថយ។ ប៉ុន្តែ​ប្រសិន​បើ​ការ​កាត់​បន្ថយ​នេះ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ អាជីវកម្ម​ដែល​កំពុង​មាន​ដំណើរការ សម្បទានិក​អាច​នឹង​ទទួល​បាន​ការ​លើកលែង​ជាពិសេស។ នីតិវិធី​នៃ​ការ​កាត់​បន្ថយ​និង​ការ​លើក​លែង​ជាពិសេស​ត្រូវ​កំណត់​ដោយ​ អនុក្រឹត្យ។

ត្រូវ​បាន​ហាមឃាត់​ការ​ចេញ​លិខិត​សម្បទាន​ដី​ច្រើន​កន្លែង​ឱ្យ​បុគ្គល​តែ​ ម្នាក់ ឬ​ឱ្យ​នីតិបុគ្គល​ច្រើន តែ​គ្រប់គ្រង​ដោយ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ដដែលៗ ដែល​មាន​ទំហំ​សរុប​ធំជាង​ទំហំ​ដែល​បាន​កំណត់​នៅ​វាក្យ​ខ័ណ្ឌ​ខាង​លើ។

មាត្រា ៦០ .-

នីតិវិធី​នៃ​ការ​ផ្ដល់​សម្បទាន​ដី​សម្រាប់​ការ​សង់​លំនៅឋាន​និង​សម្បទាន​ដី​ កសិកម្ម​សំរាប់​ការ​ចិញ្ចឹម​ជីវិត​ឬ​អាជីវកម្ម​កសិឧស្សាហកម្ម​ត្រូវ​កំណត់​ ដោយ​អនុក្រឹត្យ។

មាត្រា ៦១ .-

រយៈពេល​នៃ​សម្បទាន​ដី​ត្រូវ​កំណត់ ៩៩ (កៅសិប​ប្រាំបួន) ឆ្នាំ យ៉ាង​ច្រើន។

មាត្រា ៦២ .-

រាល់​សម្បទាន​ដី​សំរាប់​ដាំដំណាំ​ឧស្សាហកម្ម ត្រូវ​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​១២​ (ដប់ពីរ) ខែ បន្ទាប់​ពី​ការ​ផ្ដល់​សម្បទាន បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ទុកជាមោឃៈ។

ការ​ខកខាន​ធ្វើ​អាជីវកម្ម​រយៈពេល​លើស​ពី ១២ (ដប់ពីរ) ខែ នាំ​ឱ្យ​មាន​មោឃភាព​សម្បទាន​ប្រសិនបើ​ការ​ខកខាន​នោះ​ពុំ​មាន​មូលហេតុ​ ត្រឹមត្រូវ។

រាល់​សម្បទាន​ដី​ដែល​បាន​ផ្ដល់​ឱ្យ​មុន​ច្បាប់​នេះ​ចូល​ជាធរមាន ហើយ​មិន​បាន​ធ្វើ​អាជីវកម្ម​ចាប់ពី ១២ (ដប់ពីរ) ខែ ឡើង​ទៅ គិត​ពី​ថ្ងៃ​ដែល​ច្បាប់​នេះ​ចូល​ជាធរមាន ត្រូវ​ទុក​ជា​មោឃៈ​ប្រសិនបើ​ការ​ខកខាន​មិន​បាន​ធ្វើ​អាជីវកម្ម​នោះ​ពុំ​មាន​ មូលហេតុ​ត្រឹមត្រូវ។

រាល់​ការ​​មិន​បាន​បំពេញ​កិច្ច​តាម​សៀវភៅបន្ទុក​ដោយ​សម្បទានិក​ នាំ​ឱ្យ​មាន​ការ​ដកហូត​សម្បទា។ ក្នុង​ករណី​នៃ​ការ​ដកហូត​សម្បទាន​ ទោះជា​មាន​មូល​ហេតុ​អ្វី​ក៏ដោយ​សម្បទានិក​គ្មាន​សិទ្ធិ​ទារ​សំណង​នៃ​ការ​ ខូចខាត​ណា​មួយ​ឡើយ។

ជំពូក​ទី ៦
អំពី​របៀប​លទ្ធកម្ម​នៃ​កម្មសិទ្ធិ

មាត្រា ៦៣ .-

ការ​ផ្ទេរ​កម្មសិទ្ធិ​អចលនវត្ថុ​រវាង​បុគ្គល​ឯកជន​តាម​រយៈ​ការ​លក់ ការ​ដូរ ការ​​ធ្វើ​អំណោយ​ឬ​តាមរយៈ​សន្តតិកម្ម​ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​នៃ​ ច្បាប់។

ផ្នែក​ទី ១ : អំពី​លទ្ធកម្ម​ដោយ​ការ​លក់​អចលនវត្ថុ

មាត្រា ៦៤ .-

ការ​លក់​អចលនវត្ថុ​គឺ​ជា​កិច្ចសន្យា​ដែល​អនុញ្ញាត​ឱ្យ​ផ្ទេរ​សិទ្ធិ​ជា​ កម្មសិទ្ធិ​នៃ​អចលនវត្ថុ​ពី​អ្នក​លក់​ឱ្យ​អ្នក​ទិញ ដោយ​អ្នកទិញ​ត្រូវ​បង់​ប្រាក់​ថ្លៃ​អចលនវត្ថុ​នោះ​ទៅ​ឱ្យ​អ្នក​លក់។

មាត្រា ៦៥ .-

ការ​ផ្ទេរ​កម្មសិទ្ធិ​មិន​អាច​ជំទាស់​ពី​តតិយជន​បាន លុះត្រាតែ​កិច្ចសន្យា​លក់​អចលនវត្ថុ​ត្រូវ​បាន​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ​តាម ​ទម្រង់​លិខិត​យ​ថា​ភូត​​ធ្វើ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហើយ​ត្រូវ​បាន​ ចុះបញ្ជី​នៅ​អង្គភាព​សុរិយោដី។

កិច្ចសន្យា​លក់​តែឯកឯង មិន​អាច​ចាត់​​ទុក​ជា​ការ​ផ្ទេរ​កម្មសិទ្ធិ​ទ្រព្យ​នោះ​ពេញ​លក្ខណៈ​ច្បាប់​បាន​ឡើយ។

មាត្រា ៦៦ .-

បុគ្គល​ដែល​មាន​សញ្ជាតិ​ខ្មែរ និង​មាន​សមត្ថភាព​ចុះ​កិច្ចសន្យា​អាច​លក់ ឬ​ទិញ​ទ្រព្យ​ជា​អចលនវត្ថុ​បាន។

បុគ្គល​ដែល​មិន​អាច​លក់​បាន​គឺ:

- បុគ្គល​ដែល​មិនមែន​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ដែល​ត្រូវ​លក់

- កម្មសិទ្ធិករ​​នៃ​ទ្រព្យ​អវិភាគ​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​កម្មសិទ្ធិករ​អវិភាគ​ផ្សេង​ទៀត

- បុគ្គល​ដែល​មាន​អចលនវត្ថុ​ជា​កម្មវត្ថុ​នៃ​ការ​រឹបអូស។

បុគ្គល​ដែល​មិន​អាច​ទិញ​បាន​គឺ:

- អាណាព្យាបាល​មិន​អាច​ទិញ​ទ្រព្យ​របស់​បាលិត​ខ្លួន

- ហិតូបត្ថម្ភកៈ​មិន​អាច​ទិញ​ទ្រព្យ​ដែល​ខ្លួន​គ្រប់គ្រង

- ចៅក្រម ឬ​ភ្នាក់ងារ​រដ្ឋបាល​មិន​អាច​ទិញ​ទ្រព្យ​ដែល​យុត្តាធិការ​របស់​ខ្លួន ឬ​ដែល​ខ្លួន​មាន​បេសកកម្ម​លក់

- បុគ្គល​ដែល​មាន​ទ្រព្យ​ត្រូវ​រឹប​អូស​មិន​អាច​ទិញ​ទ្រព្យ​នោះ​វិញ​បាន​ទេ។

មាត្រា ៦៧ .-

ការ​លក់​រវាង​សហព័ទ្ធ​ត្រូវ​ទុក​ជា​មោឃៈ។

មាត្រា ៦៨ .-

អ្នក​លក់​ត្រូវ​​ធានា​ជាមួយ​អ្នក​ទិញ ក្នុង​កិច្ចសន្យា ចំពោះ​អចលនវត្ថុ​ដែល​កល់​នូវ​រាល់​វិការៈ​អាថ៌កំបាំង​សំខាន់ៗ បើ​ពុំ​នោះ​ទេ​នាំ​ឱ្យ​មាន​កតិកា​ភេទ​នៃ​ការ​លក់។

មាត្រា ៦៩ .-

ការ​ផ្ទេរ​កម្មសិទ្ធិ​ត្រូវ​ចាត់​ទុក​ជា​បាន​សម្រេច ចាប់ពី​ពេល​ដែល​បាន​ចុះ​បញ្ជី​កិច្ចសន្យា​នោះ​នៅ អង្គភាព​សុរិយោដី។ ថ្លៃ​លក់​ត្រូវ​តែ​ចុះ​ក្នុង​កិច្ចសន្យា​លក់ បើ​មិន​ដូច្នោះ​ទេ​កិច្ចសន្យាលក់​នោះ​ត្រូវ​ទុក​ជា​មោឃៈ។

កិច្ចសន្យាលក់​អចលនវត្ថុ​នឹង​អាច​ចុះបញ្ជី​បាន លុះត្រាតែ​ភាគី​ទាំង​អស់​បាន​បង្ហាញ​ភស្តុតាង​ថា​រាល់​ពន្ធដារ​លើ​ទ្រព្យ​ នោះ​ត្រូវ​បាន​បង់​រួច។

ផ្នែក​ទី ២ : អំពី​លទ្ធកម្ម​ដោយ​ការ​ដូរ​អចលនវត្ថុ

មាត្រា​ ៧០.-

ការ​ដូរ​អចលនវត្ថុ គឺជា​កិច្ចសន្យា​ដែល​ភាគី​ទាំង​សងខាង​ព្រមព្រៀង​ឱ្យ​អចលនវត្ថុ​គ្នា​ទៅវិញទៅមក។

ការ​ដូរ​អចលនវត្ថុ​អនុញ្ញាត​ឱ្យ​ផ្ទេរ​កម្មសិទ្ធិ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​បាន។

ការ​ដូរ​នេះ​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​គ្នា​នឹង​ការ​លក់​ដែរ។

ផ្នែក​ទី ៣ : អំពី​លទ្ធកម្ម​ដោយ​សន្តតិកម្ម

មាត្រា ៧១ .-

អាច​ផ្ទេរ​តាម​រយៈ​សន្តតិកម្ម​ឥត​បណ្ដាំ សន្តតិកម្ម​មាន​បណ្ដាំ​ឬ​អច្ចយទាន​នូវ:

- ទ្រព្យ​ជា​អចលនវត្ថុ​ដែល​ប័ណ្ណ​កម្មសិទ្ធិ​ត្រូវ​បាន​រៀប​ចំ​ជា​ស្ថាពរ​ស្រប​តា​ម​បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​នេះ

- ភោគៈ​ទាំងឡាយ​ស្រប​តាម​ច្បាប់​ដោយ​យោង​ទៅ​លើ​ប័ណ្ណ​ឬ​ឯកសារ​គតិយុត្ត ឬ​ភស្តុតាង​ផ្សេងៗ​ទៀត

- រាល់​អវយវ​ភេទ​នៃ​កម្មសិទ្ធិ​និង​រាល់​សិទ្ធិ​ភណ្ឌិក​អចលនវត្ថុ។

មាត្រា ៧២ .-

ក្នុង​ករណី​សន្តតិកម្ម ការ​គិត​រយៈពេល​ចាំបាច់​នៃ​ការ​កាន់កាប់​អចលនវត្ថុ​សំរាប់​លទ្ធកម្ម​​ កម្មសិទ្ធិ​ពេញលេញ​ដូច​ដែល​​បាន​បញ្ញត្តិ​ក្នុង​មាត្រា ៣០ និង​មាត្រា ៣១​ នៃ​ច្បាប់ នេះ​ត្រូវ​រាប់​ចាប់​ពី​ពេល​ដែល​ខ្មោច​បាន​ចូល​កាន់កាប់​ទ្រព្យ​នោះ។

មាត្រា ៧៣ .-

ទ្រព្យ​ជា​អចលនវត្ថុ​ដែល​គ្រាន់​តែ​កាន់កាប់​ដោយ​ជាក់ស្ដែង​ ហើយ​មិន​ទាន់​បាន​ចុះបញ្ជី​ឬ​បញ្ជាក់​ដោយ​លិខិត​រដ្ឋបាល ប៉ុន្តែ​ត្រូវ​បាន​កាន់កាប់​ស្រប​តាម​លក្ខខណ្ឌ​នៃ​ច្បាប់ ក៏​អាច​ជា​កម្មវត្ថុ​នៃ​ការ​ផ្ទេរ​តាម​សន្តតិកម្ម​បាន​ដែរ។

មាត្រា ៧៤ .-

ក្នុង​ករណី​ទ្រព្យ​កាន់កាប់​គ្មាន​ប័ណ្ណ​ត្រូវ​បាន​ផ្ទេរ​តាម​រយៈ​ សន្តតិកម្ម ទាយាទ​ដែល​ជា​អ្នក​កាន់កាប់​ថ្មី​អាច​បន្ត​ចាត់ចែង​ទ្រព្យ​នោះ​និង​ទទួល​បាន ​នូវ​កិច្ចការពារ ដោយ​ហេតុ​ថា​ស្ថានភាព​របស់​ខ្លួន​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​នៃ​ច្បាប់។

ក្នុង​ករណី​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ឬ​ជន​ណា​ក៏ដោយ​មិន​អាច​យក​លេស​ពី​ស្ថានភាព​នៃ​ការ​ កាន់កាប់​ជាក់ស្ដែង​របស់​ខ្មោច​​ឬ​យកលេស​ពី​ការ​ខ្វះ​នូវ​ការ​ជំរះ​មរតក​ ត្រឹមត្រូវ ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​នៃ​ទាយាទ​និង​ជាពិសេស​ដើម្បី​បដិសេធ​ការ​ ទទួល​ស្គាល់ ឬ​មិន​បញ្ជាក់​ការ​កាន់កាប់​របស់​គេ​បាន​ឡើយ។

មាត្រា ៧៥ .-

កាល​បើ​អចលនវត្ថុ​ជា​មរតក​ប្រើប្រាស់​សំរាប់​ជា​លំនៅ​ឋាន​នៃ​គ្រួសារ​របស់​ ខ្មោច​ឬ​ដី​ប្រើប្រាស់​សំរាប់​ការ​ផ្គត់ផ្គង់​ជីវភាព​ដោយ​​ផ្ទាល់ ទាយាទ​មិន​អាច​សុំ​បែងចែក​ឬ​សម្រេច​លក់​ទ្រព្យ​នោះ​ទេ លើកលែង​មាន​ការ​យល់​ព្រម​ដោយ​ច្បាស់​ពី​សហទាយាទ​ទាំង​អស់។ ក្នុង​ករណី​មាន​ការ​ជំទាស់​អំពី​ការ​បែងចែក​មរតក សហទាយាទ​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​សុំ​ឱ្យ​ដោះស្រាយ​ទំនាស់​នេះ។

ការ​លក់​ចំណែក​សិទ្ធិ​របស់​សហទាយាទ​ណា​ម្នាក់​ត្រូវ​ទុក​ជា​មោឃៈ ប្រសិន​បើ​គ្មាន​ការ​យល់ព្រម​ច្បាស់លាស់​ពី​សហទាយាទ​ទាំងអស់។ ម៉្យាងទៀត​ចំពោះ​សហទាយាទ​ដែល​បាន​លក់​ចំណែក​សិទ្ធិ​របស់​ខ្លួន​នេះ​ត្រូវ​ បាត់​បង់​សិទ្ធិ​នៃ​សន្តតិកម្ម​លើ​ទ្រព្យ​ដែល​បាន​លក់។ សហទាយាទ​ណា​ម្នាក់​ដែល​បាន​បំពាន​ការ​ហាម​លក់​មរតក​នេះ ត្រូវ​ទទួល​ខុសត្រូវ​តែ​ម្នាក់ឯង​លើ​អំពើ​របស់​ខ្លួន​ចំពោះ​អ្នកទិញ។

មាត្រា ៧៦ .-

ទាយាទ​ទាំងឡាយ​ដែល​មិន​អាច​បន្ត​និរន្តរភាព​នៃ​ការ​កាន់កាប់​ទ្រព្យ​ជា​មរតក ​បាន ដោយ​ជាក់ស្ដែង​ឬ​ដោយ​គតិយុត្ត​ឬ​មិន​ចង់​ទទួល​បន្ទុក​ដោយ​ខ្លួន​ឯង អាច​ធ្វើការ​ផ្ទេរ ដោយ​ប្រគល់​សិទ្ធិ​ឱ្យ​តតិយជន​បាន។

មាត្រា ៧៧ .-

បើ​អ្នក​ទទួល​សម្បទាន​ដី​ឆ្លើយ​តប​ទៅ​នឹង​ប្រយោជន៍​សេដ្ឋកិច្ច​មិនមែន​ជា​ ក្រុមហ៊ុន ហើយ​មាន​ប័ណ្ណ​អចលនវត្ថុ​កាន់កាប់​ដោយ​រូបវន្តបុគ្គល​ម្នាក់​ដែល​ទទួល​ មរណភាព សម្បទាន​នោះ​មិន​អាច​ជា​កម្មវត្ថុ​នៃ​​ការ​បែងចែក​ដោយ​គ្មាន​ការយល់​ព្រម​ពី ​អាជ្ញាធរ​រដ្ឋបាល ដែល​បាន​ផ្ដល់​សម្បទាន​បាន​ឡើយ។

មាត្រា ៧៨ .-

ទ្រព្យ​ទាំងឡាយ​ដែល​កម្មសិទ្ធិករ​ស្លាប់​ដោយ​គ្មាន​បន្សល់​ទុក​នូវ​ទាយាទ ឬ​អច្ចយលាភី​ត្រូវ​ត្រឡប់​មក​ជា​របស់​រដ្ឋ ហើយ​ត្រូវ​បញ្ចូល​ក្នុង​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ។

មាត្រា ៧៩ .-

ការចាត់ចែង​មរតក​ត្រូវ​ស្ថិតនៅ​ក្រោម​វិធាន​ទាំងឡាយ​នៃ​ទំលាប់​ប្រពៃណី​ ក្នុង​រឿង​នេះ​ក្នុង​ពេល​រង់ចាំ​ការ​ប្រកាស​ឱ្យ​ប្រើ​ក្រម​រដ្ឋប្បវេណី​ ថ្មី។

ផ្នែក​ទី ៤ : អំពី​លទ្ធកម្ម​ដោយ​ប្រទានកម្ម

មាត្រា ៨០ .-

ប្រទានកម្ម​គឺ​ជា​កិច្ចសន្យា​ដែល​ជន​ម្នាក់​ហៅថា​អ្នក​អោយ ឬ​ទាយក​​ផ្ទេរ​នូវ​កម្មសិទ្ធិ​នៃ​ទ្រព្យ​របស់​ខ្លួន​ឱ្យ​ទៅ​ជន​ម្នាក់​ទៀត​ ហៅថា​អ្នក​ទទួល ឬ​បដិគ្គាហក​ដែល​ព្រម​ទួល​យក​ទ្រព្យ​នោះ។

មាត្រា ៨១ .-

ប្រទានកម្ម​អចលនវត្ថុ​មិន​អាច​ត្រូវ​បាន​ជំទាស់​ពី​តតិយជន​បាន លុះ​ត្រាតែ​ប្រទាន​កម្ម​នោះ​ត្រូវ​បាន​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ​តាម​ទម្រង់​ លិខិត​យ​ថា​ភូត ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​អង្គភាព​សុរិយោដី។

មាត្រា ៨២ .-

អចលនវត្ថុ​អាច​ជា​កម្មវត្ថុ​នៃ​ប្រទាន​កម្ម​រវាង​អ្នក​នៅ​រស់​ឬ​ប្រទានកម្ម​ ដោយ​ហេតុ​មរណៈ​ឬ​អច្ចយទាន។ ប្រសិន​បើ​ជា​ប្រទានកម្ម​ទៅ​វិញ​ទៅ​មក ប្រតិបត្តិការ​នេះ​បង្កើត​បាន​ជា​ការ​ប្ដូរ។

មាត្រា ៨៣ .-

រដ្ឋ​អាច​ធ្វើអំណោយ​ជា​អចលនវត្ថុ​ចំពោះ​តែ​រូបវន្តបុគ្គល​ដោយ​ហេតុ​ផល​ សង្គមកិច្ច ដើម្បី​ឱ្យ​ស្នាក់នៅ​ឬ​ដាំដំណាំ​ចិញ្ចឹម​ជីវិត។ តម្លៃ​អចលនវត្ថុ​ដែល​ផ្ដល់​ឱ្យ​ត្រូវ​បាន​កំណត់​សមស្រប​ទៅ​នឹង​គោល​ដៅ​ណាមួយ ​ដែល​ចង់​បាន​និង​មិន​អនុញ្ញាត​ឱ្យ​កេង​យក​កំរៃ​ឬ​ធ្វើ​មាន​បាន​មិន​ស្រប​ទៅ ​នឹង​កំរិត​ជីវភាព​សង្គម​នៃ​អ្នកទទួល។

ប្រទានកម្ម​ដែល​រដ្ឋ​បាន​ធ្វើ​ពី​មុន​មក​ហើយ​មិន​អាច​សើរើ​បាន​ឡើយ។

មាត្រា ៨៤ .-

ប្រទានកម្ម​ជា​អចលនវត្ថុ​មិន​អាច​ដកហូត​មក​វិញ​បាន​ឡើយ នៅ​ពេល​ដែល​មាន​ការ​ព្រម​ទទួល​ហើយ​នោះ។ ប្រទានកម្ម​នេះ​អាច​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ​កម្ម​សិទ្ធិ​បាន​ភ្លាម។ ប៉ុន្តែ​ទា​យក​អាច​រក្សាទុក​​សំរាប់​ខ្លួន​នូវ​សិទ្ធិ​ផលុបភោគ​នៃ​ទ្រព្យ សិទ្ធិ​ប្រើ​ប្រាស់​និង​អាស្រ័យ​នៅ​នៃ​អចលនវត្ថុ​ដែល​ត្រូវ​ចែង​ក្នុង​កិច្ច ​សន្យា​និង​ត្រូវ​ចុះបញ្ជី​នៅ​អង្គភាព​សុរិយោដី។

មាតិកា​ទី ៣
អំពី​របប​កម្មសិទ្ធិ​ឯកជន
ជំពូក​ទី ៧
អំពី​សិទ្ធិ​និងកាតព្វកិច្ច​នៃ​កម្មសិទ្ធិករ
ផ្នែក​ទី ១ : អំពី​ការ​អាស្រ័យផល​នៃ​កម្មសិទ្ធិ

មាត្រា ៨៥ .-

កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​មាន​សិទ្ធិ​ប្រើប្រាស់ អាស្រ័យ​ផល​និង​ចាត់ចែង​ទ្រព្យ​របស់​ខ្លួន​ផ្ដាច់​មុខ​និង​ទូលំទូលាយ កុំ​ឱ្យ​តែ​យក​ទ្រព្យ​នោះ​ទៅ​ប្រើប្រាស់​ក្នុង​បទ​ណាមួយ​ដែល​ច្បាប់​បាន​ ហាមឃាត់។

មាត្រា ៨៦ .-

កម្មសិទ្ធិករ​នៃ​ទ្រព្យ​មិន​អាច​ប្រើប្រាស់​​ទ្រព្យ​នោះ​ក្នុង​គោល​ដៅ​ ព្យាបាទ​​ឬ​រំខាន​ដល់​តតិយជន​និង​ជា​ពិសេស​ដល់​អ្នក​ជិតខាង​របស់​ខ្លួន​បាន​ ឡើយ។

ការ​ប្រើប្រាស់​ទ្រព្យ​ជា​ធម្មតា​ដែល​មាន​ចរិត​ធម្មានុរូប​មិន​អាច​ចាត់​ទុក ​ជា​ការ​រំខាន​ ដែល​បណ្ដាល​ឱ្យ​រាំង​ស្ទះ​ដល់​ការ​ប្រើប្រាស់​ទ្រព្យ​នោះ​បាន​ឡើយ។

មាត្រា ៨៧ .-

កម្មសិទ្ធិករ​នៃ​ដី​អាច​ធ្វើ​នៅ​លើ​ដី រាល់​ការ​ដាំដុះ ការ​រៀបចំ និង​ការសាងសង់​តាម​បំណង​របស់​ខ្លួន​លើកលែង​តែ​មាន​ច្បាប់​ហាមឃាត់។ ការរៀបចំ​ឬ​ការ​សាងសង់​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ទាំង​អស់​ស្រប​ តាម​បញ្ញត្តិ​នៃ​ផ្នែក​ទី ៣ នៃ​ជំពូក​នេះ។

មាត្រា ៨៨ .-

កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​អាច​រៀបចំ​ឬកែប្រែ​បាន​ដោយ​សេរី​នូវ​ ប្រភេទ​និង​រចនាសម្ព័ន្ធ​ដើម​នៃ​ទ្រព្យ​របស់​ខ្លួន ស្រប​តាម​ការ​ប្រើប្រាស់​ដែល​ខ្លួន​ចង់​ធ្វើ​តាម​ការ​កំណត់​នៃ​ច្បាប់។

មាត្រា ៨៩ .-

ចាត់​ទុក​ជា​ការ​កែប្រែ​ប្រភេទ​ឬ​រចនាសម្ព័ន្ធ​ដើម​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​ ក្នុង​ន័យ​នៃ​ច្បាប់​នេះ​មាន​ជា​អាទិ៍ ការ​គាស់​រាន​ដី ការ​កាប់​ព្រៃឈើ កា​រ​ដាំ​ដំណាំ​លើ​ដី​នោះ ការ​ចាក់​បំពេញ​ដី ការ​ឈូស​ពង្រាប​ភ្នំ ការ​ជីក​រុករក ការ​ជីក​យក​ដី​ចេញ ការ​ជីក​អណ្ដូង​រ៉ែ​ឬ​កន្លែង​យក​ថ្ម ការ​រៀបចំ​ឬ​ការ​ធ្វើ​ឱ្យ​ស្ងួត​ដែន​​វារី​ជាតិ​ ការ​រៀបចំ​ដី​កសិកម្ម​ទៅ​​ជា​ទី​ប្រជុំ​ជន ការ​បង្កើត​តំបន់​ឧស្សាហកម្ម​និង​ការ​បង្កើត​ទីតាំង​រោងចក្រ។

មាត្រា ៩០ .-

កម្មសិទ្ធិ​ករ​នៃ​ផ្ទៃ​ដី​គឺ​ជា​កម្មសិទ្ធិករ​នៃ​ផ្នែក​ក្រោម​ដី​ និង​រាល់​អ្វីៗ​ដែល​ទាញ​យក​ផល​បាន កុំ​ឱ្យ​តែ​ផ្ទុយ​នឹង​បញ្ញត្តិនៃ​មាត្រា ៨៨ និង​មាត្រា ៨៩ នៃ​ច្បាប់​នេះ។ ព្រំប្រទល់​នៃ​ផ្នែក​ខាង​ក្រោម​ដី​ត្រូវ​បាន​កំណត់​តាម​បន្ទាត់​ឈរ​នៃ​ផ្ទៃ​ រាប​ខាង​លើ។

ប៉ុន្តែ​កម្មសិទ្ធិករ​មិន​អាច​ទាមទារ​យក​ជា​កម្មសិទ្ធិ​នូវ​បដិមាករ ចម្លាក់​ក្រឡោត​ឬ​បុរាណ​វត្ថុ​គ្រប់​ប្រភេទ​ដែល​បាន​រក​ឃើញ។ ស្នាដៃ​ទាំង​នេះ​ជា​ចំណែក​នៃ​បេតិកភណ្ឌ​ជាតិ ហើយ​ត្រូវ​តែ​ប្រគល់​ឱ្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ។

មាត្រា ៩១ .-

កម្មសិទ្ធិករ​នៃ​ផ្ទៃ​ដី​ក៏​ជា​កម្មសិទ្ធិករ​នៃ​លំហអាកាស​និង​វត្ថុ​ធាតុ​ អចិន្ត្រៃយ៍​ដែល​ស្ថិត​ចំ​ពីលើ​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន លើកលែង​តែ​បណ្ដាញ​ខ្សែ​អគ្គិសនី​និង​ទូរគមនាគមន៍​ដែល​ត្រូវ​អនុវត្ត​តាម​ ច្បាប់​ដោយឡែក។ ជាពិសេស កម្មសិទ្ធិករ​អាច​កាប់​មែក​ឈើ​អ្នក​ជិតខាង​ដែល​លយ​ចូល​មក​លើ​​កម្មសិទ្ធិ​ របស់​ខ្លួន​ឬ​បេះ​យក​ផល​ផ្លែឈើ​នោះ​បាន។

ប៉ុន្តែ​កម្មសិទ្ធិ​ករ​មិន​អាច​ហាមឃាត់​ការ​ហោះហើរ​ដោយ​អាកាសយាន​គ្រប់​ប្រភេទ​បាន​ឡើយ។

មាត្រា ៩២ .-

កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​អាច​បង្កើត​បាន​ជា​ប្រាតិភោគ​នៃ​ កិច្ចសន្យា ស្របតាម​បញ្ញត្តិ​ដែល​បាន​កំណត់​ក្នុង​មាតិកា​ទី ៥ នៃ​ច្បាប់​នេះ។

មាត្រា ៩៣ .-

កម្មសិទ្ធិករ​នៃ​ទ្រព្យ​អាច​ចាត់ចែង​ផលិតផល​និង​ការ​កើន​ឡើង​តាម​ធម្មជាតិ​ឬ ​តាម​សិប្បនិម្មិត​ដែល​ផ្សំ​គ្នា​ឬ​ដែល​ជាប់​ជា​មួយ​នឹង​ទ្រព្យ​នោះ​តាម​ វិធាន​ដែល​បាន​កំណត់​ក្នុង​ផ្នែក​ទី​២ និង​ទី​៣​នៃ​ជំពូក​នេះ។

ផ្នែក​ទី ២ : អំពី​ឧបាគមន៍​ផលិតផល​និង​ផល​ទុន​នៃ​កម្មសិទ្ធិ

មាត្រា ៩៤ .-

កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​មាន​សិទ្ធិ​ទទួល​ផល​គ្រប់​បែប​យ៉ាង​ពី ​ទ្រព្យ​នោះ​មាន​ផល​ធម្មជាតិ​និង​ផល​ស៊ីវិល​តាម​សិទ្ធិ​ឧបាគមន៍។

ផល​ធម្មជាតិ​ផល​ដែល​កើត​ពី​ដី​ដោយ​ឯកឯង ឬ​ដោយ​អំពើ​របស់​មនុស្ស។

ផល​ស៊ីវិល​គឺ​ផល​ទុន ធនលាភ​និង​ការ​ប្រាក់។

មាត្រា ៩៥ .-

ផល​ដែល​កើត​ចេញ​ពី​ដំណាំ​លើ​ទ្រព្យ​ជា​ដី​របស់​កម្មសិទ្ធិករ​នៃ​ទ្រព្យ​នេះ លុះ​ត្រាតែ​កម្មសិទ្ធិករ​នោះ​បាន​សង​តម្លៃ​នៃ​ការ​ភ្ជួរ​រាស់ ពលកម្ម​និង​ពូជ​ដែល​បាន​ធ្វើ​ជា​យថាហេតុ​ដោយ​តតិយជន។

ផ្នែក​ទី ៣ : អំពី​ការ​កើន​នៃ​កម្មសិទ្ធិ


អនុ​ផ្នែក​ទី​ ១ : អំពី​ការ​កើន​ដោយ​អំពើ​របស់​មនុស្ស

មាត្រា ៩៦ .-

សំណង់ ដំណាំ​និង​ការ្យ​ទាំងឡាយ​ដែល​បាន​ធ្វើ​នៅ​លើ​ដី​ឬ​នៅ​ក្រោម​ដី ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ធ្វើ​ដោយ​កម្មសិទ្ធិករ ដោយ​សោហ៊ុយ​ផ្ទាល់​ខ្លួន​ហើយ​ជា​របស់​កម្មសិទ្ធិករ​នោះ​លើកលែងតែ​មាន​ ភស្តុតាង​ផ្ទុយពី​នេះ។

មាត្រា ៩៧ .-

កម្មសិទ្ធិករ​នៃ​ដី​ដែល​បាន​ធ្វើការ​សាងសង់ ដាំដុះ ឬ​រៀបចំ​ដោយ​ប្រើ​សម្ភារៈ​ដែល​មិនមែន​ជា​របស់​ខ្លួន​ត្រូវ​ចេញ​ថ្លៃ​សម្ភារៈ ​ទាំង​​នោះ​ឱ្យ​ម្ចាស់​គេ​វិញ។ កម្មសិទ្ធិករ​នោះ​អាច​ត្រូវ​ផ្ដន្ទាទោស​ឱ្យ​សង​ជម្ងឺចិត្ត​ផង​ដែរ ប្រសិន​ជា​មាន ប៉ុន្តែ​ម្ចាស់​សម្ភារៈ​គ្មាន​សិទ្ធិ​ដក​យក​សម្ភារៈ​នោះ​ចេញ​ឡើយ។

មាត្រា ៩៨ .-

កាល​បើ​ដំណាំ សំណង់​និង​ការ​រៀបចំ​ទាំងឡាយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បំពាន​ពី​តតិយជន​និង​ ដោយ​សម្ភារៈ​របស់​ខ្លួន កម្មសិទ្ធិករ​នៃ​ដី​មាន​សិទ្ធិ​រក្សា​ទុក​របស់​នោះ​ឬ​បង្ខំ​ឱ្យ​តតិយជន​នោះ​ ដក​យក​ចេញ​បាន។

ប្រសិន​ជា​កម្ម​សិទ្ធិករ​នៃ​ដី​សុំ​ដក​យក​ចេញ​នូវ​ដំណាំ​និង​សំណង់​ដែល​បាន​ ធ្វើ​ដោយ​បំពាន​សោហ៊ុយ​នៃ​ការ​ដក​ចេញ​ជា​បន្ទុក​របស់​តតិយជន ហើយ​គ្មាន​សំណង​ណាមួយ​សំរាប់​អ្នក​នោះ​ទេ។ តតិយជន​នោះ​ក៏​អាច​ត្រូវ​ផ្ដន្ទាទោស​ឱ្យ​សង​ជម្ងឺចិត្ត​ផង​ដែរ ប្រសិនបើ​មាន​ព្យសនកម្ម​ជាយថាហេតុ​ដល់​កម្មសិទ្ធិករ​នៃ​ដី​។ ប្រសិន​បើ​កម្មសិទ្ធិករ​ចង់​រក្សាទុក​ដំណាំ​និង​ការ្យ​ទាំង​នោះ កម្មសិទ្ធិករ​នោះ​ត្រូវ​សង​ថ្លៃ​សម្ភារៈ​និង​ថ្លៃ​ការងារ​ដោយ​មិន​គិត​ដល់​ តម្លៃ​លើស តិច​ឬ​ច្រើន ដែល​ដី​អាច​នឹង​កើន​តម្លៃ​នោះ​ទេ។

ចំពោះ​ដំណាំ សំណង់​ឬ​ការ្យ​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​ដោយ​តតិយជន​ដោយ​សុចរិត​ដូច​មាន​ចែង​ ក្នុង​មាត្រា​ ៣៨ នៃ​ច្បាប់​នេះ កម្មសិទ្ធិករ​មិន​អាច​សុំ​ដក​យក​ចេញ​នូវ​ការ្យ ដំណាំ​ឬ​ការ​រៀបចំ​​ទាំង​នោះ​បាន​ឡើយ។ កម្មសិទ្ធិករ​មាន​ជំរើស​ពីរ ឬ​មួយ​សង​ថ្លៃ​សម្ភារៈ​និង​ថ្លៃ​ពលកម្ម ឬ​មួយ​សង​ជា​ទឹក​ប្រាក់​ស្មើ​នឹង​តម្លៃ​លើស​ដែល​ដី​បាន​កើន​តម្លៃ​ក៏​បាន។

អនុ​ផ្នែក​ទី​ ២ : អំពី​ការ​កើន​ដោយ​ធម្មជាតិ

មាត្រា ៩៩ .-

ដី​ដុះ​ដែល​កើន​ឡើង​ជា​បន្តបន្ទាប់ បន្តិចម្ដងៗ​លើ​ដី​ជាប់​មាត់​ទន្លេ​ឬ​ស្ទឹង ព្រែក​ហៅ​ថា​ល្បាប់។

ល្បាប់​ត្រូវ​បាន​ជា​ប្រយោជន៍​ដល់​កម្មសិទ្ធិករ​ដែល​មាន​ដី​ជាប់​មាត់​ទឹក​ ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន​ឬ​មិន​បាន។ ក្នុង​ករណី​នាវា​ឬ​ក្បូន​ចេញចូល​បាន​ បណ្ដែត​បាន កម្មសិទ្ធិករ​ត្រូវ​ទុក​ផ្លូវ​សំរាប់​ទាញ​ពួរ​នាវា​ស្រប​ទៅ​តាម​បទបញ្ជា​ ទាំងឡាយ។

មាត្រា ១០០ .-

ចំពោះ​ដី​ដែល​កើន​ឡើង​ដោយ​សារ​ចរន្ត​ទឹក​ហូរ​នាំ​ល្បាប់​បន្តិចម្ដងៗ​មើល​ មិន​ដឹង​ពី​ច្រាំង​ម្ខាង​ទៅ​គរ​នៅ​ច្រាំង​ម្ខាង​ទៀត ជាប់​ជាមួយ​នឹង​ដី​អ្នក​ផ្សេង កម្មសិទ្ធិករ​នៃ​ដី​ដែល​ជាប់​នឹង​ដី​ដុះ​នោះ​ទទួល​​បាន​គុណ​ប្រយោជន៍​នៃ​ ល្បាប់​នេះ ដោយ​មិន​អាច​ឱ្យ​មាន​ដី​នៅ​ច្រាំង​ម្ខាង​ដែល​បាត់​ដី​មក​តវ៉ា​យក​ដី​ដែល​ បាត់​នោះ​បាន​ឡើយ។

មាត្រា ១០១ .-

ប្រសិន​ជា​ទន្លេ​ឬ​ស្ទឹង ព្រែក​ ដែល​នាវា​ចេញចូល​បាន​ឬ​មិនបាន​នាំ​យក​ចេញ​ដោយ​កម្លាំង​ទឹក​ជំនន់​ភ្លាមៗ​នូវ ​ចំណែក​ដី​ដ៏​ធំ​និង​អាច​ស្គាល់​បាន ពី​ច្រាំង​ម្ខាង​ទៅ​ភ្ជាប់​នឹង​ដី​ខាង​ក្រោម​ខ្សែ​ទឹក ឬ នឹង​ច្រាំង​ម្ខាង​ទៀត កម្មសិទ្ធិករ​នៃ​ដី​ដែល​បាក់​​ចេញ​អាច​តវ៉ា​យក​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ វិញ​បាន តែ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទារ​ក្នុង​រយៈពេល​យ៉ាង​យូរ ១ (មួយ) ឆ្នាំ គិត​ពី​ថ្ងៃ​កើតឡើង​នូវ​ព្រឹត្តិការណ៍​នោះ បើ​ហួស​រយៈពេល​នេះ បណ្ដឹង​ទាមទារ​មិន​ត្រូវ​បាន​ទទួល​យក​មក​ដោះ​ស្រាយ​ឡើយ លើកលែង​តែ​កម្មសិទ្ធិករ​នៃ​ដី​ដែល​មាន​ដី​បាក់​ទៅ​ភ្ជាប់​នោះ​មិន​ទាន់​បាន​ កាន់កាប់​នៅ​ឡើយ។

មាត្រា ១០២ .-

កោះ​ធំ កោះ​តូច​និង​ដី​ដុះ​ទាំង​ឡាយ​ដែល​នឹង​កកើត​ថ្មី​ក្នុង​ផ្ទៃ​ទន្លេ ឬ​ស្ទឹង ព្រែក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន ជា​របស់​រដ្ឋ។

មាត្រា ១០៣ .-

កោះធំ កោះតូច​និង​ដី​ដុះ​ទាំងឡាយ​ដែល​នឹង​កកើត​ថ្មី​ក្នុងស្ទឹង ព្រែក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​មិន​បាន បណ្ដែត​មិន​បាន ត្រូវ​បាន​កម្មសិទ្ធិករ​នៃ​ដី​ជាប់​ច្រាំង​ដែល​មាន កោះ ឬ​ដី​ដុះ​នោះ។ ប្រសិន​បើ​ការ​ដុះ​នោះ​មិន​បាន​ដុះ​ជ្រុល​ទៅ​ច្រាំង​ម្ខាង​ទេ​នោះ ត្រូវ​បាន​ទៅ​កម្មសិទ្ធិករ​ដែល​មាន​ដី​ជាប់​ច្រាំង​ទាំង​សងខាង​គិត​ពី​ បន្ទាត់​ពុះ​ពាក់​កណ្ដាល​ស្ទឹង។

មាត្រា ១០៤ .-

ប្រសិន​បើ​ស្ទឹង ព្រែក​ឬ​ទន្លេ​បង្កើត​ជា​ផ្លូវ​ទឹក​ថ្មី​មួយ​កាត់​យក​ដី​កម្មសិទ្ធិ​អ្នក​នៅ ​ជាប់​មាត់​ទឹក​ណា​ម្នាក់ ហើយ​បង្កើត​បាន​ជា​កោះ​មួយ កម្មសិទ្ធិករ​នោះ​រក្សា​បាន​សិទ្ធិ​ជា​កម្មសិទ្ធិ​នៃ​ដី​របស់​ខ្លួន​ដែល​ ដាច់​នោះ​ដដែល ទោះ​បី​ជា​កោះ​នោះ​ដុះ​ក្នុង​ទន្លេ​ឬ​ស្ទឹង ព្រែក​ដែល​នាវា​ឬក្បូន​ចេញចូល​បាន​បណ្ដែត​បាន​ក៏ដោយ។

មាត្រា ១០៥ .-

ប្រសិន​ជា​ទន្លេ​ឬ​ស្ទឹង ព្រែក​ណាមួយ​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន បង្កើត​ជា​ផ្លូវ​ទឹក​ថ្មី​មួយ​ដោយ​បោះបង់​ចោល​ផ្លូវ​ទឹក​ចាស់ កម្មសិទ្ធិករ​ដែល​មាន​ដី​ជាប់​ច្រាំង​នោះ អាច​ធ្វើ​លទ្ធកម្ម​សិទ្ធិ​ក្នុង​ផ្ទៃ​ទន្លេ​ឬ​ស្ទឹង ព្រែក​ចាស់​ដែល​គោក​នោះ​បាន ហើយ​ម្នាក់ៗ​ត្រូវ​បាន​តាម​សិទ្ធិ​របស់​ខ្លួន​រហូត​ដល់​ខ្សែ​បន្ទាត់​ដែល​ ពុះ​ពាក់​កណ្ដាល​ទន្លេ ឬ​ស្ទឹង ព្រែក នោះ។ ថ្លៃ​ដី​នៃ​ផ្លូវ​ទឹក​ចាស់​នោះ​ត្រូវ​បាន​កំណត់​ដោយ​អ្នក​ជំនាញ​ដែល​តែងតាំង ដោយ​តុលាការ​ខេត្ត-ក្រុង​ទី​នោះ តាម​​ពាក្យ​ស្នើសុំ​ពី​អាជ្ញាធរ​ខេត្ត-ក្រុង​ឬ​ពី​ភាគី​ដែល​មាន​ប្រយោជន៍​ ក្នុង​រឿង​នេះ។

បើ​កម្មសិទ្ធិករ​នៅ​មាត់​ទឹក​នោះ​មិន​ចង់​បាន​ដី​នោះ​តាម​ថ្លៃ​ដែល​អ្នក​ ជំនាញ​កំណត់​ទេ​អាជ្ញាធរ​ត្រូវ​លក់​ឡាយឡុង​ផ្លូវ​ទឹក​ចាស់​នោះ​ឱ្យ​ សាធារណជន។ ថ្លៃ​ដែល​បាន​មក​ពី​ការ​លក់​ដី​នោះ ត្រូវ​យក​ទៅ​ចែក​ឱ្យ​កម្មសិទ្ធិករ​ដែល​មាន​ដី​ដាច់​ទៅ​នោះ តាម​សមាមាត្រ​នៃ​ដី​ដែល​ខូចខាត​រៀងៗ​ខ្លួន។

ផ្នែក​ទី ៤ : អំពី​ការ​ជួល​អចលនវត្ថុ

មាត្រា ១០៦.-

បើ​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​អាច​ជួល​ទ្រព្យ​របស់​ខ្លួន​ឱ្យ​ អ្នក​ដទៃ​បាន។ ការ​ជួល​ជា​កិច្ចសន្យា​ដែល​កម្មសិទ្ធិករ​នៃ​ទ្រព្យ​មួយ​ប្រគល់​ទ្រព្យ​នោះ​ ឱ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ក្នុង​រយៈពេល​មួយ ដោយ​យក​ជា​ប្រាក់​ឈ្នួល​មក​វិញ​យ៉ាង​ទៀងទាត់​តាម​សមាមាត្រ​នៃ​រយៈពេល​ ប្រើប្រាស់។ កិច្ចសន្យា​នៃ​ការ​ជួល​អចលនវត្ថុ​ហៅ​ថា​ភតិសន្យា។

កិច្ចសន្យា​ជួល​អចលនវត្ថុ​មាន​ពីរ​យ៉ាង​គឺ ការ​ជួល​រយៈពេល​មិន​កំណត់ និង​ការ​ជួល​រយៈពេល​កំណត់។ ការ​ជួល​រយៈពេល​កំណត់​មាន ការ​ជួល​រយៈពេល​​ខ្លី​អាច​បន្ត​ជា​ថ្មី​បាន និង​ការ​ជួល​រយៈពេល​វែង ១៥ (ដប់ប្រាំ) ឆ្នាំ ឬ​លើស។

មាត្រា ១០៧ .-

កិច្ចសន្យា​ជួល​រយៈពេល​មិន​កំណត់​ឬ​រយៈពេល​ខ្លី ហើយ​អាច​បន្ត​ជួល​ជា​ថ្មី​បាន​បង្កើត​បាន​ជា​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​រវាង​ ភតិសន្យាបតី​និង​អ្នក​ជួល។

ការ​ជួល​បន្ត​ឱ្យ​តតិយជន​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​មាន​ការ​ព្រមព្រៀង​ដោយ​ជាក់លាក់​ឬ​ការ​អនុញ្ញាត​ពី​កម្មសិទ្ធិករ។

មាត្រា ១០៨ .-

កិច្ចសន្យាជួល​រយៈពេល​វែង​បង្កើត​បាន​ជា​សិទ្ធិ​ភណ្ឌិក​លើ​អចលនវត្ថុ។ សិទ្ធិ​នេះ​អាច​ត្រូវ​បាន​ប្រគល់​ឱ្យ​ដោយ​មាន​ថ្លៃ ឬ​ផ្ទេរ​បន្ត​តាម​រយៈ​សន្តតិកម្ម។

ទ្រព្យ​ដែល​បាន​ជួល​រយៈពេល​វែង​អាច​ជា​កម្មវត្ថុ​នៃ​ការ​រៀបចំ​និង​ការ​ បំប្លែង កុំ​ឱ្យ​ការងារ​នោះ​មាន​អនុភាព​បំផ្លាញ​ឬ​បំប្លែង​ជា​សារ​វន្ត​នូវ​សភាព​ដើម ​នៃ​វត្ថុ​នោះ លើកលែង​ករណី​មាន​ចែង​ដោយ​ឡែក​ក្នុង​ភតិសន្យា។

នៅ​ពេល​ផុត​កំណត់​នៃ​ការជួល ភតិសន្យាបតី​ឬ​ទាយាទ​ទាំងឡាយ​របស់​ជន​នេះ​ទទួល​បាន​មក​វិញ​នូវ​កម្មសិទ្ធិ​ ពេញលេញ​នៃ​សំណង់ ដោយ​គ្មាន​ការ​សង​សោហ៊ុយ​ក្នុង​ការ​រៀបចំ​ឬកែលំអ​ទាំងឡាយ​ដែល​បាន​ធ្វើ​ដោយ​ អ្នក​ជួល។ ភតិសន្យាបតី​ឬ​ទាយាទ​មិន​អាច​បង្ខំ​អ្នក​ជួល​ឱ្យ​ប្រគល់​អចលនវត្ថុ​តាម​ ស្ថានភាព​ដើម​បាន​ឡើយ បើសិនជា​អ្នក​ជួល​គោរព​បទប្បញ្ញត្តិ​នៃ​វាក្យ​ខណ្ឌ ២ នៃ​មាត្រា​នេះ។

មាត្រា ១០៩ .-

ភតិសន្យា​ត្រូវ​ធ្វើឡើង​តាម​ឆន្ទៈ​ នៃ​បណ្ដា​ភាគី​និង​តាម​បញ្ញត្តិ​នៃ​ច្បាប់ ឬ​បទបញ្ជា​ទូទៅ​ជា​ធរមាន។

ភតិសន្យា​ត្រូវ​តែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ។ ភតិសន្យា​ធ្វើឡើង​ដោយ​ផ្ទាល់​មាត់​ត្រូវ​ទុក​ជា​បណ្ដោះអាសន្ន ហើយ​អាច​ត្រូវ​បាន​បញ្ឈប់​នៅ​គ្រប់​ពេល​ដោយ​ជូន​ដំណឹង​ជា​មុន ក្នុង​រយៈពេល​ស្មើនឹង​រយៈពេល​បង់​ប្រាក់​ឈ្នួល។

មាត្រា ១១០ .-

មុន​ការ​ចូល​អាស្រ័យ​ផល​លើ​អចលនវត្ថុ អ្នកជួល​ត្រូវ​តែ​ដឹង​អំពី​ស្ថានភាព​នៃ​អចលនវត្ថុ​និង​សម្ភារៈ​នៅ​នឹង​ កន្លែង​ដែល​បាន​រៀបចំ​តាម​ការ​ព្រមព្រៀង​ជា​មួយ​នឹង​ភតិសន្យាបតី។ ការ​មិនបាន​ពិនិត្យ​ស្ថានភាព​អចលនវត្ថុ​និង​សម្ភារៈ​នៅ​នឹង​កន្លែង​នៅ​ពេល​ ចូល​អាស្រ័យ​ផល​ត្រូវ​ចាត់​ទុក​ថា​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដូច​មាន​ចែង​ ក្នុង​ភតិសន្យា។

ទ្រព្យ​ដែល​ជួល​មិន​ត្រូវ​មាន​វិការៈ​អាថ៌កំបាំង​ដែល​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​តាម​ធម្មតា​ឡើយ។

មាត្រា ១១១ .-

អ្នកជួល​ត្រូវ​ធានា​ការថែទាំ​ទ្រព្យ​ជា​ធម្មតា និង​ត្រូវ​សង​មក​វិញ​ក្នុង​ស្ថានភាព​មួយ​ស្រប​តាម​ស្ថានភាព​នៃ​អចលនវត្ថុ​ និង​សម្ភារៈ​នៅ​នឹង​កន្លែង នៅ​ពេល​ផុត​កំណត់​នៃ​កិច្ចសន្យា​ជួល​ដោយ​គិត​ទាំង​តម្លៃ​នៃ​ការ​ខូចខាត​ដែល​ កើត​ពី​ការ​ប្រើប្រាស់​មិនធម្មតា លើកលែង​ករណី​មាន​​ចែង​ដោយ​ឡែក​ក្នុង​ភតិសន្យា។

មាត្រា ១១២ .-

ភតិសន្យាបតី​មិន​ត្រូវ​ធ្វើ​សកម្មភាព​ឬ​ឥរិយាបទ​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​ បង្អាក់​ឬ​រំខាន ដល់​ការ​អាស្រ័យ​ផល​របស់​អ្នក​ជួល​ផ្ទុយ​ពី​ភតិសន្យា​ឡើយ។

មាត្រា ១១៣ .-

បែបបទ​នៃ​កិច្ចសន្យា​ជួល​អចលនវត្ថុ​ដើម្បី​ប្រើប្រាស់​សំរាប់​ស្នាក់នៅ សំរាប់​ពាណិជ្ជកម្ម សំរាប់​ឧស្សាហកម្ម​និង​សំរាប់​កសិកម្ម​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ។

ផ្នែក​ទី ៥ : អំពី​វិធាន​ដី

មាត្រា ១១៤ .-

សិទ្ធិ​និង​កាតព្វកិច្ច​នៃ​កម្មសិទ្ធិករ​ត្រូវ​បាន​កំរិត​ដោយ​វិធាន​ដី​ ទាំងឡាយ​សំដៅ​ធានា ការពារ​ផល​ប្រយោជន៍​ទូទៅ​ដែល​កំណត់​ដោយ​ច្បាប់។

មាត្រា ១១៥ .-

បែបបទ​សំណង់​និង​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ចំពោះ​កម្មសិទ្ធិករ​នឹង​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា ១១៦ .-

កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រប្រើប្រាស់​កម្មសិទ្ធិ​ដែល​មិន​ស្រប​តាម​វិធាន​ដី តែ​ជាប់​កិច្ច​សន្យា​មុន​ការ​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​អាច​ប៉ះពាល់​បាន​ឡើយ។ ប៉ុន្តែ​ការ​ប្រើប្រាស់​នោះ​មិន​អាច​ពង្រីក​ថែម​នៅ​ក្រោយ​ពេល​ប្រកាស​ឱ្យ​ ប្រើ​វិធាន​ដី​ដែល​បាន​កំរិត ឬ​ហាមឃាត់​បាន​ឡើយ។

ក្នុង​ករណី​ប​​​​​​​​​​​​​​​​​​​​​ន្ទាន់ ឬ​តម្រូវ​​​​​​​​​​​​​​ការ​ចាំបាច់​​​​​​​​​​​​​​​​​​​​​​​​​​​នៃ​ផល​ ប្រយោជន៍​សា​​​​​​​​​​​​ធារណៈ ច្បាប់​អាច​ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ្ញត្តិ​ថែម​ទៀត​នូវ​ការ​ អនុវត្ត​​​​​​​​​​​​បន្ទាន់​នៃ​វិធា​​​​​​​​​ន​ដី កំរិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​ត​ពី​ការ​ប្រើប្រាស់​កម្មសិទ្ធិ​ដែ​​​​​​​​​​​​​​​​​​​​​​​​ល​មាន​ លក្ខណៈ​ជា​ស​​​​​​​​​​​​​ណ្ដាប់ធ្នាប់​សាធារណៈ។

ជំពូ​​​​​​ក​ទី ៨
អំពី​អវយវ​ភេទ​នៃ​កម្មសិទ្ធិ

មាត្រា ១១៧ .-

កម្មសិទ្ធិ​មាន​អវយវ​ភេទ កាលណា​ការ​អាស្រ័យ​ផល​បាន​ទៅ​បុគ្គល​ក្រៅ​ពី​កម្មសិទ្ធិករ​នៃ​ទ្រព្យ។ សិទ្ធិ​ដែល​នៅ​សល់​សំរាប់​កម្មសិទ្ធិករ​ឈ្មោះ​ថា​អសារ​កម្មសិទ្ធិ។

មាត្រា ១១៨ .-

រូបភាព​នៃ​អវយវ​ភេទ​នៃ​កម្មសិទ្ធិ​មាន : ផលុបភោគ សិទ្ធិ​ប្រើប្រាស់​និង​អាស្រ័យ​នៅ​និង​សេវភាព។

ផ្នែក​ទី ១ : អំពី​ផលុបភោគ

មាត្រា ១១៩ .-

ផលុបភោគ​គឺ​ការ​អាស្រ័យ​ផល​នៃ​អចលនវត្ថុ​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ សំរាប់​រយៈពេល​មួយ​កំណត់​មិន​អោយ​លើស​​ពី​មួយ​អាយុជីវិត​នៃ​អ្នក​បាន​សិទ្ធិ ​អាស្រ័យ​ផល​នោះ​ឡើយ។

មាត្រា ១២០ .-

ផលុបភោគ​បង្កើត​ឡើង​ដោយ​ច្បាប់​ឬ​ដោយ​ការ​ព្រមព្រៀង។ ផលុបភោគ​អាច​បង្កើត​ឡើង​ដោយ​ឥត​កំណត់​កាល​ក៏​បាន ឬ​មាន​កំណត់​កាល​ក៏​បាន ឬ​រហូត​ដល់​បំពេញ​បាន​សម្រេច​នូវ​លក្ខខណ្ឌ​ដែល​បាន​កំណត់​ក៏​បាន។

ប្រសិន​បើ​លក្ខខណ្ឌ​នៃ​រយៈពេល​មិន​បាន​បញ្ជាក់ ផលុបភោគ​ត្រូវ​បាន​ចាត់​ទុក​ថា​បង្កើត​ឡើង​សំរាប់​រយៈពេល​មួយ​អាយុជីវិត​នៃ​ អ្នក​ទទួល​សិទ្ធិ​ផលុបភោគ។

កិច្ចសន្យា​ផលុបភោគ​នឹង​យក​ជា​ការ​បាន​ លុះត្រាតែ​បាន​ធ្វើ​លិខិត​តាម​រូបមន្ត​យថាភូត។ កិច្ចសន្យា​នេះ​មិន​អាច​ជំទាស់​ពី​តតិយជន​បាន លុះ​ត្រា​តែ​បាន​ចុះ​បញ្ជី​សុរិយោដី​រួច​ហើយ។

មាត្រា ១២១ .-

ផលុបភោគី​មាន​សិទ្ធិ​អាស្រ័យ​ផល​គ្រប់​ប្រភេទ ជា​ផល​ធម្មជាតិ ជា​ផល​ស៊ីវិល​ដែល​កើត​ចេញ​ពី​អចលនវត្ថុ​ដែល​ខ្លួន​មាន​សិទ្ធិ។

មាត្រា ១២២ .-

ផល​ធម្មជាតិ​ដែល​ជាប់​នឹង​ដី នៅ​ពេល​ចាប់​ផ្ដើម​ផលុបភោគ​ត្រូវ​បាន​ទៅ​ផលុបភោគី។ ផល​ធម្មជាតិ​ដែល​មាន​ស្ថានភាព​ដូច​គ្នា នៅ​ពេល​ចប់​ផលុបភោគ ត្រូវ​បាន​ទៅ​អសារ​កម្មសិទ្ធិករ​ដោយ​គ្មាន​ការ​ទូទាត់​ទៅវិញ​ទៅ​មក​សំរាប់​ ការងារ​ភ្ជួរ​រាស់​ឬ​ច្រូត​កាត់​ឬ​ពូជ​ធារ​​អ្វី​ឡើយ។ ប៉ុន្តែ​បើ​មាន​អ្នក​ជួល​ឬ​ប្រវាស់​រួចហើយ នៅ​ពេល​ចាប់​ផ្ដើម​ឬ​នៅ​ពេល​បញ្ចប់​ផលុបភោគ អ្នក​ជួល​ឬ​អ្នក​ប្រវាស់​នេះ​មិន​ត្រូវ​បាត់បង់​ចំណែក​ដែល​ត្រូវ​បាន​មក​ ខ្លួន​នោះ​ទេ។

មាត្រា ១២៣ .-

ផល​ស៊ីវិល​បាន​ទៅ​ផលុបភោគី​សមាមាត្រ​ទៅ​នឹង​រយៈពេល​នៃ​ផលុបភោគ។

មាត្រា ១២៤ .-

ផលុបភោគី​អាច​អាស្រ័យ​ផល​ដោយខ្លួន​ឯង​ផ្ទាល់​នូវ​ផលុបភោគ ឬ​ជួល ឬ​ប្រវាស់ ឬ​ក៏​ផ្ទេរ​សិទ្ធិ​របស់​ខ្លួន​ដោយ​យក​ថ្លៃ ឬ​ដោយ​ឥត​យក​ថ្លៃ​ឱ្យ​ទៅ​អ្នក​ដទៃ​បាន។

ក្នុង​ករណី​ជួល​ឬ​ប្រវាស់​ កិច្ចសន្យា​មិន​ត្រូវ​កំណត់​ឱ្យ​ហួសពី ៣ (បី) ឆ្នាំ​ឡើយ។ ប្រសិន​បើ​ចង់​ជួល​ឬ​ប្រវាស់​បន្ត កិច្ចសន្យា​ថ្មី​ត្រូវ​បញ្ចប់​មុន ១ (មួយ) ឆ្នាំ នៃ​ថ្ងៃ​ចប់​កិច្ចសន្យា​ផលុបភោគ។

មាត្រា ១២៥ .-

ផលុបភោគី​អាស្រ័យ​ផល​ពី​ការ​កើន​ជា​យថាហេតុ ដោយ​ល្បាប់​ទៅ​លើ​ដី​ដែល​ខ្លួន​មាន​សិទ្ធិ​ផលុបភោគ។

មាត្រា ១២៦ .-

ផលុបភោគី​ប្រើប្រាស់​នូវ​សេវភាព​នានា​និង​សិទ្ធិ​ទាំងឡាយ​ដែល​កម្មសិទ្ធិករ​អាច​អាស្រ័យ​ផល​បាន លើកលែង​តែ​សិទ្ធិ​ចាត់​ចែង។

មាត្រា ១២៧ .-

ផលុបភោគី​ប្រើប្រាស់​សិទ្ធិ​តាម​របៀប​ដូច​គ្នា​នឹង​កម្មសិទ្ធិករ លើ​ផលិតផល​នៃ​កន្លែង​យក​ថ្ម​ដែល​មាន​ស្រាប់​នៅ​លើ​ដី​ដែល​ដាក់​ជា​ផលុបភោគ។

មាត្រា ១២៨ .-

ផលុបភោគី​ត្រូវ​បាន​ទទួល​ថ្លៃ​ដែល​ត្រូវ​បង់​ឱ្យ​កម្មសិទ្ធិករ​នៃ​ដី​ សម្បទានិក​អណ្ដូងរ៉ែ​ក្នុង​បរិវេណ​​ដី​ក្រោម​សិទ្ធិ​ផលុបភោគ​របស់​ខ្លួន។

មាត្រា ១២៩ .-

អសារ​កម្មសិទ្ធិករ​មិន​អាច​ធ្វើ​ឱ្យ​រំខាន​ដល់​សិទ្ធិ​របស់​ផលុបភោគី ទោះ​តាម​រូប​ភាព​ណា​ក៏​ដោយ។

ចំណែក​ឯ​ផលុបភោគី​វិញ នៅ​ពេល​អស់​សិទ្ធិ​អាស្រ័យ​ផល មិន​អាច​ទាមទារ​សំណង​នៃ​ការ​កែលំអ​ដែល​ខ្លួន​អះអាង​ថា​បាន​ធ្វើ​នៅ​លើ​ អចលនវត្ថុ​ជាប់​ផលុបភោគ​បាន​ឡើយ ទោះ​ជា​អចលនវត្ថុ​នោះ​បាន​កើន​តម្លៃ​ដោយសារ​ការ​រៀបចំ​របស់​ខ្លួន​ក៏​ដោយ។

ផលុបភោគី​ឬ​ទាយាទ​របស់​ជន​នេះ​អាច​ដក​យក​ចេញ​បាន​នូវ​កញ្ចក់​ ផ្ទាំង​គំនូរ និង​គ្រឿង​តុបតែង​ផ្សេងៗ​ដែល​ខ្លួន​បាន​ដាក់​តាំង​នៅ​ក្នុង​អគារ ប៉ុន្តែ​ត្រូវ​រៀបចំ​កន្លែង​នោះ​ឱ្យ​មាន​ស្ថានភាព​ដូច​ដើម​ឡើង​វិញ។

មាត្រា​ ១៣០.-

ផលុបភោគី​ត្រូវ​បាន​ទទួល​បន្ទុក​តែ​លើ​ការ​ជួសជុល​ថែទាំ​ប៉ុណ្ណោះ។ ការ​ជួសជុល​ធំៗ​ជា​បន្ទុក​របស់​អសារ​កម្មសិទ្ធិករ​ លើកលែង​តែ​ការ​ខូចខាត​ណា​ដែល​បណ្ដាល​មក​ពី​ការ​ខ្វះ​ស្មារតី​ថែទាំ​របស់​ ផលុបភោគី​ ចាប់​ពី​ទទួល​បាន​ផលុបភោគ​មក។ ក្នុង​ករណី​នេះ​ផលុបភោគី​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង។

ការ​ជួសជុល​ធំៗ​គឺ​ ការ​ជួសជុល​ជញ្ជាំង​ទ្រ​ ក្លោង​ទ្វារ​ ការ​រៀបចំ​ឡើងវិញ​នូវ​ធ្នឹម​ ដំបូង​ទាំង​ស្រុង​ ការ​រៀបចំ​ឡើង​វិញ​នូវ​ទំនប់​ទឹក​ ជញ្ជាំង​ទប់​ដី​ឬ​ទឹក​និង​របង​ទាំង​មូល។

ការ​ជួសជុល​ក្រៅ​ពី​នេះ​ជា​ការ​ជួសជុល​ថែទាំ។

មាត្រា​ ១៣១.-

ទាំង​អសារ​កម្មសិទ្ធិករ​ ទាំង​ផលុបភោគី​ គ្មាន​កាតព្វកិច្ច​សង់​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​ទ្រុឌទ្រោម​ ឬ​អ្វី​ដែល​បាន​បំផ្លាញ​ដោយ​ករណី​ប្រធាន​សក្ដិ​ឡើយ។

ប៉ុន្តែ​បើ​អចលន​វត្ថុ​ដែល​បាន​ដាក់​ធានា​រ៉ាប់រង​ត្រូវ​វិនាស​បណ្ដាល​មក​ពី ​មហន្តរាយ​ជាយថាហេតុ​អសារ​កម្មសិទ្ធិករ​ឬ​ផលុបភោគី​អាច​សុំ​យក​ថ្លៃ​ ធានារ៉ាប់រង​ទៅ​ជួសជុល​ ឬ​សាងសង់​ឡើង​វិញ​បាន។

មាត្រា​ ១៣២.-

ផលុបភោគី​ត្រូវ​ទទួល​ក្នុង​ពេល​ខ្លួន​អាស្រ័យ​ផល​នូវ​បន្ទុក​ប្រចាំ​ឆ្នាំ​ នៃ​អចលនវត្ថុ​ដូចជា​ ពន្ធ​និង​អាករ​ សោហ៊ុយ​ធានារ៉ាប់រង​ដែល​ត្រូវ​បង់។

ផលុបភោគី​ត្រូវ​បន្ត​អនុវត្ត​កិច្ច​សន្យា​ធានា​រ៉ាប់រង​ធ្វើ​សា​ជា​ថ្មី​ឲ្យ ​ទាន់​ពេលវេលា​ និង​ចុះ​កិច្ច​សន្យា​ធានារ៉ាប់រង​ដែល​មាន​ប្រយោជន៍​ដល់​អចលនវត្ថុ​ជា​ ផលុបភោគ​របស់​ខ្លួន​ ទោះ​ជា​កិច្ច​សន្យា​នោះ​កំពុង​ដំណើរការ​ នៅ​ពេល​ដែល​ផលុបភោគ​បាន​ចាប់​ផ្ដើម​ហើយ​ក្ដី​ ឬ​ទោះ​ជា​កិច្ច​សន្យា​ធានារ៉ាប់រង​ដែល​ត្រូវ​ឲ្យ​ធ្វើ​នា​ពេល​ក្រោយ​ដោយ​ អសារ​កម្មសិទ្ធិករ​ក្ដី។

មាត្រា​ ១៣៣.-

ក្នុង​ពេល​ដំណើរ​ការ​ផលុបភោគ​ បើ​មាន​តតិយជន​ណា​មក​បៀតបៀន​សិទ្ធិ​នៃ​អសារ​កម្មសិទ្ធិករ​ផលុបភោគី​ត្រូវ​ ជូន​ដំណឹង​ទៅ​អសារ​កម្មសិទ្ធិករ​ បើ​មិន​ដូច្នេះ​ទេ​ ផលុបភោគី​នោះ​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​រឿង​នោះ​ ចំពោះ​អសារ​កម្មសិទ្ធិករ​ដូច​ករណី​ដែល​ខ្លួន​បាន​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ ផ្ទាល់។

មាត្រា ១៣៤.-

ផលុបភោគ​ផុត​រលត់ៈ

- ដោយ​មរណភាព​នៃ​ផលុបភោគី

- ដោយ​ការ​ផុត​កំណត់​រយៈពេល​ឬ​ការ​សម្រេច​បាន​នូវ​លក្ខខណ្ឌ​ដែល​បាន​កំណត់។

- ដោយ​កិច្ច​ព្រម​លះបង់​សិទ្ធិ​របស់​ផលុបភោគី

- ដោយ​អចលនវត្ថុ​ដែល​ជាប់​ផលុបភោគ​ ត្រូវ​អន្តរាយ​ទាំង​ស្រុង

- ដោយ​សេចក្ដី​សំរេច​របស់​តុលាការ​ស្រប​តាម​បទប្បញ្ញត្តិ​នៃ​មាត្រា​ ១៣៥​ នៃ​ច្បាប់​នេះ។

មាត្រា​ ១៣៥.-

ការ​បាត់បង់​សិទ្ធិ​របស់​ផលុបភោគី​ អាច​នឹង​ត្រូវ​បាន​ប្រកាស​ដោយ​តុលាការ​តាម​បណ្ដឹង​របស់​អសារ​កម្មសិទ្ធករ​ ដោយ​ហេតុ​ថា​ផលុបភោគ​បាន​រំលោភ​លើ​ការ​អាស្រ័យ​ផល​ ពិសេស​ប្រសិន​បើ​ផលុបភោគ​នោះ​ធ្វើ​ឱ្យ​មាន​វិការ​ភាព​លើ​អចលនវត្ថុ​ ឬ​ទុក​ឲ្យ​អចលនវត្ថុ​ខូចខាត​ដោយ​មិន​ថែទាំ។

ក្នុង​ករណី​នេះ​ ម្ចាស់​បំណុល​នៃ​ផលុបភោគី​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​សុំ​បន្ត​ សិទ្ធិ​របស់​ផលុបភោគី​ ដោយ​ធានា​ការ​ជួសជុល​នូវ​រាល់​វិការភាព​ដែល​មាន​និង​ការ​ធានា​សំរាប់​អនាគត។

ដោយ​យោល​ទៅ​តាម​កាលៈទេសៈ​ និង​ហេតុផល​ផ្សេងៗ​តុលាការ​អាច​ប្រកាស​ការ​រលត់​ដាច់ខាត​នៃ​ផលុបភោគ​ ឬ​គ្រាន់​តែ​បង្គាប់​ឱ្យ​ប្រគល់​អចលនវត្ថុ​ឱ្យអសារ​កម្មសិទ្ធិករ​ដោយ​បង់​ ប្រាក់​ប្រចាំ​ឆ្នាំ​ឱ្យ​ផលុបភោគី​ ឬ​សិទ្ធិវន្ត​របស់​ជន​នេះ​នូវ​ទឹក​ប្រាក់​មួយ​ចំនួន​ជា​កំណត់​រហូត​ដល់​ បញ្ចប់​ផលុបភោគ។

មាត្រា​ ១៣៦.-

ការ​លក់​អចលនវត្ថុ​ដែល​កំពុង​ជាប់​ផលុបភោគ​ដោយ​អសារ​កម្មសិទ្ធិករ​ មិន​ធ្វើ​ឱ្យមាន​ការ​ផ្លាស់​ប្ដូរ​ណា​មួយ​ចំពោះ​ផលុបភោគី​ដែល​កំពុង​បន្ត​ ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​នោះ​ទេ​ លើកលែង​តែ​មាន​ការ​លះបង់​ដោយ​ជាក់លាក់​ពី​ផលុបភោគី។

មាត្រា​ ១៣៧.-

ប្រសិន​បើ​ផលុបភោគ​មាន​តែ​នៅ​លើ​អគារ​ ហើយ​អគារ​នោះ​ត្រូវ​អន្តរាយ​ជាយថាហេតុសិទ្ធិ​របស់​ផលុភោគី​ត្រូវ​រលត់​ ហើយ​ផលុបភោគី​មិន​អាច​ទាមទារ​សិទ្ធិ​ផលុបភោគ​ លើ​ដី​ឬ​លើ​សម្ភារៈ​សំណង់​នោះ​ទេ។

ប៉ុន្តែ​បើ​ផលុបភោគ​មាន​លើ​ដី​និង​លើ​អគារ​ ហើយ​បើ​អគារ​នោះ​ត្រូវ​អន្តរាយ​ផលុបភោគ​នៅ​មាន​លើ​ដី​ដដែល។

ផ្នែក​ទី​២ : អំពី​សិទ្ធិ​ប្រើប្រាស់​និង​អាស្រ័យ​នៅ

 មាត្រា ១៣៨.-

សិទ្ធិ​ប្រើប្រាស់​គឺ​ជា​សិទ្ធិ​ទទួល​យក​ពី​ដី​នូវ​បរិមាណ​ផល​ចាំបាច់​ សំរាប់​សេចក្ដី​ត្រូវ​ការ​របស់​អត្ថគាហកៈ​និង​គ្រួសារ​របស់​ខ្លួន។

សិទ្ធិ​អាស្រ័យ​នៅ​គឺ​ជា​សិទ្ធិ​កាន់កាប់​ផ្ទះ​នូវ​ចំណែក​ចាំបាច់​សំរាប់​រស់នៅ​របស់​អត្ថគាហកៈ​និង​គ្រួសារ​របស់​ខ្លួន។

ទោះបី​ថ្ងៃ​ក្រោយ​មក​ អត្ថគាហកៈ​នោះ​មាន​ប្ដី​ ប្រពន្ធ​ក្ដី​ឬ​មាន​កូន​ក្ដី​ ក៏​សិទ្ធិ​ទាំង​ពីរ​នេះ​នៅ​តែ​មាន​ដល់​អត្ថគាហកៈ​ដដែល។

មាត្រា​ ១៣៩.-

សិទ្ធិ​ប្រើប្រាស់​និង​អាស្រ័យ​នៅ​ កើត​ឡើង​និង​បាត់បង់​ទៅវិញ​ តាម​បែប​នៃ​ផលុបភោគ​ដែរ។

សិទ្ធិ​នៃ​អ្នក​ប្រើប្រាស់​និង​អ្នក​អាស្រ័យ​នៅ​កំណត់​ដោយ​ខ​ចែង​ក្នុង​ កិច្ច​សន្យា​តាម​រូបមន្ត​លិខិត​យថាភូត​ ឬ​ដោយ​បញ្ញត្តិ​នៃ​ច្បាប់​ដែល​ចែង​អំពី​សិទ្ធិ​នេះ។

មាត្រា​ ១៤០.-

អត្ថហកៈ​នៃ​សិទ្ធិ​ប្រើប្រាស់​ឬ​សិទ្ធិ​អាស្រ័យ​នៅ​ មិន​អាច​ផ្ទេរ​ឬ​ជួល​សិទ្ធិ​របស់​ខ្លួន​ទៅ​អ្នក​ផ្សេង​ទៀត​បាន​ឡើយ។

សិទ្ធិ​ប្រើប្រាស់​និង​អាស្រ័យ​នៅ​ ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​បុគ្គល។ សិទ្ធិ​នេះ​បញ្ចប់​នៅ​ពេល​មរណភាព​នៃ​អត្ថគាហកៈ​ឬ​ដោយ​អនុវត្ត​តាម​លក្ខខណ្ឌ​ នៃ​កិច្ច​សន្យា។

មាត្រា​ ១៤១.-

ប្រសិន​បើ​អត្ថហកៈ​នៃ​សិទ្ធិ​ប្រើប្រាស់​ប្រមូល​យក​ផល​ទាំងអស់​នៃ​ដី​ឬ​ ប្រសិន​បើ​អត្ថគាហកៈ​នៃ​សិទ្ធិ​អាស្រ័យ​នៅ​កាន់កាប់​គេហដ្ឋាន​ទាំង​មូល​ អ្នក​នោះ​ត្រូវ​ទទួល​បន្ទុក​ចំណាយ​សោហ៊ុយ​ក្នុង​ការ​ដាំដុះ​ឬ​ការ​ជួសជុល​ ថែទាំ​និង​បង់ពន្ធ​អាករ​និង​សោហ៊ុយ​​ធានា​រ៉ាប់​រង​ដូច​ផល​លុបភោគី​ដែរ។

ប្រសិន​បើ​អត្ថគាហកៈ​យក​តែ​ចំណែក​ណា​មួយ​នៃ​ផល​ ឬ​កាន់​កាប់​តែ​មួយ​ចំណែក​នៃ​​គេហដ្ឋាន​ អ្នក​នោះ​ត្រូវ​ចូល​រួម​ចំណាយ​ទៅ​តាម​សមាមាត្រ​ដែល​ខ្លួន​អាស្រ័យ​ផល​នោះ។

ផ្នែក​ទី​ ៣ : អំពី​សេវភាព

មាត្រា​ ១៤២.-

សេវភាព​ដី​គឺ​ជា​បន្ទុក​ដែល​ផ្ទុក​ទៅ​លើ​ដី​មួយ​ ហៅ​ដី​បំរើ​ឬ​ដី​ក្រោម​សំរាប់​ការ​ប្រើប្រាស់​និង​ប្រយោជន៍​នៃ​ដី​មួយ​ទៀត​ ហៅ​ដី​ប្រើ​ឬ​ដី​លើ​ដែល​ជា​របស់​កម្ម​សិទ្ធិករ​ផ្សេង​ទៀត។

មាត្រា​ ១៤៣.-

សេវភាព​កើត​ពី​ធម្មជាតិ​ កើត​ពី​ច្បាប់​ ឬ​កើត​ពី​ការ​ព្រមព្រៀង​អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ទីកន្លែង​ ដោយ​ការ​កំណត់​របស់​ច្បាប់​ឬ​ដោយ​ការ​ព្រមព្រៀង​រវាង​កម្មសិទ្ធិករ។

អនុ​ផ្នែក​ទី​ ១ : អំពី​សេវភាព​កើត​ពី​ធម្មជាតិ

មាត្រា​ ១៤៤.-

ដី​ក្រោម​ត្រូវ​ទទួល​ទឹក​ដែល​ហូរ​តាម​ធម្មជាតិ​ពី​ដី​លើ។

កម្មសិទ្ធិករ​នៃ​ដី​ក្រោម​មិន​អាច​លើក​ទំនប់​ ភ្លឺ​ របាំង​ឬ​ការ្យ​ដទៃ​ផ្សេង​ទៀត​ទប់​ការ​ហូរ​នេះ​បាន​ឡើយ។

កម្មសិទ្ធិករ​នៃ​ដី​លើ​មិន​អាច​ធ្វើ​អ្វី​ដែល​ធ្វើ​ឱ្យកាន់​តែ​ធ្ងន់​ដល់​សេវភាព​នៃ​ដី​ក្រោម​បាន​ឡើយ។

មាត្រា​ ១៤៥.-

កម្មសិទ្ធិករ​នៃ​ដី​លើ​មាន​សិទ្ធិ​ប្រើប្រាស់​និង​ចាត់ចែង​ទឹក​ភ្លៀង​ដែល​ ធ្លាក់​មក​លើ​ដី​របស់​ខ្លួន​ព្រម​ទាំង​ទឹក​​ដែល​មាន​ប្រភព​ផុស​ឡើង​នៅ​ទី​ នោះ​ លើកលែង​តែ​ក្នុង​ករណី​ដែល​មាន​ចែង​ក្នុង​វាក្យខណ្ឌ​ចុង​ក្រោយ​នៃ​មាត្រា​ ១៤៤។

មាត្រា​ ១៤៦.-

កម្មសិទ្ធិករ​នៃ​ដី​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​ទឹក​ហូរ​ត្រូវ​​ទុក​ឱ្យ​ទឹក​ ហូរ​ទៅ​លើ​ដី​ជិត​ខាង​ ហើយ​កម្មសិទ្ធិ​ករ​នៃ​ដី​ជិត​ខាង​ក៏​ត្រូវ​មាន​កាតព្វកិច្ច​​ដូចគ្នា​ ចំពោះ​ដី​នៅ​ឆ្ងាយ​ទៅ​តាម​តម្រូវ​ការ​នៃ​កសិកម្ម។

អនុ​ផ្នែក​ទី​ ២​ : អំពី​សេវភាព​កើត​ពី​ច្បាប់​

មាត្រា​ ១៤៧.-

សេវភាព​កើត​ពី​ច្បាប់​មាន​គោលដៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ឬ​ជា​ប្រយោជន៍​ឯកជន។

សេវភាព​កើត​ពី​ច្បាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ត្រូវ​កំណត់​ដោយ​ច្បាប់​​ឬ​ដោយ​បទបញ្ជា​ពិសេស​ដែល​បង្ខំ​ទៅ​លើ​កម្មសិទ្ធិករ។

សេវភាព​កើត​ពី​ច្បាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ឯកជន​កំណត់​ព្រំដែន​ ដែល​កម្មសិទ្ធិករ​អាច​ធ្វើ​សកម្មភាព​មួយ​ចំនួន​ក្នុង​ដី​របស់​ខ្លួន​ លើកលែង​តែ​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​កម្មសិទ្ធិករ​ដី​ជិត​ខាង។

មាត្រា​ ១៤៨.-

ការ​កំណត់​ព្រំ​ដី​ និង​កម្មសិទ្ធិ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សាធារណៈ​ត្រូវ​កំណត់​ដោយ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ យោង​តាម​សេចក្ដី​ត្រូវ​ការ​​ជាក់ស្ដែង​​នៃ​ផល​ប្រយោជន៍​រួម​ ពិសេស​តាម​សេចក្ដី​ត្រូវ​​ការ​នៃ​​ធ្វើ​ចរាចរ។

មុន​នឹង​ធ្វើ​របង​ឬ​កសាង​​អាគារ​ប្រភេទ​ណា​ក៏​ដោយ​ដែល​ស្ថិត​នៅ​ជាប់​នឹង​ ផ្លូវ​សាធារណៈ​កម្មសិទ្ធិករ​ចាំបាច់​ត្រូវ​តែ​ត្រួតពិនិត្យ​មើល​នូវ​ភាព​ សមស្រប​នៃ​អគារ​នោះ​ជាមួយ​នឹង​ប្លង់​តម្រង់​ជួរ​ ប្រសិន​បើ​មាន។ រាល់​លិខិត​អនុញ្ញាត​កសាង​សង់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ដល់​ខ្សែ​តម្រង់​ ជួរ​ដែល​មាន​រួច​ហើយ។

អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​សំរេច​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទំហំ​ផ្លូវ​បាន​ តាម​តម្រូវ​ការ​ចាំបាច់​សំរាប់​ផល​ប្រយោជន៍​សាធារណៈ។ នៅ​ពេល​ដែល​អាជ្ញាធរ​ធ្វើ​​ការ​សំរេច​ពង្រីក​ទំហំ​ផ្លូវ​សំណង់​ទាំងឡាយ​ដែល​ ស្ថិត​នៅ​លើ​បន្ទាត់​តម្រង់​ជួរ​ត្រូវ​បន្ថយ​ទៅ​ក្រោយ។ បើ​ជា​របង​ធម្មតា​ឬ​ជា​សំណង់​ស្រាល​ អាជ្ញាធរ​តម្រូវ​ឱ្យ​ធ្វើ​ការ​រំកិល​ចេញ។ ប្រសិន​បើ​ជា​អចលនវត្ថុ​ដែល​មិន​អាច​ជា​កម្មវត្ថុ​នៃ​ការ​ផ្លាស់ប្ដូរ​ កែ​សំរួល​រុះរើ​បាន អចលនវត្ថុ​នោះ​ត្រូវ​ឋិត​ក្នុង​សភាព​​ដដែល​សិន​ រហូត​ដល់​ពេល​អាជ្ញាធរ​​មាន​សមត្ថកិច្ច​សំរេច​អំពី​ការ​ពង្រីក​ដែល​បាន​ គ្រោង​ទុក។ ការ​ដក​ហូត​កម្មសិទ្ធិ​មួយ​ចំណែក​ឬ​ទាំង​ស្រុង​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់។ ចំពោះ​ដី​ដែល​បាន​កាន់​កាប់​​ស្រប​ច្បាប់​​ព្រម​ទាំង​របង​ និង​សំណង់​ទាំងឡាយ​ដែល​បាន​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​បញ្ញត្តិ​នៃ​ច្បាប់​ ម្ចាស់​កម្មសិទ្ធិ​មាន​សិទ្ធិ​ទាមទារ​ឱ្យ​សង​ការ​ខូចខាត​របស់​ខ្លួន។

មាត្រា​ ១៤៩.-

កម្មសិទ្ធិ​ករ​ដែល​ចង់​ធ្វើ​នៅ​លើ​ដី​របស់​​ខ្លួន​នូវ​កិច្ចការ​​ដែល​មាន​ លក្ខណៈ​រំខាន​​ដល់​ដី​ជិត​ខាង​ដូចជា​ការ​ខួង​អណ្ដូង​ ការ​ជីក​ស្ទង់​ដី​ ការ​ជីក​រុករក​ ការ​គរ​ទុក​វត្ថុ​ប្រកប​ដោយ​គ្រោះថ្នាក់​ដែល​នាំ​ឱ្យ​រំខាន​ ឬ​ប៉ះពាល់​​ដល់​សុខភាព​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​នៃ​បទបញ្ជា​ពិសេស​ស្ដី​ពី ​ការ​កំណត់​ចម្ងាយ​ដែល​ត្រូវ​ប្រតិបត្តិ​ ឬ​ស្ដី​ពី​ការ្យ​ដែល​ធ្វើ​សំរាប់​ទប់​ជ្រែង។

មាត្រា​ ១៥០.-

កម្មសិទ្ធិ​ករ​មិន​អាច​នឹង​ធ្វើ​ប្រហោង​ទ្វារ​ឬ​បង្អួច​ កើយ​ឬ​យ៉​ ត្រង់​ចំ​គ្នា​ទៅ​វិញ​ទៅ​មក​ចម្ងាយ​តិច​ជាង​ពីរ​ម៉ែត្រ​ពី​ដី​អ្នក​ជិត​ខាង​ បាន​ទេ។

មាត្រា​ ១៥១.-

កម្មសិទ្ធករ​មិន​អាច​​ដាំ​ដើម​ឈើ​ធំ​ តូច​ មាន​កំពស់​លើស​ពី​ ២​(ពីរ) ម៉ែត្រ​ នៅ​ប្រប​ព្រំ​ដី​ជាប់​គ្នា​ដែល​មាន​ចម្ងាយ​តិច​ជាង​ពីរ​ម៉ែត្រ​​ពី​ព្រំដី​ បាន​ទេ​ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​បង្ខំ​ឱ្យ​យក​ចេញ​ កាល​បើ​មាន​បណ្ដឹង​​ពី​កម្មសិទ្ធិករ​​ដែល​មាន​ប្រយោជន៍​ក្នុង​រឿង​នេះ។

មាត្រា​ ១៥២.-

កម្មសិទ្ធិករ​ដែល​ដី​របស់​ខ្លួន​ត្រូវ​បាន​បិទ​ជិត​និង​គ្មាន​ច្រក​ចេញ​ចូល​ ទៅ​ផ្លូវ​សាធារណៈ​ឬ​មាន​ច្រក​មិន​គ្រប់គ្រាន់​សំរាប់​អាជីវកម្ម​កសិកម្ម​ ឧស្សាហកម្ម​​នៃ​កម្មសិទ្ធិ​របស់​ខ្លួន​ មាន​សិទ្ធិ​ស្នើ​សុំ​បើក​ផ្លូវ​ឆ្លង​ តាម​ដី​អ្នក​ជិត​ខាង​ខ្លួន​ ដោយ​ត្រូវ​ចេញ​សំណង​តាម​សមាមាត្រ​ចំពោះ​ការ​ខូចខាត​​ដែល​បណ្ដាល​មក​ពី​ កិច្ចការ​នោះ។

មាត្រា​ ១៥៣.-

ជា​គោលការណ៍​ ផ្លូវ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១៥២​ ត្រូវ​យក​កន្លែង​ណា​ដែល​មាន​ចម្ងាយ​ជិត​ជាង​គេ​ពី​ដី​បិទ​ជិត​ទៅ​ផ្លូវ​ សាធារណៈ​ ប៉ុន្តែ​ត្រូវ​កំណត់​កន្លែង​ណា​ដែល​មាន​ការ​ខូចខាត​តិច​បំផុត​សំរាប់​ កម្មសិទ្ធិករ​នៃ​ដី​ដែល​ត្រូវ​ទទួល​រង។

មាត្រា​ ១៥៤.-

ប្រសិន​បើ​ដី​បិទ​ជិត​កើត​ឡើង​ពី​ការ​បែងចែក​ដី​តាម​រយៈ​កា​លក់​ ការ​ដូរ​ ការ​ចែក​​ឬ​ពី​កិច្ច​សន្យា​ផ្សេង​ទៀត​ ការ​បើក​ផ្លូវ​ឆ្លងកាត់​អាច​សុំ​​តែ​នៅ​លើ​ដី​ដែល​នៅ​សល់​ពី​ការ​បែងចែក។

ប៉ុន្តែ​​បើ​ដី​ដែល​នៅ​សល់​ពុំ​អាច​បង្កើត​​បាន​ជា​ផ្លូវ​គ្រប់គ្រាន់​ បញ្ញត្តិ​នៃ​មាត្រា​ ១៥២​ និង​មាត្រា​ ១៥៣​ នៅ​តែ​អនុវត្ត​បាន​ដដែល។

មាត្រា​ ១៥៥.-

កម្មសិទ្ធិករ​ដែល​ចង់​ប្រើ​ទឹក​ដែល​ខ្លួន​មាន​សិទ្ធិ​ដើម្បី​ប្រើប្រាស់​និង ​ស្រោចស្រព​ដី​របស់​ខ្លួន​អាច​ទទួល​​បាន​ផ្លូវ​នាំ​ទឹក​ឆ្លង​កាត់​ដី​ដែល​ ស្ថិត​នៅ​ចន្លោះ​កណ្ដាល​បាន​ តែ​ត្រូវ​ចំណាយ​សោហ៊ុយ​សង​ការ​ខូចខាតឱ្យ​ម្ចាស់​ដី​នោះ។

មាត្រា​ ១៥៦.-

កម្មសិទ្ធិករ​អាច​បញ្ចេញ​ទឹក​ស្រោចស្រព​រួច​ហើយ​ចេញ​ពី​ដី​ខ្លួន​ឆ្លង​កាត់​ដី​ក្រោម​បាន​ តែ​ត្រូវ​ចំណាយ​សោហ៊ុយ​សង​ការ​ខូចខាត។

មាត្រា​ ១៥៧.-

កម្មសិទ្ធិករ​នៃ​ដី​លិច​ទឹក​ទាំង​ស្រុង​ឬ​មួយ​ចំណែក​ អាច​បង្ហូរ​ទឹក​មិន​ល្អ​ចេញ​បាន​តែ​ត្រូវ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​វិធី ​អនាម័យ។

មាត្រា​ ១៥៨.-

កម្មសិទ្ធិករ​នៃ​ដី​ជាប់​​មាត់​ទឹក​ដែល​ចង់​ប្រើប្រាស់​ទឹក​ដើម្បី​ ស្រោចស្រព​ដី​របស់​ខ្លួន​អាច​មាន​សិទ្ធិ​ធ្វើ​សិល្បៈ​ការ្យ​ចាំបាច់​ទល់​ទៅ​ លើ​ដី​ដែល​ស្ថិត​​នៅ​ជាប់​មាត់​ទឹក​ម្ខាង​ទៀត​ដើម្បី​រៀបចំ​យក​ទឹក​តែ​ត្រូវ ​ទទួល​បន្ទុក​ចេញ​សោហ៊ុយ​នៃ​ការ​ខូចខាត។

មាត្រា​ ១៥៩.-

កម្មសិទ្ធិករ​នៃ​ដី​ដែល​ព្រម​ឱ្យ​ធ្វើ​ការ្យ​អ្វី​លើ​ដី​ខ្លួន​នោះ​ អាច​នឹង​សុំ​ប្រើ​ទំនប់​ឬ​របាំង​ទឹក​នោះ​បាន​ ដោយ​ត្រូវ​ចេញ​សោហ៊ុយ​ធ្វើ​និង​សោហ៊ុយ​ថែទាំ​ពាក់កណ្ដាល។ កម្មសិទ្ធិករ​នេះ​មិន​ត្រូវ​ទារ​សោហ៊ុយ​ថ្លៃ​ដី​ឡើយ​ បើ​បាន​ទទួល​ហើយ​ត្រូវ​តែ​បង្វិល​សង​គេ​វិញ។

អនុ​ផ្នែក​ទី​ ៣​ : អំពី​សេវភាព​កើត​ពី​ការ​ព្រមព្រៀង

មាត្រា​ ១៦០.-

ត្រូវ​បាន​អនុញ្ញាត​ឱ្យកម្មសិទ្ធិករ​បង្កើត​នៅ​លើ​ដី​របស់​ខ្លួន​រាល់​ សេវភាព​ជា​គុណ​ប្រយោជន៍​ដល់​កម្មសិទ្ធិករ​នៃ​ដី​ផ្សេង​ទៀត​ ឱ្យតែ​សេវភាព​នោះ​មិន​ផ្ទុយ​ពី​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​ប្រើប្រាស់​និង​វិសាលភាព​នៃ​សេវភាព​នេះ​ត្រូវ​កំណត់​ដោយ​កិច្ច​ ព្រមព្រៀង​ដែល​បាន​បង្កើត​សេវភាព​នោះ។

មាត្រា​ ១៦១.-

សេវភាព​កើត​ពី​ការ​ព្រមព្រៀង​អាច​បង្កើត​ឡើង​បាន​តែ​តាម​លិខិត​យថាភូត​ ប៉ុណ្ណោះ។ សេវភាព​នេះ​មិន​អាច​តតិយជន​ជំទាស់​បាន​ទេ​ ក្រោយ​ពី​ការ​ចុះ​លេខា​ចារិក​ក្នុង​បញ្ជី​សុរិយោដី។

ទំនាក់ទំនង​សេវភាព​រវាង​ដី​បំរើ​និង​ដី​ប្រើ​នឹង​ត្រូវ​ចប់​នៅ​ពេល​ដែល​ដី​ ណាមួយ​ក្នុង​ចំណោម​ដី​ទាំង​ពីរ​ត្រូវ​បាន​ផ្ទេរ​ឲ្យ​តតីយជន​ណា​ម្នាក់​ បើ​ការ​រក្សា​ទុក​សេវភាព​នោះ​មិន​បាន​ចែង​ច្បាស់​ក្នុង​លិខិត​ផ្ទេរ​ កម្មសិទ្ធិ​ទេ។

មាត្រា​ ១៦២.-

កម្មសិទ្ធិករ​ដែល​បាន​បង្កើត​សេវភាព​លើ​ដី​របស់​ខ្លួន​ត្រូវ​បាន​ចាត់​ទុក​ ថា​យល់​ព្រម​រាល់​អ្វី​ដែល​ចាំបាច់​សំរាប់​សេវភាព​នោះ។ សេវភាព​នៃ​ការ​យក​ទឹក​បង្កើត​ឡើង​នៅ​កន្លែង​ប្រភព​ទឹក​អនុញ្ញាត​ឱ្យ​អ្នក​យក ​ទឹក​មាន​សិទ្ធិ​ឆ្លង​កាត់​ដី​ដែល​មាន​ប្រភព​ទឹក​នោះ​បាន។

មាត្រា​ ១៦៣.-

កម្មសិទ្ធិករ​នៃ​ដី​ប្រើ​មាន​សិទ្ធិ​ធ្វើ​រាល់​ការ្យ​ចាំបាច់​ផ្សេងៗ ​លើ​ដី​បំរើ​ដើម្បី​ប្រើ​និង​រក្សា​ទុក​សេវភាព​បាន។

មាត្រា​ ១៦៤.-

ការ្យ​ចាំបាច់​សំរាប់​ប្រើ​និង​រក្សា​ទុក​សេវភាព​គឺ​ជា​សោហ៊ុយ​នៃ​ កម្មសិទ្ធិករ​ដី​ប្រើ​ លើក​លែង​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ផ្សេង​ពី​នេះ។

មាត្រា​ ១៦៥.-

កម្មសិទ្ធិករ​នៃ​ដី​បំរើ​មិន​អាច​ធ្វើ​អ្វី​ដែល​មាន​បំណង​បន្ថយ​ការ​ ប្រើប្រាស់​សេវភាព​ ឬ​ធ្វើ​ឲ្យ​សេវភាព​មិន​អាច​ប្រើ​បាន​ឡើយ។ កម្មសិទ្ធិករ​នៃ​ដី​បំរើ​មិន​អាច​ប្ដូរ​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​សេវភាព​ ដែល​បាន​កំណត់​ពី​ដំបូង​មក​បាន​ទេ។ ប៉ុន្តែ​បើ​ទុក​សេវភាព​ក្នុង​ស្ថានភាព​ដើម​នាំ​ឱ្យ​កម្មសិទ្ធិករ​នៃ​ដី​បំរើ ​ចំណាយ​ប្រាក់​លើ​ការ​ជួសជុល​ថែទាំ​ច្រើន​ កម្មសិទ្ធិករ​នៃ​ដី​បំរើ​អាច​សុំ​ដាក់​សេវភាព​ជំនួស​នៅ​ទី​ផ្សេង​ទៀត​បាន​ ដែល​ស្រួល​ប្រើ​ដូច​គ្នា​ ហើយ​កម្មសិទ្ធិករ​នៃ​ដី​ប្រើ​មិន​អាច​បដិសេធ​បាន​ឡើយ។

មាត្រា​ ១៦៦.-

ចំណែក​ឯ​កម្មសិទ្ទិករ​នៃ​ដី​ប្រើ​ អាច​ប្រើប្រាស់​សេវភាព​តែ​ក្នុង​ព្រំដែន​ដែល​បាន​កំណត់​ក្នុង​កិច្ចសន្យា​ ដោយ​មិន​អាច​ធ្វើ​នៅ​លើ​ដី​បំរើ​ ឬ​ដី​របស់​ខ្លួន​ឱ្យ​មាន​ការ​ប្រែប្រួល​ណា​មួយ​ដែល​អាច​មាន​ឥទ្ធិពល​ ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​នៃ​ដី​បំរើ​បាន​ឡើយ។

អនុផ្នែក​ទី​ ៤ : អពី​ការ​ផុត​រលត់​នៃ​សេវភាព

មាត្រា​ ១៦៧.-

សេវភាព​ផុត​រលត់​ដោយៈ

- ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​ដែល​បង្កើត​សេវភាព​នោះ

- ដី​ប្រើ​និង​ដី​បំរើ​ធ្លាក់​ក្នុង​ដៃ​កម្មសិទ្ធិករ​តែ​ម្នាក់​ ឬ

- មហន្តរាយ​ទាំង​ស្រុង​នៃ​ដី​ដែល​ជា​ទីតាំង​សេវភាព​នោះ។

មាតិកា​ទី​ ៤
អំពី​ទម្រង់​នៃ​កម្មសិទ្ធិ


ជំពូក​ទី ៩
អំពី​កម្មសិទ្ធិ​អវិភាគ

មាត្រា​ ១៦៨.-

កម្មសិទ្ធិ​អវិភាគ​គឺ​ជា​កម្មសិទ្ធិ​លើ​ទ្រព្យ​តែ​មួយ​ដែល​ជា​របស់​បុគ្គល​ ច្រើន​នាក់។ បុគ្គល​ទាំង​នោះ​ជា​កម្មសិទ្ធិករ​អវិភាគ។ កម្មសិទ្ធិករ​អវិភាគ​ម្នាក់ៗ​មាន​ចំណែក​របស់​ខ្លួន​ក្នុង​ទ្រព្យ​នោះ​ ប៉ុន្តែ​ទ្រព្យ​នោះ​មិន​អាច​ពុះ​ចែក​គ្នា​បាន​ឡើយ។

មាត្រា​ ១៦៩.-

ភាគ​បែង​នៃ​កម្មសិទ្ធិ​អវិភាគ​ចាត់​ទុក​ថា​ស្មើ​គ្នា។ ក្នុង​ករណី​ដែល​ការ​បែងចែក​ទ្រព្យ​មិន​ស្មើ​គ្នា​កម្មសិទ្ធិករ​ម្នាក់ៗ​មាន​ សិទ្ធិ​និង​បន្ទុក​សមាមាត្រ​ទៅ​នឹង​ចំណែក​របស់​ខ្លួន។ កម្មសិទ្ធិករ​ម្នាក់ៗ​​អាច​លក់​ចំណែក​ ឬ​ចុះ​កិច្ច​សន្យា​ផ្សេងៗ​លើ​ចំណែក​របស់​ខ្លួន​បាន​ ហើយ​ម្ចាស់​បំណុល​របស់​គេ​ម្នាក់ៗ​ អាច​រឹបអូស​ចំណែក​នៃ​ទ្រព្យ​របស់​អ្នក​នោះ​បាន។

មាត្រា​ ១៧០.-

កម្មសិទ្ធិករ​អវិភាគ​គ្រប់គ្រង​រួម​លើ​កម្មសិទ្ធិ​អវិភាគ​ លើកលែង​តែ​មាន​កិច្ច​ព្រមព្រៀង​ផ្ទុយ​ពី​នេះ។ កម្មសិទ្ធិករ​អវិភាគ​ម្នាក់ៗ​មាន​នាទី​គ្រប់គ្រង​ជា​ធម្មតា​ដូចជា​ការ​ ជួសជុល​ថែទាំ​និង​ការ​ដាំ​ដុះ​ បើ​កម្មសិទ្ធិករ​អវិភាគ​ភាគច្រើន​មិន​បាន​ចាត់​ឱ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ទេ។

កិច្ចការ​សំខាន់ៗ​ដូច​ជា​ការ​ប្ដូរ​ដំណាំ​និង​ការ​ជួសជុល​ធំៗ​អាច​សម្រេច​ បាន​ លុះ​ត្រា​តែ​ភាគ​ច្រើន​នៃ​កម្មសិទ្ធិករ​អវិភាគ​ដែល​មាន​ចំណែក​រួម​គ្នា​លើស​ ពី​ពាក់កណ្ដាល​នៃ​ទ្រព្យ​នោះ​បាន​យល់​ព្រម។

មាត្រា​ ១៧១.-

កម្មសិទ្ធិករ​អវិភាគ​ម្នាក់ៗ​ត្រូវ​យកចិត្ត​ទុកដាក់​ថែទាំ​និង​ការពារ​ ប្រយោជន៍​រួម។ កម្មសិទ្ធិករ​អវិភាគ​អាស្រ័យ​ផល​ពី​ទ្រព្យ​និង​ប្រើប្រាស់​ទ្រព្យ​ក្នុង​ ព្រំដែន​ដែល​មិន​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​កម្មសិទ្ធិករ​អវិភាគ​ឯ​ទៀត។

ការ​ព្រមព្រៀង​គ្នា​ពី​កម្មសិទ្ធិករ​អវិភាគ​ទាំងអស់​ជា​ការ​ចាំបាច់​ សំរាប់​ការ​ផ្ទេរ​សិទ្ធិ​ ការ​បង្កើត​សិទ្ធិ​ភណ្ឌិក​ឬ​ការ​ផ្លាស់ប្ដូរ​គោលដៅ​នៃ​ទ្រព្យ​ លើកលែង​តែ​មាន​វិធាន​ផ្សេង​ពី​នេះ។

មាត្រា​ ១៧២.-

ចំណាយ​លើ​ការ​គ្រប់គ្រង​ ការ​បង់ពន្ធ​និង​បន្ទុក​ផ្សេងទៀត​លើ​ទ្រព្យ​អវិភាគ​ត្រូវ​ទទួល​រ៉ាប់រង​ដោយ​ កម្មសិទ្ធិករ​អវិភាគ​ទាំងអស់​តាម​សមាមាត្រ​នៃ​ចំណែក​រៀងៗ​ខ្លួន​ លើក​លែង​តែ​មាន​បញ្ញត្តិ​ផ្ទុយ​ពី​នេះ។

មាត្រា​ ១៧៣.-

គ្មាន​ជន​ណា​មួយ​អាច​ត្រូវ​បាន​បង្ខំ​ឲ្យ​នៅ​ក្នុង​អវិភាគកម្ម​បាន​ទេ។ កម្មសិទ្ធិករ​អវិភាគ​ម្នាក់ៗ​អាច​ទាមទារ​ឲ្យ​បែង​ចែក​ទ្រព្យ​អវិភាគ​នោះ​ បាន។

កម្មសិទ្ធិករ​អវិភាគ​ទាំងឡាយ​អាច​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នូវ​ស្ថានភាព​ នៃ​អវិភាគកម្ម​ប៉ុន្តែ​ស្ថានភាព​បែប​នេះ​មិន​អាច​ចាប់​បង្ខំ​ឱ្យលើស​ពី​ រយៈពេល​ ៥​ (ប្រាំ)​ ឆ្នាំ​បាន​ឡើយ​ លើកលែង​តែ​មាន​កិច្ច​ព្រមព្រៀង​ថ្មី

មាត្រា​ ១៧៤.-

អវិភាគកម្ម​ត្រូវ​ចប់​ដោយ​ការ​បែងចែក​ទ្រព្យ​តាម​រូប​ដើម​ឬ​ដោយ​ការ​លក់​ ទ្រព្យ​ហើយ​ចែក​ថ្លៃ​គ្នា​ឬ​ដោយ​កម្មសិទ្ធិករ​អវិភាគ​ម្នាក់​ឬ​ច្រើន​នាក់​ ទទួល​យក​ចំណែក​របស់​អ្នក​ដទៃ។

ប្រសិន​ជា​កម្មសិទ្ធិករ​អវិភាគ​មិន​យល់​ព្រម​តាម​អំពី​​របៀប​នៃ​ការចែក​ អ្នក​ទាំង​នោះ​ត្រូវ​ប្ដឹង​ទៅ​តុលាការ​ដែល​នឹង​រៀបចំ​ចែក​ទ្រព្យ​ឬ​បើ​ ទ្រព្យ​នោះ​ កាល​បើ​ចែក​ទៅ​នាំ​ឱ្យថយ​ថ្លៃ​ច្រើន​តុលាការ​អាច​បង្គាប់​ឱ្យ​លក់​ទ្រព្យ​ ទាំង​មូល​ទៅ​ឱ្យតតិយជន​ឬ​ទៅ​ឱ្យ​កម្មសិទ្ធិករ​ អវិភាគ​ណា​ម្នាក់​ក៏​បាន។

ជំពូក​ទី ១០
អំពី​សហកម្ម​សិទ្ធិ

មាត្រា​ ១៧៥.-

សហកម្ម​សិទ្ធិ​គឺ​ជា​កម្មសិទ្ធិ​លើ​ទ្រព្យ​ជា​អចលនវត្ថុ​របស់​បុគ្គល​ច្រើន​ នាក់​បែងចែក​តាម​ឡូត៍​ ដែល​មា្នក់ៗ​បាន​មួយ​ចំណែក​ជា​ឯកជន​ហើយ​មួយ​ចំណែក​ទៀត​ជា​ផ្នែក​នៃ​ទ្រព្យ​ រួម។

មាត្រា​ ១៧៦.-

សហកម្មសិទ្ធិករ​ទាំងឡាយ​អាច​រៀបចំ​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​កំណត់​របៀប​ គ្រប់គ្រង​ និង​វិធាន​នៃ​ការ​ថែទាំ​ព្រម​ទាំង​កាតព្វកិច្ច​របស់​សហកម្មសិទ្ធិករ​ ជា​ពិសេស​ចំពោះ​ផ្នែក​រួម​ដោយ​គោរព​តាម​បទប្បញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​ នេះ។

ក្នុង​ករណីដែល​គ្មាន​បទបញ្ជា​ផ្ទៃ​ក្នុង​នេះ​ទេ​ សហកម្ម​សិទ្ធិ​ត្រូវ​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​ទាំងឡាយ​ដែល​បាន​កំណត់​ពី ​មាត្រា​ ១៧៧​ ដល់​មាត្រា​ ១៨៥​ នៃ​ច្បាប់​នេះ។

មាត្រា​ ១៧៧.-

សហកម្ម​សិទ្ធិករ​ទាំងឡាយ​មាន​សិទ្ធិ​ពេញលេញ​លើ​ចំណែក​ឯកជន​របស់​ខ្លួន​ដោយ​ មិន​បំពាន​ទៅ​លើ​ចំណែក​រួម​ និង​មិន​រំខាន​ ឬ​រាំងស្ទះ​ដល់​ការ​ប្រើប្រាស់​ចំណែក​រួម​ដោយ​សហកម្មសិទ្ធិករ​ដទៃ​ទៀត។ សហកម្ម​សិទ្ធិករ​ទាំង​នោះ​អាច​ផ្ទេរ​សិទ្ធិ​ដោយ​សេរី​ ជួល​ឬ​បង្កើត​ផលុបភោគ​រៀបចំ​សិទ្ធិ​ប្រើប្រាស់​និង​អាស្រ័យ​នៅ​ ដាក់​ហ៊ីប៉ូតែក​ ដាក់​បញ្ចាំ​នូវ​ចំណែក​ឯកជន​របស់​ខ្លួន។ប៉ុន្តែ​សហកម្ម​សិទ្ធិករ​មិន​អាច​ បង្កើត​សេវភាព​លើ​ចំណែក​ឯកជន​របស់​ខ្លួន​នោះ​បាន​ទេ។

មាត្រា​ ១៧៨.-

រាល់​ចំណែក​នៃ​អគារ​ឬ​ដី​សម្រាប់​ការ​ប្រើប្រាស់​ផ្ដាច់​មុខ​នៃ​ សហកម្មសិទ្ធិករ​ណា​មួយ​បង្កើត​បាន​ជា​ចំណែក​ឯកជន។ វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ត្រូវ​កំណត់​អំពី​ប្រភេទ​និង​ទំហំ​នៃ ​ចំណែក​នោះ។

មាត្រា​ ១៧៩.-

រាល់​ចំណែក​នៃ​អគារ​ឬ​ដី​សម្រាប់​ការ​ប្រើប្រាស់​ឬ​ជា​ប្រយោជន៍​នៃ​ សហកម្មសិទ្ធិករ​ទាំងឡាយ​ឬ​សហកម្ម​សិទ្ធិករ​ខ្លះ​ក្នុង​ចំណោម​នោះ​បង្កើត​បាន ​ជា​ចំណែក​រួម។

ទ្រព្យ​រួម​មាន​ជា​អាទិ:

- ដី​ ទីធ្លា​ ឧទ្យាន​និង​សួន​ច្បារ​ ផ្លូវ​ ច្រក​ចេញចូល

- ជញ្ជាំង​ សសរ​ទ្រទ្រង់​សំខាន់ៗ​នៃ​អគារ​ ឧបករណ៍​រួម​រាប់​បញ្ចូល​ចំណែក​ នៃ​បណ្ដាញ​ទឹក​ ភ្លើង បណ្ដាញ​ឧស្ម័ន​ដែល​អាច​ឆ្លងកាត់​ចំណែក​ឯកជន​

- ទូ​រួម​ បំពង់​និង​ក្បាល​បំពង់ផ្សែង

- ទី​កន្លែង​នៃ​សេវា​រួម។

សិទ្ធិ​បន្ទាប់បន្សំ​ខាង​ក្រោម​នេះ​ក៏​ត្រូវ​ទុក​ជា​កម្មសិទ្ធិ​រួម​ដែរ:

- សិទ្ធិ​ជីក​រុករក​វត្ថុ​ធាតុ​ដែល​មាន​ក្នុង​ដី

- សិទ្ធិ​ស្ថាបនា​អគារ​ថ្មី​ក្នុង​ទីធ្លា​ ឧទ្យាន​ឬ​សួន​ច្បារ​ដែល​ជា​ចំណែក​រួម

- សិទ្ធិ​ជីក​រុករក​ក្នុង​ទីធ្លា​ ឧទ្យាន​ឬ​សួនច្បារ​ទាំង​នោះ

- សិទ្ធិ​នៃ​អឌ្ឍ​សិទ្ធិ​ភាព​ដែល​ជាប់​ទៅ​នឹង​ចំណែក​រួម​ទាំងឡាយ

- សិទ្ធិ​លើក​បន្ត​ឱ្យ​​ខ្ពស់​នូវ​អគារ​សំរាប់​ប្រើប្រាស់​រួម​ឬ​ដែល​មាន​ កន្លែង​ច្រើន​បង្កើត​បាន​ជា​ចំណែក​ឯកជន​ផ្សេងគ្នា។ គ្មាន​ករណី​ណា​មួយ​ដែល​កម្មសិទ្ធិករ​នៃ​អគារ​សហកម្ម​សិទ្ធិ​ជាន់​លើ​បំផុត​ អាច​លើក​បន្ត​សម្រាប់​តែ​ខ្លួន​ឯង​ផ្ទាល់​ ឬ​ លក់​សិទ្ធិ​នៃ​ការ​លើក​បន្ត​នេះ​ឡើយ។

- បទប្បញ្ញត្តិ​នេះ​មាន​លក្ខណៈ​ជា​សណ្ដាប់ធ្នាប់​សាធារណៈ។

មាត្រា​ ១៨០.-

សហកម្មសិទ្ធិករ​ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​ចំណែក​រួម​នៃ​អគារ​ឬ​ដី​ដោយ​បាន​ កែប្រែ​ដើម្បី​ការ​ប្រើប្រាស់​ជា​ឯកជន​ឬ​សំរាប់​លក់​នឹង​ត្រូវ​បង្ខំ​ឱ្យ​ រៀបចំ​ដូច​សភាព​ដើម​វិញ។ សហកម្ម​សិទ្ធិករ​នោះ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​មាន​ចែង​ក្នុង​មាត្រា​ ២៥៧​ នៃ​ច្បាប់​នេះ។

ជន​ក្រៅ​សហកម្ម​សិទ្ធិករ​ដែល​ដណ្ដើម​យក​ចំណែក​រួម​សម្រាប់​ជា​ទី​លំនៅ​ឯកជន​ របស់​ខ្លួន​នឹង​ត្រូវ​បង្ខំ​ឱ្យ​​សង​កន្លែង​ដែល​កាន់កាប់​ខុស​ច្បាប់​ ហើយ​ត្រូវ​ធ្វើ​ឱ្យ​​មាន​សភាព​ដូច​ដើម​វិញ។

ក្នុង​ករណី​ណា​ក៏​ដោយ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​អាច​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​ឱ្យ​បុគ្គល​នោះ​ បាន​ឡើយ​ ពុំ​នោះ​ទេ​នឹង​ចាត់​ទុក​អ្នក​សម​គំនិត​និង​ត្រូវ​ទទួល​ខុសត្រូវ​រួម​ជា​មួយ ​ដែរ។ អាជ្ញាធរ​មាន​ភារកិច្ច​បង្ខំ​ឱ្យ​អ្នក​កាន់កាប់​ដោយ​ខុស​ច្បាប់​រុះរើ​ចេញ។

បញ្ញត្តិ​ទាំង​នេះ​ក៏​មាន​គោលដៅ​ដាក់​ទោស​អ្នក​មិន​ទទួល​ស្គាល់​កម្មសិទ្ធិ​ និង​លក្ខខណ្ឌ​នៃ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ជា​សារវ័ន្ត​ ហើយ​ត្រូវ​អនុវត្ត​ចំពោះ​ការ​ប៉ះពាល់​ដែល​មាន​កន្លង​មក​មុន​ការ​ប្រកាស​ឱ្យ​ ប្រើ​ច្បាប់​នេះ។

មាត្រា​ ១៨១.-

ចំណែក​រួម​គឺ​ជា​កម្មសិទ្ធិ​អវិភាគ​របស់​សហកម្ម​សិទ្ធិករ។ សហកម្ម​សិទ្ធិករ​ត្រូវ​បាន​ធានា​ការ​ថែទាំ​ចំណែក​រួម។ បន្ទុក​នៃ​ការ​ថែទាំ​នេះ​ត្រូវ​ចែក​គ្នា​តាម​សមាមាត្រ​ទៅ​នឹង​តម្លៃ​នៃ​ឡូត៍ ​នីមួយៗ។

មាត្រា​ ១៨២.-

ជញ្ជាំង​ដែល​ខ័ណ្ឌ​ចំណែក​ឯកជន​ត្រូវ​ចាត់​ទុក​ជា​ជញ្ជាំង​អឌ្ឍសិទ្ធិ​ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​១១​ នៃ​ច្បាប់​នេះ។

មាត្រា​ ១៨៣.-

ចំណែក​រួម​និង​សិទ្ធិ​បន្ទាប់​បន្សំ​ទាំងឡាយ​មិន​អាច​ជា​កម្មវត្ថុ​នៃ​ការ​ បែងចែក​ឬ​បង្ខំ​ឱ្យ​លក់​ដាច់​ដោយ​ឡែក​ពី​ចំណែក​ឯកជន​បាន​ឡើយ។

មាត្រា​ ១៨៤.-

សហកម្ម​សិទ្ធិករ​អាច​បង្កើត​អង្គការ​គ្រប់គ្រង​ដែល​អាច​ជា​ ក្រុមប្រឹក្សាភិបាល​ឬ/និង​គណៈកម្មការ​គ្រប់គ្រង​ដើម្បី​ទទួល​បន្ទុក​ កិច្ចការ​សហកម្មសិទ្ធិ។ អង្គការ​គ្រប់គ្រង​នេះ​ត្រូវ​ជ្រើសរើស​ ដោយ​មហាសន្និបាត​ដែល​មាន​ការ​ចូលរួម​ពី​សហកម្ម​សិទ្ធិករ​ទាំងអស់​ដោយ​គិត​ តាម​សមាមាត្រ​នៃ​សារៈសំខាន់​នៃ​ឡូត៍​រៀងៗ​ខ្លួន។ អង្គការ​គ្រប់គ្រង​ធ្វើ​ការ​សម្រេច​ចិត្ត​ទាក់ទង​ទៅ​នឹង​ការ​ថែទាំ​ សហកម្មសិទ្ធិ​តាម​មតិ​ភាគ​ច្រើន។

សហកម្ម​សិទ្ធិករ​ត្រូវ​គោរព​តាម​សេចក្ដី​សំរេច​ដែល​បាន​ដាក់​ចេញ​ដោយ​ មហាសន្និបាត​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ថែទាំ​និង​ការ​ធ្វើ​ឱ្យ​ស្រប​ទៅ​ នឹង​លក្ខខណ្ឌ​នៃ​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ចំណែក​រួម។

សហកម្ម​សិទ្ធិករ​ណា​ម្នាក់​ដែល​មិន​ព្រម​គោរព​តាម​ការ​សម្រេច​របស់​ មហាសន្និបាត​និង​ដោះ​ខ្លួន​ពី​ចំណែក​នៃ​បន្ទុក​ដែល​ធ្លាក់​មក​លើ​ខ្លួន​ អាច​នឹង​ត្រូវ​បាន​ប្ដឹង​ទៅ​តុលាការ​ដើម្បី​បង្ខំ​ឱ្យបង់​បន្ទុក​ដែល​ត្រូវ​ បង់។

ក្នុង​ករណី​គ្មាន​ការ​បង្កើត​អង្គការ​គ្រប់គ្រង​ ការ​គ្រប់គ្រង​សហកម្ម​សិទ្ធិករ​ត្រូវ​រ៉ាប់រង​ផ្ទាល់​ដោយ​សហកម្ម​សិទ្ធិករ​ ទាំងអស់​ដែល​ធ្វើ​ការ​សម្រេច​ជា​ឯកច្ឆន្ទ។ បើ​សិន​គ្មាន​ការ​ យល់​ព្រម​ណា​មួយ​អាច​កើត​ឡើង​រវាង​សហកម្ម​សិទ្ធិករ​ទេ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ការ​ថែទាំ​មិន​ល្អ​ឬ​ថយ​តម្លៃ​នៃ​សហកម្មសិទ្ធិ​ សហកម្ម​សិទ្ធិករ​ទាំងអស់​ក្រោយ​ពី​មាន​ការ​ព្រមព្រៀង​គ្នា​អាច​ប្ដឹង​ទៅ​ តុលាការ​ឱ្យ​ចាត់​អ្នក​គ្រប់គ្រង​សហកម្មសិទ្ធិ​ម្នាក់។ ប្រាក់​ឈ្នួល​សំរាប់អ្នក​គ្រប់គ្រង​ជា​បន្ទុក​នៃ​សហកម្ម​សិទ្ធិករ​ទាំងអស់។

មាត្រា​ ១៨៥.-

អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​ដាក់​វិធានការ​ឱ្យ​សហកម្មសិទ្ធិករ​ រ៉ាប់រង​ការ​ថែទាំ​ឱ្យ​ល្អ​លើ​ចំណែក​រួម។

សោហ៊ុយ​នៃ​ការ​ថែទាំ​ជា​បន្ទុក​នៃ​សហកម្ម​សិទ្ធិករ​ ដោយ​គិត​តាម​សមាមាត្រ​ទៅ​នឹង​តម្លៃ​នៃ​ចំណែក​រៀងៗ​ខ្លួន។

សហកម្ម​សិទ្ធិករ​ដែល​មិន​ព្រម​ចូល​រួម​ទទួល​បន្ទុក​នេះ​ឬ​មិន​គោរព​តាម​ លក្ខខណ្ឌ​នៃ​សណ្ដាប់ធ្នាប់​សាធារណៈ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​មាន​ចែង​ក្នុង​ មាត្រា​ ២៥៨​ នៃ​ច្បាប់​ នេះ។

ជំពូក​ទី​ ១១
អំពី​អឌ្ឍសិទ្ធិ​ភាព

មាត្រា​ ១៨៦.-

អឌ្ឍសិទ្ធិភាព​គឺ​ជា​ទម្រង់​មួយ​នៃ​កម្មសិទ្ធិ​រួម​អនុវត្ត​ទៅ​លើ​ជញ្ជាំង​ និង​កំពែង​ដែល​នៅ​ត្រង់​ព្រំ​ខ័ណ្ឌ​ចែក​កម្មសិទ្ធិ​ពីរ​ជាប់​គ្នា។

កំពែង​ក្នុង​ន័យ​នៃ​ច្បាប់​នេះ​គឺ​សំដៅ​ទៅ​លើ​ស្នាម​ភ្លោះ​ របង​និង​ភ្លឺ។

ផ្នែក​ទី​ ១ : អំពី​ជញ្ជាំង​អឌ្ឍសិទ្ធិ

មាត្រា​ ១៨៧.-

ការ​ជួសជុល​និង​ការ​សាងសង់​ជញ្ជាំង​អឌ្ឍសិទ្ធិ​ឡើង​វិញ​ ជា​បន្ទុក​នៃ​អ្នក​ដែល​មាន​សិទ្ធិ​លើ​ទ្រព្យ​នោះ​តាម​សមាមាត្រ​ទៅ​នឹង​ សិទ្ធិ​នៃ​កម្មសិទ្ធិករ​ម្នាក់ៗ។

រាល់​កម្មសិទ្ធិករ​ដែល​ពាក់ព័ន្ធ​អាច​ឱ្យ​រួច​ពី​ការ​ចេញ​ថ្លៃ​ជួសជុល​ ឬ​សាងសង់​ជញ្ជាំង​អឌ្ឍសិទ្ធិ​ឡើង​វិញ​ ដោយ​លះបង់​សិទ្ធិ​នៃ​អឌ្ឍសិទ្ធិ​របស់​ខ្លួន​លើកលែង​តែ​ជញ្ជាំង​អឌ្ឍសិទ្ធិ​ ទល់​ទ្រ​អគារ​ដែល​ជា​របស់​ខ្លួន​ប៉ុណ្ណោះ។

មាត្រា​ ១៨៨.-

កម្មសិទ្ធិករ​ណា​ម្នាក់​នៃ​ជញ្ជាំង​អឌ្ឍសិទ្ធិ​មិន​អាច​ចោះចូល​ជ្រៅ​ទៅ​ ក្នុង​ជញ្ជាំង​អឌ្ឍសិទ្ធិ​ឬ​ធ្វើ​ការ្យ​អ្វី​ដែល​អាច​បណ្ដាល​ឱ្យ​ខូចខាត​ដល់ ​ជញ្ជាំង​អឌ្ឍសិទ្ធិ​ ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​កម្មសិទ្ធិករ​ម្ខាង​ទៀត​ឡើយ។ ក្នុង​ករណី​គ្មាន​ការ​ព្រមព្រៀង​គ្នា​ តម្រូវ​ឱ្យ​អាជ្ញាកណ្ដាល​ជា​អ្នក​ជំនាញ​ដែល​នឹង​កំណត់​មធ្យោបាយ​ចាំបាច់​ សំរាប់​ការ្យ​ថ្មី​ ដែល​មិន​រំខាន​ដល់​សិទ្ធិ​របស់​កម្មសិទ្ធិករ​ណា​ម្នាក់។

មាត្រា​ ១៨៩.-

កម្មសិទ្ធិករ​ម្នាក់ៗ​អាច​សង់​ជាប់​នឹង​ជញ្ជាំង​អឌ្ឍសិទ្ធិ​និង​ដាក់​ធ្នឹម​ និង​រនូត​ ចូល​ក្នុង​ជញ្ជាំង​អឌ្ឍសិទ្ធិ​ដោយ​ទុក​ឱ្យ​ដល់​ប្រាំ​សង្ទី​ម៉ែត្រ​ តែ​ការងារ​នេះ​មិន​ត្រូវ​ធ្វើ​ឱ្យ​ខូច​ដល់​សិទ្ធិ​របស់​អ្នក​ម្ខាង​ទៀត​ឡើយ។ ប្រសិន​បើ​កម្មសិទ្ធិករ​ម្ខាង​ទៀត​នោះ​មាន​បំណង​សង់​ពី​ម្ខាង​ត្រង់​កន្លែង​ នោះ​មក​វិញ​ដែរ​ កម្មសិទ្ធិករ​នោះ​អាច​មាន​សិទ្ធិ​ទាមទារ​ឱ្យ​បន្ថយ​ធ្នឹម​និង​រនូត​នោះ​មក​ ត្រឹម​ពាក់​កណ្ដាល​នៃ​កំរាស់​ជញ្ជាំង​វិញ។

មាត្រា​ ១៩០.-

កម្មសិទ្ធិករ​នៃ​អចលនវត្ថុ​ដែល​នៅ​ជាប់​ជញ្ជាំង​ណា​មួយ​របស់​កម្មសិទ្ធិករ​ ដទៃ​ មាន​សិទ្ធិ​ធ្វើ​ជញ្ជាំង​នោះ​ឱ្យ​ទៅ​ជា​ជញ្ជាំង​អឌ្ឍសិទ្ធិ​ទាំងស្រុង​ឬ​មួយ ​ចំណែក​ដោយ​សង​ទៅ​កម្មសិទ្ធិករ​នៃ​ជញ្ជាំង​នោះ​នូវ​តម្លៃ​ពាក់កណ្ដាល​នៃ​ ចំណែក​ដែល​ខ្លួន​ចង់​ធ្វើ​ឱ្យ​ទៅ​ជា​អឌ្ឍសិទ្ធិ​ បូក​នឹង​ពាក់​កណ្ដាល​តម្លៃ​ដី​ដែល​សង់​ជញ្ជាំង​ពី​លើ​នោះ។

មាត្រា​ ១៩១.-

កម្មសិទ្ធិករ​ម្នាក់ៗ​អាច​សង់​បន្ត​ជញ្ជាំង​អឌ្ឍសិទ្ធិ​ឱ្យ​ខ្ពស់​ជាង​មុន​ បាន​ ប៉ុន្តែ​ត្រូវ​ចេញ​សោហ៊ុយ​ក្នុង​ការ​សង់​ ការ​ជួសជុល​ថែទាំ​ជញ្ជាំង​ដែល​ខ្ពស់​ហួស​កំណត់​ដើម​នោះ​តែ​ម្នាក់​ឯង។ ក្រៅ​ពី​នេះ​ កម្មសិទ្ធិករ​នោះ​ត្រូវ​ចេញ​សោហ៊ុយ​សំរាប់​បន្ទុក​ដែល​កើត​មក​ពី​ការ​លើក​ កំពស់​ហួស​ទៅ​លើ​នោះ​ឱ្យ​សម​តាម​តម្លៃ​ផង។

មាត្រា​ ១៩២.-

ប្រសិន​បើ​ជញ្ជាំង​អឌ្ឍសិទ្ធិ​មិន​មាំ​មិន​អាច​ទ្រទ្រង់​កំពស់​ដែល​លើក​ទៅ​ លើ​នោះ​បាន​អ្នក​ដែល​ចង់​លើក​ឱ្យ​ខ្ពស់​នោះ​អាច​រុះ​រើ​ធ្វើ​ជា​ថ្មី​ ទាំងអស់​ឡើង​វិញ​ដោយ​សោហ៊ុយ​ផ្ទាល់​ខ្លួន។ ឯ​កំរាស់​ជញ្ជាំង​ដែល​ត្រូវ​ធ្វើ​​លើស​ពី​កំរាស់​ដើម​ត្រូវ​​សង់​ដាក់​ខាងលើ ​ដី​របស់​ខ្លួន។

មាត្រា​ ១៩៣.-

កម្មសិទ្ធិ​ករ​ម្ខាង​ទៀត​ដែល​មិន​បាន​​ជួយ​ក្នុង​ការ​សង់​ឱ្យ​ឡើង​ខ្ពស់​ បើ​ត្រូវ​​ការ​យក​សំណង់​នោះ​ទុក​​ជា​របស់​​អឌ្ឍសិទ្ធិ​នៃ​ខ្លួន​ដែរ​ ត្រូវ​ចេញ​​ថ្លៃ​សំណង់​ដែល​លើក​ឱ្យ​ខ្ពស់​​ពាក់កណ្ដាល​បូក​នឹង​ពាក់កណ្ដាល​ នៃ​ថ្លៃ​​ដី​ដែល​សង់​ជញ្ជាំង​លើស​ពី​កំរាស់​ដើម​នោះ។

ផ្នែក​ទី​ ២​ : អំពី​ស្នាម​ភ្លោះ​ របង​ ភ្លឺ​អឌ្ឍសិទ្ធិ​

មាត្រា​ ១៩៤.-

កំពែង​អឌ្ឍសិទ្ធិ​ដែល​បាន​បង្កើត​​ដោយ​ស្នាម​ភ្លោះ​ក្ដី​ ដោយ​របង​ក្ដី​ ដោយ​ភ្លឺ​ក្ដី​ ត្រូវ​តែ​ថែទាំ​ដោយ​សោហ៊ុយ​រួម។ តែ​បើ​កម្មសិទ្ធិករ​​ណា​ម្នាក់​ចង់​ដក​ខ្លួន​ចេញ​ពី​កាតព្វកិច្ច​​នេះ​ កម្មសិទ្ធិករ​នោះ​អាច​​ធ្វើ​បាន​ដោយ​គ្រាន់​តែ​លះបង់​អឌ្ឍសិទ្ធិភាព​​របស់​ ខ្លួន​ចោល​ប៉ុណ្ណោះ។

ប៉ុន្តែ​​បើ​ស្នាម​ភ្លោះ​ឬ​ភ្លឺ​នោះ​ ជា​កន្លែង​សម្រាប់​បង្ហូរ​ទឹក​ជា​ធម្មតា​ សហកម្មសិទ្ធិ​ករ​មិន​អាច​លះបង់​អឌ្ឍសិទ្ធិ​របស់​ខ្លួន​បាន​ឡើយ។

មាត្រា​ ១៩៥.-

កម្មសិទ្ធិករ​ដែល​មាន​ដី​ជាប់​នឹង​ស្នាម​ភ្លោះ​ របង​ឬ​ភ្លឺ​ណា​មួយ​ដែល​មិន​មែន​​ជា​របស់​អឌ្ឍសិទ្ធិ​ទេ​ មិន​អាច​​តម្រូវ​ឱ្យ​ម្ចាស់​ស្នាម​ភ្លោះ​ ម្ចាស់​របង​ ម្ចាស់​ភ្លឺ​នោះ​ដាក់​ស្នាម​ភ្លោះ​ របង​ឬ​ភ្លឺ​នោះ​​ជា​របស់​អឌ្ឍសិទ្ធិ​ឱ្យ​ខ្លួន​​បាន​ឡើយ។

មាត្រា​ ១៩៦.-

កម្មសិទ្ធិករ​នៃ​​របង​អឌ្ឍសិទ្ធិ​អាច​ជួសជុល​ កែលំអ​ឫ​រុះរើរ​បង​នោះ​រហូត​ដល់​ព្រំប្រទល់​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ តែ​ត្រូវ​​ធ្វើ​របង​ត្រឹម​ដី​របស់​ខ្លួន​ឡើង​វិញ។

សិទ្ធិ​នេះ​អាច​ប្រើ​បាន​ក្នុង​ករណី​បើ​ស្នាម​ភ្លោះ​ឬ​ភ្លឺ​អឌ្ឍសិទ្ធិ​នោះ​ គ្រាន់​តែ​ប្រើប្រាស់​ជា​របង​ប៉ុណ្ណោះ។

មាតិកា​ទី​ ៥​
អំពី​ប្រាតិភោគ​អចលនវត្ថុ​

មាត្រា​ ១៩៧.-

ទ្រព្យ​ជា​អចលនវត្ថុ​អាច​បង្កើត​ជា​ប្រាតិភោគ​សំរាប់​ដាក់​ធានា​ការ​សង​ បំណុល​ដោយ​កម្មសិទ្ធិករ​នៃ​ទ្រព្យ​នោះ​តាមរយៈ​ហ៊ីប៉ូតែក​ឬ​ការ​បញ្ចាំ​ឬ​ការ ​ដាក់​ធានា។

ជំពូក​ទី​ ១២​
អំពី​ហ៊ីប៉ូតែក​

មាត្រា​ ១៩៨.-

ហ៊ីប៉ូតែក​គឺ​ជា​ប្រាតិភោគ​ភណ្ឌិក​ដែល​បើក​ឱ្យ​ម្ចាស់​បំណុល​ប្ដឹង​សុំ​ឱ្យ​ លក់​អចលនវត្ថុ​នោះ​នៅ​ពេល​ដល់​កំណត់​សង​ ទោះ​ជា​អចលនវត្ថុ​​នោះ​នៅ​លើ​ដៃ​​ជន​ណា​ក៏​ដោយ​ ដើម្បី​យក​ប្រាក់​មក​សង​ខ្លួន​និង​ម្ចាស់​បំណុល​ដទៃ​ទៀត​ដែល​ជា​អ្នក​មាន​ បុព្វសិទ្ធិ​និង​បុរិមា​ដោយ​មិន​ដក​អចលនវត្ថុ​នោះ​ពី​កម្មសិទ្ធិករ​ទេ។

មាត្រា​ ១៩៩.-

មាន​តែ​​អចលនវត្ថុ​ដែល​បាន​ចុះ​បញ្ជី​សុរិយោដី​ទេ​ ទើប​អាច​ជា​កម្មវត្ថុ​នៃ​ហ៊ីប៉ូតែក​​បាន។

មាត្រា​ ២០០.-

ម្ចាស់​បំណុល​មិន​អាច​ក្លាយ​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ដែល​បាន​ដាក់​ហ៊ីប៉ូតែក​ជំនួស​ការ​សង​បំណុល​បាន​ឡើយ។

មាត្រា​ ២០១.-

កិច្ចសន្យា​ហ៊ីប៉ូតែក​​ត្រូវ​រៀបចំ​តាម​រូបមន្ត​យថាភូត​ ចំពោះ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឬ​អ្នក​ច្បាប់​​ណា​ម្នាក់​​ដែល​មាន​ នីតិសម្បទា​ក្នុង​រឿង​នេះ។ កិច្ចសន្យា​ត្រូវ​តែ​ចុះ​បញ្ជី​នៅ​អង្គភាព​​សុរិយោដី។ អាជ្ញាធរ​មាន​សមត្ថកិច្ច​​ក្នុង​ការ​​តាក់តែង​កិច្ចសន្យា​ហ៊ីប៉ូតែក​និង​ ទម្រង់​នៃ​ការ​ចុះ​បញ្ជី​នឹង​កំណត់​​ដោយ​អនុក្រឹត្យ។

មាត្រា​ ២០២.-

កិច្ចសន្យា​ហ៊ីប៉ូតែក​ត្រូវ​សរសេរ​បញ្ជាក់​ឱ្យ​ច្បាស់​​ពី​ស្ថានភាព​និង​​ ប្រភេទ​​នៃ​ទ្រព្យ​សេវភាព​ឬ​បន្ទុក​ដែល​កំណត់​​ដោយ​បទបញ្ជា​​ទាំងឡាយ​និង​ តម្លៃ​នៃ​ទ្រព្យ​នោះ។

មាត្រា​ ២០៣.-

ហ៊ីប៉ូតែក​ច្រើន​បន្តបន្ទាប់​គ្នា​អាច​ត្រូវ​បាន​បង្កើត​នៅ​លើ​ទ្រព្យ​តែ​ មួយ។ ម្ចាស់​បំណុល​ម្នាក់ៗ​ប្រើ​សិទ្ធិ​តាម​លំដាប់​អាទិភាព​​នៃ​ការ​ចុះ​លេខា​ ចារិក​ហ៊ីប៉ូតែក​របស់​ខ្លួន។

មាត្រា​ ២០៤.-

ប្រសិន​​បើក​សិទ្ធិករ​នៃ​ទ្រព្យ​ដាក់ហ៊ីប៉ូតែក​មិន​សង​បំណុល​ពេល​ដល់​កំណត់​ ត្រូវ​សង​ម្ចាស់​បំណុល​ម្នាក់​អាច​ប្ដឹង​សុំ​ឱ្យ​លក់​ទ្រព្យ​នោះ​បាន​ដោយ​ មិន​គិត​ពី​លំដាប់​នៃ​ហ៊ីប៉ូតែក​របស់​គេ​ឡើយ។ ម្ចាស់​បំណុល​ហ៊ីប៉ូតែក​នានា​នឹង​ត្រូវ​ទទួល​សំណង​នៅ​ពេល​នោះ​ដែរ តាម​លំដាប់​នៃ​ហ៊ីប៉ូតែក​នីមួយៗ។

មាត្រា ២០៥ .-

ទ្រព្យ​ដែល​កំពុង​ដាក់​បញ្ចាំ​មិន​អាច​ដាក់​ហ៊ីប៉ូតែក​បាន​ឡើយ។

ជំពូក​ទី ១៣
អំពី​ការ​បញ្ចាំ​អចលនវត្ថុ

មាត្រា ២០៦ .-

ការ​បញ្ចាំ​អចលនវត្ថុ​គឺ​ជា​កិច្ច​សន្យា​ដែល​តាម​កិច្ចសន្យា​នោះ កូន​បំណុល​ប្រគល់​ឱ្យ​ម្ចាស់​បំណុល​របស់​ខ្លួន​នូវ​ទ្រព្យ​មួយ​ដើម្បី​ធានា​ ការ​សង​បំណុល។ ម្ចាស់​បំណុល​មាន​សិទ្ធិ​សុំ​ឱ្យ​លក់​ទ្រព្យ​នោះ​ដើម្បី​សង​បំណុល​តាម​ បុព្វសិទ្ធិ​និង​បុរិមា​​ដែល​ខ្លួន​មាន​ជាង​ម្ចាស់​ បំណុល​ដទៃ​ទៀត។

ការ​ប្រើប្រាស់​ទ្រព្យ​ដាក់​បញ្ចាំ​ដោយ​ម្ចាស់​បំណុល​អាច​ជំនួស​ការ​សង​ បំណុល​នេះ​ជា​ការ​ប្រាក់​តែ​មួយ​មុខ​ឬ​ជា​ប្រាក់​ដើម​និង​ការ​ប្រាក់​ផង​​ក៏ ​បាន បើ​សិន​មាន​ចែង​ក្នុង​កិច្ច​សន្យា​បញ្ចាំ។

មាត្រា ២០៧ .-

កិច្ចសន្យា​បញ្ចាំ​អចលនវត្ថុ​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ​តាម​រូបមន្ត​ លិខិត​យថាភូត​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ហើយ​ត្រូវ​ចុះ​បញ្ជី​នៅ​អង្គភាព​សុរិយោដី។

មាត្រា ២០៨ .-

ការ​បញ្ចាំ​អចលនវត្ថុ​ចាត់​ទុក​ជា​បាន​ការ ហើយ​តតិយជន​មិន​អាច​ជំទាស់​បាន លុះត្រាតែ​កិច្ចសន្យា​បញ្ចាំ​នោះ​បាន​ធ្វើ​តាម​បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​ មាត្រា ២០៧ នៃ​ច្បាប់​នេះ។

ការ​មិន​បាន​ចុះ​បញ្ជី​នៅ​អង្គភាព​សុរិយោដី​នូវ​កិច្ចសន្យា​បញ្ចាំ​បណ្ដាល​ ឱ្យ​ថ្លោះ​សិទ្ធិ​ប្រាតិភោគ​ភណ្ឌិក ហើយ​ម្ចាស់​បំណុល​មាន​សិទ្ធិ​ត្រឹម​ប្ដឹង​ទារ​សំណង​តាម​ច្បាប់​ជា​ធរមាន​ ប៉ុណ្ណោះ។

មាត្រា ២០៩ .-

ទ្រព្យ​ជាប់​កិច្ចសន្យា​បញ្ចាំអចលនវត្ថុ​នឹង​ត្រូវ​សង​មក​កូន​បំណុល​វិញ​ជា​ ចាំបាច់​ចាប់ពី​ពេល​ដែល​កូន​បំណុល​បាន​​សង​ទាំង​ស្រុង​រួចហើយ។

ចំពោះ​កិច្ចសន្យា​ដែល​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ផុត​កំណត់​សង​ក្នុង​ រយៈពេល ១០(ដប់) ឆ្នាំ​គិត​ពី​ថ្ងៃ​ដែល​បាន​ចុះ​កិច្ចសន្យា​បញ្ចាំ​មក បើ​ម្ចាស់​បំណុល​មិន​បាន​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​ឱ្យ​សង​ បំណុល​ទេ ម្ចាស់​បំណុល​នោះ​ត្រូវ​បាត់​បង់​ការ​ធានា​នៃ​ការ​ដាក់​បញ្ចាំ។

ចំពោះ​កិច្ចសន្យា​ដែល​បាន​បញ្ជាក់​​ថ្ងៃ​កំណត់​ឱ្យ​សង​ក្នុង​រយៈពេល ១០ (ដប់) ឆ្នាំ គិត​ពី​ថ្ងៃ​ផុត​រយៈពេល​សង​បំណុល​ បើ​ម្ចាស់​បំណុល​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​ឱ្យ​សង ​បំណុល​ទេ ម្ចាស់​បំណុល​នោះ​ត្រូវ​បាត់បង់​ការ​ធានា​នៃ​ការ​ដាក់​​បញ្ចាំ។

ការ​បាត់​បង់​ការ​ធានា​នៃ​ការ​ដាក់​បញ្ចាំ​នេះ​តម្រូវ​ឱ្យ​ម្ចាស់​បំណុល​ ប្រគល់​អចលនវត្ថុ​និង​ប័ណ្ណ​ឱ្យ​កូន​បំណុល​វិញ តែ​កូន​បំណុល​ពុំបាន​រួច​ពី​ការ​សង​បំណុល​ឡើយ ហើយ​ម្ចាស់​បំណុល​មាន​សិទ្ធិ​ត្រឹម​ប្ដឹង​ទារ​សំណង​តាម​ច្បាប់​ជា​ធរមាន​ ប៉ុណ្ណោះ។

ការ​លើកលែង​បញ្ចាំ​​ឬ​ការ​លុប​បន្ទុក​បញ្ចាំ​ត្រូវ​ធ្វើ​លេខា​ចារិក​ក្នុង​ បញ្ជី​សុរិយោដី​តាម​ការ​ស្នើ​សុំ​របស់​កូន​បំណុល​ឬ​ដោយ​ឯក​ឯង។

មាត្រា ២១០ .-

ក្នុង​ករណី​ណា​ក៏ដោយ ម្ចាស់​បំណុល​មិន​អាច​ក្លាយ​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជាប់​កិច្ចសន្យា​ បញ្ចាំ​បាន​ឡើយ។ ខ​សន្យា​ណា​ដែល​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នេះ​ត្រូវ​ទុក​ជា​មោឃៈ។

មាត្រា ២១១ .-

កិច្ច​សន្យា​បញ្ចាំ​អចលនវត្ថុ​អនុញ្ញាត​ឱ្យ​ម្ចាស់​បំណុល​មាន​សិទ្ធិ​ត្រឹម​ តែ​ប្ដឹង​ទៅ​តុលាការ​ឱ្យ​ដាក់​លក់​អចលនវត្ថុ​ដោយ​បង្ខំ​ប៉ុណ្ណោះ ដើម្បី​សង​ខ្លួន​ជា​អាទិភាព ដោយ​បុរិមា​និង​បុព្វសិទ្ធិ​មុន​ម្ចាស់​បំណុល​ដទៃ​ទៀត។

បើ​សិន​ជា​ក្នុង​រយៈពេល​នៃ​កិច្ច​សន្យា​បញ្ចាំ ម្ចាស់​បំណុល​ដែល​ទទួល​បញ្ចាំ​ទិញ​អចលនវត្ថុ​ដែល​ដាក់​បញ្ចាំ កិច្ចសន្យា​ទិញ​នេះ​ត្រូវ​​ចុះ​បញ្ជី​នៅ​អង្គភាព​សុរិយោដី ពុំ​នោះ​ទេ​នឹង​ត្រូវ​ចាត់​ទុក​ជា​មោឃៈ។

មាត្រា ២១២ .-

ម្ចាស់​បំណុល​ដែល​បាន​កាន់កាប់​ទ្រព្យ​ដាក់​បញ្ចាំ អាច​មាន​សិទ្ធិ​អាស្រ័យ​ផល​ពី​ទ្រព្យ​នោះ​ដូច​ជា​ផលុបភោគី​ដែរ លុះ​ត្រា​តែ​មាន​ចែង​ក្នុង​កិច្ចសន្យា​ដាក់​បញ្ចាំ។ ម្ចាស់​បំណុល​មាន​កាតព្វកិច្ច​ថែទាំ​រក្សាទុក​​ទ្រព្យ​នោះ​ឱ្យ​ដូច​ជា​ ទ្រព្យ​របស់​ខ្លួន។ បើ​ទ្រព្យ​នោះ​ខូចខាត​ដោយ​អំពើ​ឬ​កំហុស​ណា​មួយ​របស់​ខ្លួន ខ្លួន​ត្រូវ​សង​តម្លៃ​ខូចខាត​នោះ​ដោយ​កាត់​ប្រាក់​ក្នុង​បំណុល​បាន។

មាត្រា ២១៣ .-

នៅ​ពេល​ផុត​រយៈពេល​នៃ​កិច្ចសន្យា​បញ្ចាំ ដោយ​កូន​បំណុល​បាន​សង​ប្រាក់​អស់​វិញ​ក្ដី​ឬ​ដោយ​ផុត​រយៈពេល​ប្ដឹង​​ដូច​មាន ​ក្នុង​មាត្រា ២០៩ ក្ដី ម្ចាស់​បំណុល​ត្រូវ​សង​មក​កូន​បំណុល​វិញ​នូវ​​ទ្រព្យ​ឬ​តម្លៃ​នៃ​ទ្រព្យ ប្រសិន​បើ​ទ្រព្យ​នេះ​ត្រូវ​បាន​វិនាស​ដោយ​អំពើ​ឬកំហុស​ណាមួយ​របស់​ ម្ចាស់បំណុល។

មាត្រា ២១៤ .-

នៅ​​ថ្ងៃ​ចប់​កិច្ចសន្យា​បញ្ចាំ ហើយ​កូន​បំណុល​មក​សុំ​លោះ​ទ្រព្យ​វិញ​តែ​ម្ចាស់​បំណុល​មិន​ព្រម​ឱ្យ​លោះ ម្ចាស់​បំណុល​ត្រូវ​ជំពាក់​កូនបំណុល​វិញ​នូវ​ផល​ឬ​ផល​ទុន​ដែល​បាន​មក​ពី​ ទ្រព្យ​ដាក់​បញ្ចាំ​ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កូន​បំណុល​សុំ​លោះ​មក។

មាត្រា ២១៥ .-

បើ​ទ្រព្យ​ជា​ដី ហើយ​កិច្ចសន្យា​បញ្ចាំ​មិន​បាន​ចែង​ឱ្យ​ច្បាស់​លាស់​ពី​ថ្ងៃ​កំណត់​សង​ទេ ម្ចាស់បំណុល​នៅ​តែ​មាន​សិទ្ធិ​យក​ផល​ឬ​ផល​ទុន​ដែល​ជា​ផល​កើត​មក​ពី​ការ​ យកចិត្ត​ទុកដាក់​របស់​ខ្លួន​ពី​ការងារ​របស់​ខ្លួន​និង​ពី​ទុន​របស់​ខ្លួន ក្នុង​រដូវ​ដែល​កូន​បំណុល​សុំ​លោះ។

ប៉ុន្តែ​បើ​​ទ្រព្យ​ជា​ផ្ទះ​ ហើយ​កិច្ច​សន្យា​បញ្ចាំ​មិន​បាន​ចែង​ឱ្យ​ច្បាស់​លាស់​ពី​ថ្ងៃ​កំណត់​សង​ទេ​ ម្ចាស់បំណុល​ត្រូវ​ប្រគល់​ទ្រព្យ​ដាក់​បញ្ចាំ​នោះឱ្យ​កូន​បំណុល​គិត​ពី​ថ្ងៃ ​ដែល​កូន​បំណុល​បាន​សង​បំណុល។

មាត្រា ២១៦ .-

ការ​ប្រាក់​ត្រូវ​បាន​បញ្ចប់​ចាប់​ពី​ថ្ងៃ​ដែល​កូន​បំណុល​បាន​សង​បំណុល​រួច មុន​ការ​បញ្ចប់​កិច្ចសន្យា។ ការ​ស្នើ​សង​បំណុល​ត្រូវ​បង្ហាញ​ពី​ចំនួន​និង​ត្រូវ​កត់​ត្រា​ក្នុង​លិខិត​ ដែល​មាន​ចុះហត្ថលេខា​ដោយ​មេ​ឃុំ​ឬ​ចៅ​សង្កាត់​ជា​មួយ​នឹង​ហត្ថលេខា​កូន​ បំណុល​និង​សាក្សី​ពីរ​នាក់។

មាត្រា ២១៧ -

ការ​បង់​ពន្ធដារ​នៅ​តែ​ជា​បន្ទុក​នៃ​កូន​បំណុល​ លើកលែង​​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ផ្សេង​ពី​នេះ​រវាង​ម្ចាស់​បំណុល​និង​កូន​បំណុល។

មាត្រា​ ២១៨.-

បើ​កូន​បំណុល​បាន​សង​បំណុល​គ្រប់​ចំនួន​ហើយ​ ម្ចាស់​បំណុល​មិន​អាច​រក្សា​ទុក​ទ្រព្យ​ ដែល​បាន​ដាក់​បញ្ចាំ​ ដោយ​យក​លេស​ថា​កូន​បំណុល​នៅ​ជំពាក់​បំណុល​មួយ​ផ្សេង​ទៀត​បាន​ទេ​ ទោះ​ជា​​បំណុល​ក្រោយ​នេះ​ដល់​កំណត់​ទារ​ហើយ​ក៏​ដោយ​ លើក​លែង​​តែ​មាន​កិច្ចសន្យា​បញ្ចាំ​ថ្មី​មួយ​ទៀត​លើ​ទ្រព្យ​ដដែល​នេះ​ ហើយ​បាន​រៀបចំ​តាម​ទម្រង់​នៃ​ច្បាប់​ទៀត​ផង។

កូន​បំណុល​អាច​ប្រើ​សិទ្ធិ​ខាង​លើ​នេះ​ លើ​ទាយាទ​ឬ​លើ​សិទ្ធិវន្ដ​នៃ​ម្ចាស់​បំណុល​បាន។

ជំពូក​ទី ១៤
អំពី​ការ​ដាក់​ធានា

មាត្រា ២១៩ .-

ការ​ដាក់​ធានា​គឺ​ជា​កិច្ចសន្យា​មួយ​ដែល​បាន​សម្រេច​ឡើង​ដើម្បី​ធានា​ការ​សង ​បំណុល​ដែល​ក្នុង​នោះ​កូនបំណុល​ប្រគល់​ទៅ​ឱ្យ​ម្ចាស់បំណុល​របស់​ខ្លួន មិនមែន​ជា​ទ្រព្យ​ទេ​តែ​ជា​ប័ណ្ណ​កម្មសិទ្ធិ​នៃ​ទ្រព្យ​នោះ​ដែល​បាន​ចុះ​ និទ្ទេស​ក្នុង​បញ្ជី​សុរិយោដី។

មាត្រា​ ២២០ .-

កិច្ចសន្យា​ដាក់​ធានា​ត្រូវ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរ​តាម​រូបមន្ត​​យថាភូត​និង​ត្រូវ​ចុះ​លេខា​ចារិក​ក្នុង​បញ្ជី​សុរិយោដី។

មាត្រា ២២១ .-

ក្នុង​ករណី​ណា​ក៏ដោយ ម្ចាស់បំណុល​មិន​​អាច​ក្លាយ​ជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជាប់​កិច្ចសន្យា​​ ដាក់​ធានា​បាន​ឡើយ។ ខ​សន្យា​ណា​ដែល​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​ត្រូវ​ទុក​ជា​មោឃៈ។

កិច្ចសន្យា​ដាក់​ធានា​អនុញ្ញាត​ឱ្យ​ម្ចាស់​បំណុល​មាន​សិទ្ធិ​ត្រឹម​តែ​ប្ដឹង ​ទៅ​តុលាការ​ឱ្យ​ដាក់​លក់​អចលនវត្ថុ​ដោយ​បង្ខំ​តែ​ប៉ុណ្ណោះ ដើម្បី​សង​ខ្លួន​ជា​អាទិភាព​ដោយ​បុរិមា​និង​បុព្វសិទ្ធិ​មុន​ម្ចាស់​បំណុល​ ដទៃ​ទៀត។

មាត្រា ២២២ .-

បើ​កូនបំណុល​បាន​សង​បំណុល​និង​ការ​ប្រាក់​រួច​ហើយ​តាម​ពេល​កំណត់​ឬ​មុន​ពេល​ កំណត់​ម្ចាស់បំណុល​ត្រូវ​បង្វិល​ប័ណ្ណ​កម្មសិទ្ធិ​មក​កូនបំណុល​វិញ​ដោយ​ធ្វើ ​លេខា​ចារិក​លើកលែង​បន្ទុក​ក្នុង​បញ្ជី​សុរិយោដី។

មាត្រា ២២៣ .-

កូនបំណុល​ត្រូវ​រក្សាទុក គ្រប់គ្រង​និង​ប្រើប្រាស់​ទ្រព្យ​របស់​ខ្លួន ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ដែល​នាំ​ឱ្យ​បន្ថយ​តម្លៃ​ទ្រព្យ​នោះ​បាន​ជា​ដាច់ ​ខាត។

មាត្រា ២២៤.-

សិទ្ធិ​វន្ត​នៃ​កូនបំណុល​និង​សិទ្ធិ​វន្ត​នៃ​ម្ចាស់បំណុល​មាន​កាតព្វកិច្ច​ និង​សិទ្ធិ​ដូច​គ្នា​នឹង​កូន​បំណុល​ឬ​ម្ចាស់​បំណុល​របស់​ខ្លួន​ដែរ។

មាត្រា ២២៥ .-

ទាយាទ​ឬ​ប្រតិសិទ្ធិ​នៃ​កូនបំណុល​ព្រមទាំង​សមាជិក​ទាំងឡាយ​នៃ​គ្រួសារ​ដែល​ អាច​ប្រកាស​ថា​ជា​សហកម្មសិទ្ធិករ​នៃ​ទ្រព្យ​ដាក់​ធានា មាន​កាតព្វកិច្ច​និង​សិទ្ធិ​ដូច​គ្នា​នឹង​កូន​បំណុល​ដែរ។

មាតិកា​ទី ៦
អំពី​សុរិយោដី
ជំពូក​ទី ១៥
អំពី​រដ្ឋបាល​សុរិយោដី

មាត្រា ២២៦ .-

កម្មសិទ្ធិ​លើ​អចលនវត្ថុ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ។ តាម​គោលដៅ​នេះ រដ្ឋបាល​សុរិយោដី​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង សំណង់​មាន​សមត្ថកិច្ច​ធ្វើ​អត្តសញ្ញាណកម្ម​ទ្រព្យ កសាង​ប្លង់​សុរិយោដី ចេញ​ប័ណ្ណ​កម្មសិទ្ធិ ចុះ​បញ្ជី​ដី និង​ផ្ដល់​ពត៌មាន​ដល់​ជន​ទាំង​ឡាយ​អំពី​ស្ថានភាព​ក្បាល​ដី​ទាក់ទង​នឹង​ ប្រភេទ ទំហំ កម្មសិទ្ធិករ និង​បន្ទុក​ផ្សេងៗ​ដែល​អាច​មាន​លើ​ក្បាល​ដី​នោះ។

មាត្រា ២២៧ .-

ក្បាល​ដី​ឬ​ឯកតា​សុរិយោដី គឺជា​ផ្ទៃដី​មួយ​ជាក់លាក់​ស្ថិត​នៅ​ក្នុង​ឃុំ ឬ​សង្កាត់​តែមួយ​មិន​ពុះ​បំបែក​ដោយ​ព្រំ​ជាប់​មិន​ដាច់​ជា​របស់​ជន​ម្នាក់ ឬ​ច្រើន​នាក់​ក្នុង​ករណី​អវិភាគ​កម្ម​ហើយ​​ប្រើប្រាស់​ក្នុង​រូបភាព​តែ​មួយ។

ចាត់​ទុក​ជា​ព្រំ​ជាប់​មិន​ដាច់​ដែល​នាំ​ឱ្យ​បំបែក​ក្បាល​ដី​ជា​ច្រើន​ក្បាល ​​នោះ​គឺ​របង​ផ្លូវ​សាធារណៈ​ ប្រឡាយ​និង​ផ្លូវ​ទឹក​ដែល​មាន​ទទឹង​យ៉ាង​តិច​ពីរ​ម៉ែត្រ។

មាត្រា ២២៨ .-

ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋបាល​សុរិយោដី ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ស្របតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ។

មាត្រា ២២៩ .-

រដ្ឋបាល​សុរិយោដី​មាន​ភារកិច្ច​ដូច​តទៅ :

- ធ្វើ​ការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តាម​បញ្ញត្តិ ​នៃ​អនុក្រឹត្យ​ស្ដី​ពី​នីតិ​វិធី​នៃ​ការ​កសាង​ប្លង់​សុរិយោដី​និង​សៀវភៅ​ គោល​បញ្ជី​ដី

- ធ្វើ​ការ​ពង្រឹង​ការ​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ តាម​នីតិវិធី​ដែល​នឹង​បញ្ញត្តិ​ដោយ​អនុក្រឹត្យ

-អនុវត្ត​ការ​អង្កេត​វាស់វែង​សុរិយោដី​នៃ​ក្បាល​ដី​រួម​មាន ការ​កំណត់​ព្រំ​ដី​ការ​បំបែក​ក្បាល​ដី ការ​បង្រួម​ក្បាល​ដី​និង​ការ​កឺ​តម្រូវ​ព្រំប្រទល់​នៃ​ក្បាល​ដី និង​ជាទូទៅ​រាល់​ការ​ប្រែប្រួល​អំពី​ទំហំ​ដែល​បណ្ដាល​មក​ពី​ធម្មជាតិ​ឬ​ដោយ​ ស្ម័គ្រចិត្ត

-កសាង​សៀវភៅ​គោល​បញ្ជី​ដី​ហើយ​ធ្វើ​លេខា​ចារិក​ឈ្មោះ​កម្មសិទ្ធិករ​និង​រាល់ ​ទិន្នន័យ​ប្រមូល​បាន​ទាក់ទង​ទៅ​នឹង​លក្ខណៈ​រូប ទំហំ និង​អត្តសញ្ញាណ​នៃ​អចលនវត្ថុ ទាំង​នោះ

- ធ្វើ​ចរន្ត​ការ​នូវ​រាល់​ការ​ផ្លាស់​ប្ដូរ​ប្រែប្រួល​ទាក់ទង​ទៅ​នឹង​សិទ្ធិ​ ដែល​កើតឡើង​ដោយ​កិច្ចសន្យា​ផ្ទេរ​ដូច​ជា ការ​លក់ ការ​ឱ្យ ​ការ​ដូរ សន្តតិកម្ម​ឬ​ពាក់ព័ន្ធ​នឹង​ការ​ដូរ ប្រភេទ​ឬ​ស្ថានភាព​នៃ​ដី​ដូច​ជា ការ​សាងសង់ ការ​ចាក់​បំពេញ​ដី ការ​ជីក​កកាយ​យក​ដី​ជាដើម

- អភិរក្ស​នូវ​រាល់​ឯកសារ​សុរិយោដី​ដែល​មាន​ប្លង់​សុរិយោដី បញ្ជី​ឈ្មោះ​កម្មសិទ្ធិករ សៀវភៅ​គោល​បញ្ជី​ដី​និង​រាល់​ឯក​សារ​គតិយុត្តិ​ទាក់​ទង​ទៅ​នឹង​ក្បាល​ដី​នី​ មួយៗ

- ចេញ​វិញ្ញាបនប័ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ជូន​កម្ម​សិទ្ធិករ​និង​លិខិត​បញ្ជាក់​ផ្សេងៗ​ទៀត​ទាក់ទង​ទៅ​នឹង​ក្បាល​ដី

-មាន​កាតព្វកិច្ច​ប្រគល់​ជូន​ជន​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ប្លង់​ថត​ចម្លង ​និង​ឯកសារ​ពត៌មាន​ទាក់ទង​ទៅ​នឹង​ទីតាំង​ អត្តសញ្ញាណ ព្រំ​ដី​និង​សិទ្ធិ​ដែល​ទាក់ទង​ទៅ​នឹង​ក្បាល​ដី

-ធ្វើ​លេខាចារិក​នូវ​រាល់​ហ៊ីប៉ូតែក ការ​បញ្ចាំ ការ​ដាក់​ធានា ការ​ជួល​រយៈពេល​វែង​ឬ​សេវភាព​ដែល​បាន​បង្កើត​ឡើង​លើ​ទ្រព្យ​ជា​អចលនវត្ថុ ហើយ​ផ្ដល់​ពត៌មាន​ទៅ​គ្រប់​ជន​​ដែល​សាក​សួរ​មក​រដ្ឋបាល​សុរិយោដី អំពី​ស្ថានភាព​នៃ​កម្មសិទ្ធិ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ដាក់​ហ៊ីប៉ូតែក​ដាក់​ បញ្ចាំ ដាក់​ធានា ការ​ជួល​រយៈ​ពេល​វែង​ឬ​សេវភាព​នោះ។

មាត្រា ២៣០ .-

សោហ៊ុយ​សេវា​ផ្សេងៗ​ដែល​ទាក់ទង​ទៅ​នឹង​ការ​បំពេញ​ភារកិច្ច​ខាង​លើ​ត្រូវ​ កំណត់​ដោយ​ប្រកាស​រួម​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

មាត្រា ២៣១ .-

រដ្ឋបាល​សុរិយោដី​ថ្នាក់​កណ្ដាល​ជា​អគ្គនាយកដ្ឋាន​សុរិយោ​ដី​និង​ ភូមិសាស្ត្រ​ទទួល​​បន្ទុក​រៀបចំ​សម្របសម្រួល​និង​ត្រួត​ពិនិត្យ​ប្រតិបត្តិ​ ការ​ទាំង​ឡាយ​នៃ​ការ​វាស់​វែង​សុរិយោដី​ដែល​ធ្វើ​ឡើង​លើ​ដែន​ដី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា និង​រាល់​ប្រតិបត្តិការ​កសាង​ប្លង់​សុរិយោដី កសាង​បញ្ជី​ឈ្មោះ​កម្មសិទ្ធិករ កសាង​សៀវភៅ​គោល​បញ្ជី​និង​ចេញ​វិញ្ញាបនប័ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ប័ណ្ណ ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ។ ក្រៅ​ពី​នេះ​អគ្គនាយកដ្ឋាន​សុរិយោដី​និង​ភូមិសាស្ត្រ​ត្រូវ​កំណត់​វិធី​និង​ ស្តង់​ដា​ទាក់ទង​នឹង​ឯកសារ។

មាត្រា ២៣២ .-

រដ្ឋបាល​សុរិយោដី​ខេត្ត – ក្រុង​ឬ​ស្រុក- ខ័ណ្ឌ​នីមួយៗ​ត្រូវ​ប្រតិបត្តិ​រាល់​ការ​ណែនាំ​ពី​រដ្ឋបាល​សុរិយោដី​ថ្នាក់​ កណ្ដាល។ រដ្ឋបាល​សុរិយោដី​ខេត្ត-ក្រុង​ឬ​ស្រុក-ខ័ណ្ឌ ទទួល​ធ្វើ​សម្រង់​សុរិយោដី​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដទៃ​ទៀត កាន់កាប់​សៀវភៅ​គោល​បញ្ជី​ដី​ធ្លី ធ្វើ​ចរន្ត​ការ​ជា​ប្រចាំ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​រដ្ឋបាល​សុរិយោដី​ ថ្នាក់​កណ្ដាល​រក្សាទុក​​ឯកសារ​និង​ផ្ដល់​ពត៌មាន​ដល់​អ្នក​ស្នើសុំ។

មាត្រា ២៣៣ .-

រដ្ឋបាល​សុរិយោដី​ស្រុក-ខ័ណ្ឌ ត្រូវ​ផ្ញើ​ច្បាប់​ចម្លង​នៃ​សម្រង់​ឯក​សារ​សុរិយោ​ដី​ដល់​ឃុំ​ឬ​សង្កាត់​ដែល ​ពាក់ព័ន្ធ។ មេឃុំ​ឬ​ចៅ​សង្កាត់​ត្រូវ​អនុញ្ញាត​ឱ្យ​ជន​គ្រប់​រូប​ពិគ្រោះ​យោបល់​ហើយ​ ត្រូវ​រាយការណ៍​ទៅ​រដ្ឋបាល​សុរិយោដី​ស្រុក-ខ័ណ្ឌ​នូវ​រាល់​ការ​ផ្លាស់​ប្ដូរ ​ដែល​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៃ​កម្មសិទ្ធិករ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

ជំពូក​ទី ១៦
អំពី​សម្រង់​សុរិយោដី

មាត្រា ២៣៤ .-

សម្រង់​សុរិយោដី​ត្រូវ​ធ្វើ​តាម​បច្ចេកទេស​និង​វិធីសាស្ត្រ​កំណត់​ដោយ​អនុក្រឹត្យ។

មាត្រា ២៣៥ .-

ក្នុង​ករណី​ចាំបាច់​រដ្ឋបាល​សុរិយោដី​អាច​ស្នើសុំ​ទៅ​អាជ្ញាធរ​ដែន​ដី​ឬ​ អង្គភាព​យោធា​ឬ​នគរបាល​ឱ្យ​ជួយ​ជ្រោមជ្រែង​ដល់​កិច្ចប្រតិបត្តិការ​ធ្វើ​ សម្រង់​សុរិយោដី​នៅ​នឹង​កន្លែង។

គ្មាន​សមត្ថកិច្ច​ណា​ក្រៅ​ពី​រដ្ឋបាល​សុរិយោដី​ មាន​សិទ្ធិ​កំណត់​កម្មសិទ្ធិករ​នៃ​ក្បាល​ដី ប្រភេទ​ដី​ឬ​ទំហំ​ដី​បាន​ឡើយ។

មាត្រា ២៣៦ .-

ជន​ទាំងឡាយ ជា​ពិសេស​កម្មសិទ្ធិករ​និង​ជន​ដែល​ពាក់ព័ន្ធ​មាន​កាតព្វកិច្ច​ចូលរួម​និង​ សហការ​ក្នុង​ការ​ធ្វើ​សម្រង់​សុរិយោដី។ ជន​ទាំង​នោះ​ត្រូវ​ជួយ​សម្រួល​ដល់​កិច្ចប្រតិបត្តិការ​វាស់វែង​សុរិយោដី​និង ​ធ្វើ​អត្តសញ្ញាណកម្ម​កម្មសិទ្ធិករ ហើយ​ត្រូវ​រាយការណ៍​ពី​ការ​ផ្លាស់​ប្ដូរ​ទាំងអស់​ដែល​កើត​មាន​ទាក់ទង​នឹង​ ក្បាល​ដី​របស់​ខ្លួន​និង​ស្ថានភាព​នៃ​ទីតាំង​និង​រាល់​ការ​ផ្ទេរ​សិទ្ធិ​នៃ​ កម្មសិទ្ធិ។

មាត្រា ២៣៧ .-

ក្នុង​ករណី​មាន​វិវាទកម្ម​អំពី​ទំហំ​នៃ​ក្បាល​ដី ឬ​ឈ្មោះ​នៃ​កម្មសិទ្ធិករ​កើត​ឡើង​ក្នុង​ពេល​ប្រតិបត្តិការ​ធ្វើ​សម្រង់​ សុរិយោដី អ្នក​ទទួល​ខុសត្រូវ​នៃ​រដ្ឋបាល​សុរិយោដី ត្រូវ​អញ្ជើញ​សាមីខ្លួន​មក​សម្រុះសម្រួល។ ចំពោះ​វិវាទកម្ម​ដែល​កើត​ក្នុង​តំបន់​កំពុង​ធ្វើការ​វិនិច្ឆ័យ​ដែល​មាន​ លក្ខណៈ​ជា​ប្រព័ន្ធ គណៈកម្មការ​រដ្ឋបាល​មាន​ភារៈ​សម្រុះសម្រួល​វិវាទកម្ម​នេះ។ បើ​ការ​ព្រមព្រៀង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន អ្នក​ទទួល​ខុស​ត្រូវ​ត្រូវ​បន្ត​ធ្វើ​អង្កេត​វាស់វែង​សុរិយោដី ហើយ​កសាង​កំណត់​ហេតុ​នៃ​វិវាទ​នោះ តែ​មិន​មាន​សិទ្ធិ​អារ​កាត់​ទេ។

កាល​បើ​វិវាទកម្ម​កើត​មាន​នៅ​ពេល​ប្រគល់​ប័ណ្ណ រដ្ឋបាល​សុរិយោដី​ត្រូវ​ប្រកាន់​យក​តែ​ឈ្មោះ​កម្មសិទ្ធិករ​ដែល​បាន​ចុះ​ ក្នុង​បញ្ជី​របស់​ខ្លួន​ប៉ុណ្ណោះ។ គ្មាន​ករណី​ណា​ដែល​រដ្ឋបាល​សុរិយោដី​អាច​កែប្រែ ឬ​ប្រគល់​ប័ណ្ណ​ឱ្យ​បុគ្គល​ផ្សេង​ទៀត​បាន​ឡើយ។

ជំពូក​ទី ១៧
អំពី​បញ្ជី​ឯកសារ​សុរិយោដី

មាត្រា ២៣៨ .-

រដ្ឋបាល​សុរិយោដី​មាន​កាតព្វកិច្ច​កសាង​ប្លង់​សុរិយោដី​និង​សៀវភៅ​គោល​បញ្ជី​ដី។

ប្លង់​សុរិយោដី​គ្របដណ្ដប់​តំបន់​ដែល​បាន​ធ្វើការ​វិនិច្ឆ័យ ដោយ​មាន​កំណត់​ព្រំប្រទល់​កម្មសិទ្ធិ​សាធារណៈ ឬ / និង​កម្មសិទ្ធិ​ឯកជន​ទាំងអស់ ហើយ​មាន​បញ្ជាក់​អំពី​ប្រភេទ​ដី​ដូច​ជា ដី​ដាំដុះ ដី​ព្រៃ ដី​លិចទឹក ដី​សរាប់សំណង់​ឧស្សាហកម្ម​ជាដើម។ ការ​កសាង​ប្លង់​សុរិយោដី​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ដែល​ត្រូវ​ចែង​ក្នុង​ អនុក្រឹត្យ​ស្ដីពី​នីតិវិធី​នៃ​ការ​សាង​ប្លង់​សុរិយោដី និង សៀវភៅ​គោល​បញ្ជី​ដី។ ក្បាល​ដី​កម្មសិទ្ធិ​នីមួយៗ​ត្រូវ​មាន​លេខ​របស់​វា។

សៀវភៅ​គោល​បញ្ជី​ដី​បង្ហាញ​ចំពោះ​លេខ​ក្បាល​ដី​កម្មសិទ្ធិ​នីមួយៗ​នូវ​ឈ្មោះ ​កម្មសិទ្ធិករ​និង​មធ្យោបាយ​នៃ​ការ​ធ្វើ​អត្តសញ្ញាណកម្ម​ក្បាល​ដី ការ​ពិពណ៌នា​អំពី​កម្មសិទ្ធិ ទំហំ ក្បាល​ដី សេវភាព​និង​បន្ទុក​ផ្សេងៗ​លើ​ក្បាល​ដី។ រាល់​ការ​កែប្រែ​ទិន្នន័យ​ទាំងឡាយ​ត្រូវ​តែ​បាន​ចុះ​បញ្ជី​នៅ​ពេល​ដែល​ រដ្ឋបាល​សុរិយោដី​​បាន​ទទួល​ដំណឹង​នេះ។ បញ្ជី​នេះ​ ត្រូវ​បាន​កាន់កាប់​ជា​ ៣ (បី) ច្បាប់​ដែល​មួយ​ច្បាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​រដ្ឋបាល​សុរិយោដី​ថ្នាក់​ កណ្ដាល​និង​ពីរ​ច្បាប់​ទៀត​រក្សា​ទុក​នៅ​រដ្ឋបាល​សុរិយោដី​ខេត្ត​-ក្រុងនិង​ ស្រុក-ខ័ណ្ឌ។

សៀវភៅ​គោល​បញ្ជី​ដី​បង្ហាញ​ចំពោះ​លេខ​ប័ណ្ណ​កម្មសិទ្ធិ​នូវ​ហ៊ីប៉ូតែក ការ​បញ្ចាំ ការ​ដាក់ ធានា​និង​ការ​ជួល​រយៈពេល​វែង​ដែល​អាច​ដាក់​បន្ទុក​លើ​កម្មសិទ្ធិ​នោះ។

មាត្រា ២៣៩ .-

ប្លង់​សុរិយោដី​និង​សៀវភៅ​គោល​បញ្ជី​ដី​មាន​តម្លៃ​ត្រឹមត្រូវ​តាម​ច្បាប់​ និង​មាន​អានុភាព​ច្បាស់លាស់។ ប្លង់​សុរិយោដី​និង​សៀវភៅ​គោល​បញ្ជី​ដី​មិន​ត្រូវ​មាន​ការ​ឆូតលុប ការ​សរសេរ​ត្រួត ការ​កែ លើកលែង​តែ​មាន​ការ​បញ្ជាក់​ច្បាស់លាស់។

រដ្ឋបាល​សុរិយោដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ ច្បាប់​ក្នុង​ការ​កាន់កាប់​នូវ​បញ្ជី​ដី និង​ភាព​ជាក់លាក់​នៃ​ប្រតិបត្តិការ​សម្រង់​សុរិយោដី និង​កិច្ចការ​អភិរក្ស​ឯកសារ។

មាត្រា ២៤០ .-

ការសាកសួរ​ពត៌មាន​សុរិយោដី​មិន​អាច​​ត្រូវ​បាន​ប្រកែក​ចំពោះ​ជន​ដែល​មាន​ការ ​ទាក់ទង​ឡើយ។ ពត៌មាន​ដែល​បាន​ចុះ​ក្នុង​សៀវភៅ​គោល​បញ្ជី​ដី​ជា​កម្មវត្ថុ​នៃ​ការ​ប្រគល់ ច្បាប់​ចម្លង​ដោយ​ត្រូវ​បង់​ប្រាក់​ដែល​បាន​កំណត់​ក្នុង​មាត្រា​ ២៣០ នៃ​ច្បាប់​នេះ។

ជំពូក​ទី ១៨
អំពី​ប័ណ្ណ​ពត៌មាន​សុរិយោដី

មាត្រា ២៤១ .-

រដ្ឋបាល​សុរិយោដី​អាច​ចេញ​វិញ្ញាបនប័ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ វិញ្ញាបនប័ត្រ​បញ្ជាក់​ហ៊ីប៉ូតែក សលាកប័ត្រ​ពត៌មាន​និង​លិខិត​បញ្ជាក់​សុរិយោដី​អំពី​ប្រភេទ ស្ថានភាព​គតិយុត្តិ លក្ខណៈ​រូប​និង​បន្ទុក​នៃ​ក្បាល​ដី ដោយ​ផ្អែក​លើ​ឯកសារ​និង​សៀវភៅ​គោល​បញ្ជី​ដី។

មាត្រា ២៤២ .-

វិញ្ញាបនប័ត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ​ឬ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ អចលនវត្ថុ​ត្រូវ​ចេញ​ឱ្យ​ចំពោះ​តែ​កម្មសិទ្ធិករ​ឬ​អ្នក​មាន​សិទ្ធិ​ស្រប​ ច្បាប់​លើ​អចលនវត្ថុ​នោះ​តែ​ប៉ុណ្ណោះ។

មាត្រា ២៤៣ .-

សលាកប័ត្រ​ពត៌មាន​សុរិយោដី​អាច​ត្រូវ​បាន​ផ្ដល់​ឱ្យ​ជន​ដែល​បាន​ស្នើសុំ។ ភ្នាក់ងារ​ដែល​បាន​ផ្ដល់​ពត៌មាន​​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ដល់​ ពត៌មាន​មិន​ត្រឹមត្រូវ​ដល់​អ្នក​ស្នើ​សុំ។ពត៌មាន​ដែល​ផ្ដល់​ឱ្យ​មិន​នាំ​ឱ្យ ​ជាប់​ការ​ទទួល​ខុស​ត្រូវ​ដល់​រដ្ឋបាល​សុរិយោដី​ទេ។

មាត្រា ២៤៤ .-

លិខិត​បញ្ជាក់​សុរិយោដី​គឺ​ជា​មូលដ្ឋាន​នៃ​ការ​អះអាង​ជា​ផ្លូវ​ការ​មួយ​នៃ​លិខិត​គតិយុត្តិ។

កម្មសិទ្ធិ​អចលនវត្ថុ​កើត​ឡើង​ដោយ​លិខិត​លក់ អោយ ដូរ​ឬ​ជំរះ​មរតក ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​បុគ្គល​ដែល​មាន​នីតិសម្បទា​ដូច​មាន​ចែង​ក្នុង​ មាត្រា ៦៥ នៃ​ច្បាប់​នេះ។ លិខិត​ទាំង​នោះ​ត្រូវ​តែ​តំកល់​ទុក​នៅ​រដ្ឋបាល​សុរិយោដី។

មាត្រា ២៤៥ .-

លិខិត​លក់ អោយ ដូរ​ឬ​ជំរះ​មរតក​ធ្វើឡើង​ជា​ឯកជន​មិន​អាច​ចុះ​បញ្ជី​បាន​ឡើយ។ តតិយជន​មិន​អាច​ជំទាស់​បាន លុះ​ត្រា​តែ​លិខិត​នោះ​ធ្វើឡើង​តាម​បែបបទ​ដែល​បាន​កំណត់​ក្នុង​មាត្រា ២៤៤ នៃ​ច្បាប់​នេះ។

មាត្រា ២៤៦ .-

ប្រសិនបើ​លិខិត​លក់ អោយ ដូរ​ឬ​ជំរះ​មរតក បាន​ធ្វើឡើង​តាម​រូបមន្ត​យថាភូត​ដោយ​
បុគ្គល​ដែល​មាន​នីតិសម្បទា ប៉ុន្តែ​មិន​បាន​ចុះ​បញ្ជី​នៅ​សុរិយោដី​ទេ លិខិត​នោះ​នៅ​តែ​តតិយជន​អាច​ជំទាស់​បាន ហើយ​កម្មសិទ្ធិករ​និង​សិទ្ធិ​វន្ត​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួនឯង ក្នុង​ការ​ខកខាន​ចុះ​បញ្ជី​នេះ។

មាតិកា​ទី ៧
អំពី​ទោស​ប្បញ្ញត្តិ


ជំពូក​ទី​ ១៩
អំពី​ការ​ប៉ះពាល់​កម្មសិទ្ធិ

មាត្រា ២៤៧ .-

រាល់​ការ​ប៉ះពាល់​កម្មសិទ្ធិ និង​ សិទ្ធិ​ច្បាប់​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​អាច​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​អនុលោម​ តាម​បញ្ញត្តិ​ នៃ​ច្បាប់​នេះ ហើយ​ការ​ខូចខាត​ទាំង​ឡាយ​ដែល​បណ្ដាល​មក​ពី​អំពើ​នេះ​ត្រូវ​ដោះស្រាយ​ដោយ​ សំណង​រដ្ឋប្បវេណី។

មាត្រា ២៤៨ .-

ត្រូវ​ចាត់​ទុក​ជា​ការ​ប៉ះពាល់​កម្មសិទ្ធិ និង​សិទ្ធិ​ស្របច្បាប់​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​ជា​បទ​ល្មើស​ព្រហ្មទ័ណ្ឌ​ ក្នុង​ន័យ​ច្បាប់​នេះ​មាន :

- រាល់​អំពើ​ប្រព្រឹត្ត​ដោយ​ជាក់​ស្ដែង រំលោភ​កាន់កាប់​អចលនវត្ថុ​ដោយ​ចេតនា ដោយ​មិន​ទទួល​ស្គាល់​ប័ណ្ណ​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី

- រាល់​អំពើ​ប្រព្រឹត្ត​ដោយ​ជាក់​ស្ដែង រារាំង​អ្នក​កាន់កាប់​ដោយ​សន្តិភាព​ឬ​ភោគី​នៃ​ទ្រព្យ​មួយ​នៅ​ក្នុង​​តំបន់​ មិន​ទាន់​មាន​ប្លង់​សុរិយោដី ដែល​របប​កម្មសិទ្ធិ​មិន​ទាន​បាន​ពង្រឹង​ជា​ស្ថាពរ​តាម​បញ្ញត្តិ​នៃ​ច្បាប់​ នេះ

- រាល់​ការ​ចូល​កាន់កាប់​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​មិន​ប្រក្រតី​លើ​ អចលនវត្ថុ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឬ​ទ្រព្យសម្បត្តិ​ឯកជន​ របស់​រដ្ឋ ដែល​មិន​ស្រប​តាម​មាត្រា ១៧ មាត្រា ១៨ និង​មាត្រា ១៩ នៃ​ច្បាប់​នេះ

- រាល់​ការ​បំប្លែង​ពី​សម្បទាន​មក​ជា​កម្មសិទ្ធិ​ លើកលែង​សម្បទាន​ឆ្លើយតប​ទៅ​នឹង​ប្រយោជន៍​សង្គម។

មាត្រា ២៤៩ .-

ការ​ប៉ះពាល់​កម្មសិទ្ធិ​ក្នុង​ន័យ​នៃ​មាត្រា​ខាងលើ​អាច​ជា​ទង្វើ​របស់​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ឬ​ជា​ទង្វើ​របស់​សាមញ្ញជន​ដែល​ធ្វើ​ដោយ​ម្នាក់​ឯង​ ឬ​ដោយ​ផ្សំគំនិត​ជា​មួយ​ភ្នាក់ងារ​របស់​អាជ្ញាធរ។

មាត្រា ២៥០ .-

មន្ត្រីឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ ស្របច្បាប់​លើ​អចលនវត្ថុ​ត្រូវ​ទទួល​ទោស​រដ្ឋបាល​បន្ថែម​លើ​ទោស​ព្រហ្មទណ្ឌ​ និង​សំណង​រដ្ឋប្បវេណី។

ផ្នែក​ទី ១ : អំពី​ការ​ប៉ះពាល់​កម្មសិទ្ធិ​សាធារណៈ ឬ​ឯកជន​ដោយ​សាមញ្ញជន


អនុ​ផ្នែក​ទី ១ : អំពី​ការ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន

មាត្រា ២៥១ .-

ជន​ណា​ដែល​បាន​ក្លែង​ប័ណ្ណ​ក្នុង​គោលបំណង​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ ទោះ​ជា​ក្នុង​រូបភាព​អ្វី​ក៏ដោយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។

មាត្រា ២៥២ .-

ជន​ណា​ដែល​បាន​បំភាន់​មន្ត្រី​សុរិយោដី​ក្នុង​ការ​បំពេញ​បេសកកម្ម​ឬ​បំភាន់​ អាជ្ញាធរ​ក្នុង​ការ​ចុះ​បញ្ជី​​ដីត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥០០.០០០ (ប្រាំ​សែន) រៀល ដល់ ៣.០០០.០០០ (បី​លាន) រៀល ឬ/និង​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ ដល់ ៦(ប្រាំមួយ) ខែ។

មាត្រា ២៥៣ .-

ជន​ណា​ដែល​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ទោះ​ជា​មិន​ទាន់​បាន​ធ្វើ​ប័ណ្ណ​ឬ​កំពុង​មាន​ទំនាស់​ក៏ដោយ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១.៥០០.០០០ (មួយ​លាន​ប្រាំ​សែន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំ​លាន) រៀល ឬ/និង​ដាក់​ពន្ធនាគារ​ពី ៦ (ប្រាំមួយ) ខែ ដល់ ២(ពីរ) ឆ្នាំ ដោយ​ពុំ​ទាន់​គិត​បញ្ចូល​នូវ​ទោស​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​មនុស្ស។

បន្ថែម​លើ​ទោស​ខាង​លើ អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​សំណង​រដ្ឋប្បវេណី​ ដល់​ជនរងគ្រោះ ដែល​បណ្ដាល​មក​ពី​អំពើ​ហិង្សា​របស់​ខ្លួន។

បើ​អំពើ​ហិង្សា​ខាង​លើ​ត្រូវ​បាន​បញ្ជា​ពី​ជន​ដទៃ​ទៀត​ក្រៅ​ពី​អ្នក​បង្ក ហើយ​ជន​នោះ​មិន​បាន​ចូលរួម​ផ្ទាល់​ក្ដី អ្នក​បញ្ជា​នេះ​ក៏​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​ដូច​អ្នក​ប្រព្រឹត្ត​អំពើ​ ហិង្សា​ផ្ទាល់​ដែរ។

មាត្រា ២៥៤ .-

គ្មាន​ករណី​ណា​មួយ​ដែល​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កម្លាំង​ឯកជន ដើម្បី​ធានា​ចំពោះ​ការ​គោរព​ប័ណ្ណ​កម្មសិទ្ធិ ឬ​ចំពោះ​ការ​ប្រតិបត្តិ​សេចក្ដី​សំរេច​របស់​តុលាការ​ក្នុង​ការ​បណ្ដេញ​ចេញ​ឬ ​ក្នុង​ការ​បង្គាប់​ឱ្យ​ចាកចេញ​បាន​ឡើយ។ ជន​ណា​ដែល​ប្រើ​កម្លាំង​ឯកជន​ក្នុង​ហេតុផល​នេះ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៣.០០០.០០០ (បីលាន) រៀល ដល់ ២៥.០០០.០០០ (​ម្ភៃប្រាំ​លាន) រៀល ឬ/និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ)ឆ្នាំ។

មាត្រា ២៥៥ .-

ជន​ណា​ដែល​បាន​លួច​លក់​ឬ​លួច​បញ្ចាំ​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ (ប្រាំមួយ) ខែ ដល់ ៣ (បី) ឆ្នាំ ដោយ​មិន​គិត​ដល់​ព្យសនកម្ម​ដែល​បណ្ដាល​មក​ពី​អំពើ​របស់​ខ្លួន។

មាត្រា ២៥៦ .-

កម្មសិទ្ធិករ​ណា​ដែល​បាន​ធ្វើការ​ដាំដុះ​លើ​ដី​របស់​ខ្លួន ឬ​ប្រគល់​ដី ឬ​ជួល​ដី​ឱ្យ​តតិយជន​ដាំដុះ​ដោយ​ចេតនា​នូវ​មុខ​ដំណាំ​ដែល​ច្បាប់​ឬ​បទបញ្ជា​ ហាមឃាត់​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១៥.០០០.០០០ (ដប់ប្រាំ​លាន) រៀល ដល់ ៤៥.០០០.០០០ (សែសិប​ ប្រាំ​លាន) រៀល ឬ/និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់​ជា​ធរមាន។

មាត្រា ២៥៧ .-

សហកម្មសិទ្ធិករ​អវិភាគ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណែក​រួម ដូច​មាន​ចែង​ក្នុង​មាត្រា ១៨០ នៃ​ច្បាប់​នេះ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១.៥០០.០០០ (មួយ​លាន​ប្រាំ​សែន​) រៀល​ដល់ ៩.០០០.០០០ (​ប្រាំបួន​លាន) រៀល។ ក្នុង​ករណី​មិន​រាងចាល​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ទ្វេដង។

មាត្រា ២៥៨ .-

សហកម្មសិទ្ធិករ​ដែល​មិន​ព្រម​ចូលរួម​ទទួល​បន្ទុក​ថែទាំ​ចំណែក​រួម​នៃ​ សហកម្មសិទ្ធិ​ខ្លួន​ឬ​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​សណ្ដាប់ធ្នាប់​សាធារណៈ​ដូច​ មាន​ចែង​ក្នុង​មាត្រា ១៨៥ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​៥០០.០០០(​ប្រាំ​សែន) រៀល ដល់​៣.០០០.០០០(បី​លាន)រៀល។

អនុ​ផ្នែក​ទី ២ : អពី​ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ

មាត្រា ២៥៩ .-

ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥.០០០.០០០ (ប្រាំ​លាន) រៀល ដល់ ៥០.០០០.០០០(ហាសិប​លាន) រៀល ឬ/​និង​ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ។

ចារី​ត្រូវ​មាន​កាតព្វកិច្ច​ចាកចេញ​ពី​ទ្រព្យសម្បត្តិ​សាធារណៈ​នោះ​ ជាបន្ទាន់។ ចារី​គ្មាន​សិទ្ធិ​ទារ​កំរៃ​អំពី​ពលកម្ម​ឬ​ការ​រៀបចំ​ដែល​បាន​ធ្វើ​លើ​ ទ្រព្យ​នោះ​ឡើយ។

ក្នុង​ករណី​ដែល​អ្នក​កំពុង​កាន់កាប់​ទ្រព្យ​សម្បត្តិ​សាធារណៈ មុន​ច្បាប់​នេះ​ចូល​ជាធរមាន​ហើយ​មាន​ឯកសារ​សំអាង​និង​បញ្ជាក់​ជាក់លាក់​ថា ខ្លួន​បាន​ទិញ​ពី​ជន​ណា​ម្នាក់​អាច​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​តាម​វិធាន​ច្បាប់​ចំពោះ​បុគ្គល​ដែល​បាន​លក់​ទ្រព្យ​សម្បត្តិ ​សាធារណៈ​នេះ​ដោយ​ខុស​ច្បាប់ និង​ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​ដែល​បាន​រងគ្រោះ​ដោយ​សារ​ទង្វើ​នេះ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏​ជន​រងគ្រោះ​នេះ​ពុំ​មាន​សិទ្ធិ​កាន់កាប់​បន្ត​លើ​ទ្រព្យសម្បត្តិ​សាធារណៈ ​បាន​ឡើយ។

មាត្រា ២៦០ .-

ជន​ណា​ដែល​បាន​លើក​ចេញ ឬ​រំកិល​ចេញ ឬ​បំផ្លាញ​ចោល​នូវ​បង្គោល​ស៊ីម៉ងត៍​ដៅ​ចំណុច​ឋាន​លេខា​និង​ទីតាំង​ផ្លាក​ សញ្ញា​សុរិយោដី ត្រូវ​ទទួល​ការ​ព្រមាន​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥០០.០០០ (​ប្រាំ​សែន) រៀល ដល់ ៣.០០០.០០០ (បី​លាន) ឬ/​និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ខែ ដល់ ៦ (ប្រាំមួយ) ខែ ដោយ​មិន​គិត​ដល់​ព្យសនកម្ម​ដែល​បណ្ដាល​មក​ពី អំពើ​របស់​ខ្លួន។

ផ្នែក​ទី ២ : អំពី​ការ​ប៉ះពាល់​កម្មសិទ្ធិ​សាធារណៈ​ឬ​ឯកជន​ដោយ​អាជ្ញាធរ​រដ្ឋបាល

មាត្រា ២៦១ .-

មន្ត្រី​ឬ​អាជ្ញាធរ​ដែល​បាន​ប្រើ​អំណាច​ដោយ​រំលោភ ទោះ​មាន​បញ្ជា​ក្ដី ឬ​គ្មាន​បញ្ជា​ក្ដី ​ដើម្បី​ដក​ហូត​អចលនវត្ថុ​ពី​អ្នក​កាន់កាប់​ដោយ​សន្តិភាព ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១០.០០០.០០០(ដប់​លាន) រៀល ដល់ ២៥.០០០.០០០ (ម្ភៃប្រាំ​លាន) រៀល និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត។

ចាត់​ទុក​ជា​ការ​រំលោភ​មាន ការ​ក្លែង​បន្លំ ការ​កសាង​ប័ណ្ណ​ដោយ​បំពាន ការ​កៀបសង្កត់​ឬ​វិធានការ​សម្ភារៈ ដើម្បី​បណ្ដេញ​ចេញ​ធ្វើ​ឡើង​ចំពោះ​អ្នក​កាន់កាប់​អចលនវត្ថុ។

បើ​ការ​ដក​ហូត​អចលន​វត្ថុ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​អំពើ​ហិង្សា ចារី​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ)​ ឆ្នាំ ថែមទៀត។

អ្នក​បញ្ជា​ដោយ​រំលោភ​ត្រូវ​ផ្ដន្ទា​ទោស​ដូច​គ្នា​នឹង​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ។

មាត្រា ២៦២ .-

អាជ្ញាធរ​មាន​សមត្ថកិច្ច​ឬ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដែល​បាន​រំលោភ​យក​ទ្រព្យ​ជា​អចលន​វត្ថុ​ក្នុង​មណ្ឌល​ដែល​ខ្លួន​មាន​ភារកិច្ច ​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​មក​ធ្វើ​ជា​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៣.០០០.០០០ (បី​លាន) រៀល ដល់ ៣០.០០០.០០០(សាមសិប​លាន) រៀល ឬ/និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត។

មាត្រា ២៦៣ .-

អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ព្រងើយ​កន្តើយ​ឬ​បណ្ដោយ​ឱ្យ​សាមញ្ញជន​ ប្រព្រឹត្ត​ដោយ​រំលោភ​សិទ្ធិ​របស់​កម្មសិទ្ធិករ របស់​ភោគី ឬ​របស់​អ្នក​កាន់កាប់​ដោយ​សន្តិភាព​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១.០០០.០០០ (មួយ​លាន) រៀល ដល់ ១០.០០០.០០០ (ដប់​លាន) រៀល និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត។

មាត្រា ២៦៤ .-

ការ​រំលោភ​ធ្វើ​ឡើង​ដោយ​មន្ត្រី​សុរិយោដី​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ​ពី ១.០០០.០០០(មួយ​លាន) រៀល ដល់ ៥.០០០.០០០ (ប្រាំ​លាន) រៀល និង ត្រូវ​ទទួល​ទោស​រដ្ឋ​បាល​ថែម​ទៀត។

រាប់​ចូល​ជា​ការ​រំលោភ ការ​ផ្ដល់​ទិន្នន័យ​ជា​ផ្លូវ​ការ​ខុស ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ខុស ការ​បិទបាំង​ហ៊ីប៉ូតែក​ឬ​បន្ទុក​ផ្សេងៗ​ ការ​បោះ​គោល​ព្រំ​ដី​ខុស​ដោយ​ចេតនា​និង​រាល់​ការ​ធ្វេសប្រហែស​ក្នុង​ការ​ ធ្វើ​លេខា​ចារិក​លើ​ឯកសារ​សុរិយោដី។

មាត្រា ២៦៥ .-

រាល់​ការ​ប៉ះ​ពាល់​ធ្វើ​ឡើង ដោយ​ប្រឆាំង​នឹង​សិទ្ធិ​លើ​ដី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដោយ​អាជ្ញាធរ ​ដែល​ទទួល​ខុសត្រូវ​គ្រប់គ្រង​តំបន់​ដែល​អចលនវត្ថុ​នោះ​តាំង​នៅ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១.៥០០.០០០ (មួយ​លាន​ប្រាំ​សែន) រៀល ដល់ ៩.០០០.០០០ (ប្រាំបួន​លាន) រៀល ឬ/និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និង​ត្រូវ​ទទួល​ទោស​រដ្ឋបាល​ថែម​ទៀត។

មាត្រា ២៦៦ .-

ការ​ប៉ះពាល់​អចលនវត្ថុ​របស់​វត្ត ដោយ​បុគ្គល​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ត្រូវ​បង្ខំ​ឱ្យ​សង​ទ្រព្យ​នោះ​វិញ និង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ១.៥០០.០០០ (មួយ​លាន​ប្រាំ​សែន) រៀល​ដល់ ៩.០០០.០០០ (ប្រាំបួន​លាន) រៀល។

មាតិកា​ទី ៨


អវសាន​ប្បញ្ញត្តិ

មាត្រា​ ២៦៧ .-

បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​នេះ ត្រូវ​ទុក​ជា​និរាករណ៍។

មាត្រា ២៦៨ .-

ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ជា​ប្រញាប់។

សទ្ទានុក្រម
LEXIQUE

ក . ខ . គ

កម្មសិទ្ធិ(propriete)       : សិទ្ធិ​ពេញលេញ​ជា​ម្ចាស់​លើ​ទ្រព្យ។សិទ្ធិ​នេះ​រួម​បញ្ចូល​ទាំង​សិទ្ធិ​ប្រើប្រាស់ សិទ្ធិ​អាស្រ័យ​ផល និង សិទ្ធិ​ចាត់ចែង​លើ​ទ្រព្យ។
 កម្មសិទ្ធិករ(Proprietaire) : ម្ចាស់កម្មសិទ្ធិ​លើ​ទ្រព្យ និង មាន​សិទ្ធិ​ប្រើប្រាស់​សិទ្ធិ​អាស្រ័យ​ផល​និង​សិទ្ធិ​ចាត់ចែង​លើ​ទ្រព្យ​ដែល​ជា​របស់​ខ្លួន។
 កតិកា​ភេទ(Rescision)    : កិរិយា​បដិសេធ​កិច្ចសន្យា​ណាមួយ​ដោយ​មក​ពី​កិច្ចសន្យា​នោះ​មាន​វិការៈ​ ដល់​ឫសគល់​នៃ​ការ​ព្រមព្រៀង​គ្នា។ ក្នុង​ទី​នោះ​កតិកា​ភេទ បាន​ន័យ​ថា​បដិសេធ​កិច្ចសន្យា​លក់​ចោល ដោយ​មក​ពី​លក់​អចលនវត្ថុ​មាន​វិការៈ​អាថ៌កំបាំង។
 កាតព្វកិច្ច(Obligation)    : ចំណង​នៃ​សិទ្ធិ​ដែល​បង្ខំ​ជន​ម្នាក់​ឱ្យ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​ណា​មួយ​ឱ្យ​បំពេញ​នូវ​កិច្ចការ​ណាមួយ ឬ​ឱ្យ​ឈប់​បំពេញ​នូវ​កិច្ចការ​ណា​មួយ​ដល់​ជន​ម្នាក់ទៀត។
 ការ​ជំរះ​មរតក(Reglement des successions)               : កិរិយា​ធ្វើ​បញ្ជី​ទ្រព្យសម្បត្តិ​របស់​ខ្មោច អោយ​ដឹង​ថា​នៅ​សល់​ប៉ុន្មាន បាត់​ប៉ុន្មាន ដើម្បី​នឹង​ចែក​គ្នា​រវាង​ទាយាទ និង​ទាយាទ។
 ការ្យ(Ouvrage)             : ផល​អ្វី​ទាំង​ពួង​ដែល​កើត​មក​ពី​ស្នាដៃ​ជាង​ឬ​ស្នាដៃ​សិល្បករ។ ឧទា: តុ ទូ ជា​ការ្យ​របស់​ជាង ឯ​ប្រលោម​លោក​ជា​ការ្យ​របស់​អ្នក​និពន្ធ។
 កើយ(Balcon)               : រានហាល​តូច​គ្មាន​សរសរ​ទ្រ​ពី​ក្រោម​ទេ​តែ​មាន​បង្កាន់ដៃ​ព័ទ្ធជុំវិញ។
 កូន​បំណុល(Debiteur)     : ជន​ជំពាក់​ប្រាក់ ឬ​ជំពាក់​កាតព្វកិច្ច​គេ។
 កំពែង(Cloture)            : ស្នាម​ភ្លោះ របង ភ្លឺ។

ច . ឆ . ជ

ចរន្ត​ការ(Mise a jour)      : ការ​កត់ត្រា​ទុក​ជា​ប្រចាំ​ក្នុង​ឯកសារ​សុរិយោដី​នូវ​រាល់​ការ​ប្រែប្រួល ឬ​ការ​ផ្លាស់ប្ដូរ​ដោយ​យោង​តាម​ឯកសារ​គតិយុត្ដ។
 ចារី(Auteur)                 : អ្នក​ប្រព្រឹត្ត អ្នក​ដៃ​ដល់។
 ច្បាប់(Loi)                    : លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​អនុម័ត​ដោយ​អង្គការ​នីតិ​បញ្ញត្តិ(សភា) និង​ចូល​ជា​ធរមាន​តាម​រយៈ​ព្រះរាជក្រម​ប្រកាស​អោយ​ប្រើ។
 ឆន្ទានិសិទ្ធិ(Pouvoir discretionnaire)            : អំណាច​ដែល​ប្រគល់​ដល់​អាជ្ញាធរ​អោយ​រើស​យក​មធ្យោបាយ​ណាមួយ​តាម​ចិត្ត​ខ្លួន​មក​ដោះស្រាយ​បញ្ហា​ណាមួយ។
 ជនជាតិ​ដើម​ភាគតិច(Indigene) : ជនជាតិ​ខ្មែរ​ដើម។

 ជ . ត . ថ . ទ . ធ . ន

តតិយជន(Tiers,tierce)     : ជន​ទីបី ឬ​ភាគី​ទីបី​ក្នុង​រឿង។ អ្នក​ដទៃ ឬ​អ្នក​ក្រៅ។ ឧទា: អ្នក​លក់ និង​អ្នក​ទិញ ជា​ភាគី​ទី​១ និង​​ទី​២។ អ្នក​ផ្សេង​ទៀត​ក្រៅ​ពី​អ្នក​លក់ និង​អ្នក​ទិញ ហៅ​ថា​តតិយជន។
 តីរឋាន(Quai)                : ការ្យ​ដែល​បាន​កសាង​នៅ​ក្នុង​កំពង់ផែ ឬ​លើ​ច្រាំង​ទន្លេ​សំរាប់​នាវា​ចូល​ចត សំរាប់​អ្នក​ដំណើរ​ឡើង​ចុះ​នា​វា និង​សំរាប់​ផ្ទុក​ទំនិញ និង​ ដាក់​ទំនិញ​ចុះ។
 តែងតាំង(Nommer)        : អោយ​មុខការ អោយ​គុណភាព ផ្ដល់​ឋានៈ​នាទី។ ឧទា: ឈ្មោះ “ក” បាន​តែងតាំង​ឈ្មោះ “ខ” ជា​ទាយាទ​របស់​ខ្លួន។
 ថ្លោះ​សិទ្ធិ(Decheance du droit) : ប្រាស់​ចាក​សិទ្ធិ បាត់បង់​សិទ្ធិ​ដោយ​ហេតុ​ទណ្ឌកម្ម ឬ​ដោយ​ហេតុ​មិន​បាន​បំពេញ​លក្ខខណ្ឌ​ដែល​ច្បាប់ ឬ​កិច្ចសន្យា​តម្រូវ​អោយ​បំពេញ​ក្នុង​រយៈពេល​មាន​កំណត់។
 ទាយាទ(Heritier)           : អ្នក​ដែល​ច្បាប់​តម្រូវ​អោយ​ទទួល​មរតក​ពី​ជន​ណាម្នាក់។ ឧទា: កូន​ជា​ទាយាទ​របស់​ឪពុក ម្ដាយ ចៅ​ជា​ទាយាទ​របស់​ជីដូន ជីតា ដែល​ឥត​មាន​បច្ឆាញាតិ​ជា​តំណ​វង្ស។
 ទ្រព្យសម្បត្តិ​សាធារណៈ
(Domaine public)        :
ទ្រព្យ​ដែល​ត្រូវ​រក្សា​អោយ​គង់​រូប​តាម​ ធម្មជាតិ​ជា​របស់​វា​ដើម្បី​ទុក​អោយ​អ្នក​រួម​សង្គម​ប្រើប្រាស់​ជា​អង្វែង​ ទៅ​ដូច​ជា : ស្ពាន ថ្នល់ …។ល។ ទ្រព្យ​ទាំង​អស់​នេះ​ស្ថិត​នៅ​ជា​ប្រយោជន៍​សាធារណៈ​មិន​អាច​លក់ ដូរ និង​គ្មាន​កំណត់​អាជ្ញា​កាល​ទេ។
 ទ្រព្យសម្បត្តិ​ឯកជន
(Domaine prive)         :
ទ្រព្យ​របស់​សង្គម​ដែល​មិន​សំរាប់​ឱ្យ​ជន​ ក្នុង​សង្គម​នោះ​ប្រើប្រាស់​ជា​សាធារណៈ​ទូទៅ​ទេ ជា​សម្បត្តិ​ដែល​សង្គម​អាច​លក់ ដូរ ជួល ធ្វើ​អំណោយ​បាន។
 ធនលាភ(Rente)          :  ផល​ដែល​ផ្ដល់​អោយ​មក​រាល់​ឆ្នាំ ដូច​ជា​ការ​ប្រាក់ ឈ្នួល​ដី​ឈ្នួល​ផ្ទះ​ជា​ដើម។
 ធម្មានុរូប(Legitime)      : ដែល​មាន​គុណភាព​ជា​អ្វី​មួយ​តាម​ច្បាប់។ ឧទា: ចៅហ្វាយ​ស្រុក​ជា​អាជ្ញាធរ​ធម្មានុរូប។ កូន​ដែល​កើត​ពី​ឪពុក-ម្ដាយ​ដែល​មាន​ខាន់ស្លា ហៅ​ថា​កូន​ធម្មានុរូប ឬ​កូន​មាន​ខាន់ស្លា។
 និទាយាទភាព(Desherence) : ភាព​ឥត​អ្នក​ត្រូវ​ទទួល​មរតក។
 និទ្ទេស(Mention)         : សេចក្ដី​ដែល​ចុះ​ដោយ​សង្ខេប​នៅ​លើ​រឹម​ទំព័រ ឬ​នៅ​ខាង​ចុង​ទំព័រ​នៃ​លិខិត​ណាមួយ។
 និរាករណ៏(Abrogation)  : ការ​លុប​ចោល​លែង​អោយ​ប្រើ​ច្បាប់​នោះ​ត​ទៅទៀត។
 នីត្យានុកូល (Legal)       : ដែល​កើត​មក​ពី​ច្បាប់ ដែល​ច្បាប់​តាក់តែង​មក។
 នីតិបុគ្គល(Personne morale) : ក្រុម​មនុស្ស​ដែល​ច្បាប់​ទទួល​ស្គាល់​ថា​ជា​បុគ្គល​ដែរ​តែ​ដទៃ​ពី​សមាជិក​នៃ​ខ្លួន។ ឧទា: ពុទ្ធិក​សមាគម​ជា​នីតិបុគ្គល ក្រុមហ៊ុន​ធ្វើ​ស្ករ ក៏​ជា​នីតិ​បុគ្គល​ដែរ។
 នីតិបុគ្គល​នៃ​នីតិ​សាធារណៈ
(Personne morale du droit prive)                        :
ក្រុម​រាជការ​សាធារណៈ។ ឧទា : រដ្ឋ​ ខេត្ត​ ឃុំ​ ឬ​គ្រឹះស្ថាន​សាធារណៈ​ ដូចជា​សកលវិទ្យាល័យ​ជា​ដើម។
 នីតិបុគ្គល​នៃ​នីតិឯកជន​
(Personne morale du
droit prive) :
សមាគម ក្រុមហ៊ុន ក្រុម​មូលនិធិ។
 នីតិវិធី(Procedure)       : វិធី​ដែល​តុលាការ​ប្រើប្រាស់ ដើម្បី​ចាត់ចែង​រឿងក្ដី​តាំង​ពី​ដើម​រហូត​ដល់​ចប់។
 នីតិសម្បទា(Habilite)     : សមត្ថភាព​ដែល​ច្បាប់​បើក​អោយ​ជន​ម្នាក់ៗ​មាន​យ៉ាង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការ​អ្វីមួយ។

ប . ផ . ព . ភ . ម

បទបញ្ជា(Reglement)      : លិខិត​បទដ្ឋាន​ដែល​ចេញ​ដោយ​អង្គការ ឬ​អាជ្ញាធរ​មានសមត្ថកិច្ច។
 បទប្បញ្ញត្តិ(Disposition)    : សេចក្ដី​បញ្ញត្តិ​របស់​ច្បាប់ ឬ​របស់​មាត្រា​ណាមួយ​នៃ​ច្បាប់​ខ​សំខាន់​របស់​លិខិត​ក្នុង​តុលាការ។
 បដិគាហក(Donataire)      : អ្នក​ទទួល​អំណោយ
 បដិប្បញ្ញត្តិ(Derogation)    : ការ​តាំង​បញ្ញត្តិ​ផ្ទុយ ឬ​មិន​ស្រប។
 ប័ណ្ណ(Titre)                   : លិខិត​ដែល​មាន​រូបមន្ត​យថាភូត(ដែល​មាន​រូប​ភាព និង​ទម្រង់​ត្រឹមត្រូវ​តាម​ច្បាប់) សំរាប់​បញ្ជាក់​សិទ្ធិ​ណាមួយ។
 ប្លង់​សុរិយោដី ឬ​ផែនទី​សុរិយោដី
ឬ​ប្លង់​ក្បាល​ដី (Plan cadastral) :
ប្លង់​រួម​នៃ​ដី​តំបន់​ណាមួយ​ដែល​មន្ត្រី​ជំនាញ​សុរិយោដី​បាន​វាស់វែង គួរ​បំពេញ​យ៉ាង​ត្រឹមត្រូវ និង​គ្រប់គ្រាន់​តាម​បទដ្ឋាន​បច្ចេកទេស ហើយ​ដាក់​លេខ​ក្បាល​ដី​ឬ​ដី​ឡូត៍​យ៉ាង​ច្បាស់លាស់។
 បន្ទុក/ភារៈ/ធុរៈ(Charges)  : មុខការ/មុខងារ/អាណត្តិ/ប្រតិកម្ម​ដែល​ជន​ណា​ម្នាក់​ធ្វើ​ឬ​បំពេញ។
 បាលិត(Pupille)              : កូន​កំព្រា​ជា​អនីតិជន​ដែល​ស្ថិត​នៅ​ក្រោម​អាណា​ព្យាបាល​នៃ​ជន​ណា​ម្នាក់
 បុព្វសិទ្ធិ(Prerogative)      : សិទ្ធិ​ជា​ពិសេស​ដែល​ឱ្យ​ដាច់​ទៅលើ​មុខងារ ឬ​ទៅ​លើ​ក្រុម​នីមួយៗ លើស​ពី​អ្នក​ដទៃ។
 បុរិមា(Preference)          : សិទ្ធិ​ដែល​បើក​អោយ​ជន​ណា​ម្នាក់​បាន​អ្វី​មួយ​មុន​ជន​ឯទៀត។
 បេតិកភណ្ឌ(Patrimoine)   : ទ្រព្យ​ដែល​ជន​ម្នាក់ៗ​មាន​ និង​បំណុល​ដែល​ជន​ម្នាក់ៗ​ជំពាក់​គេ។ ទាំង​ទ្រព្យ ទាំង​បំណុល​របស់​ជន​ម្នាក់ៗ​ហៅថា “​បេតិកភណ្ឌ”។
 ប្រតិសិទ្ធិ(Ayant cause) : អ្នក​ទទួល​សិទ្ធិ​បន្ត​ពី​គេ​ដើម្បី​ប្រកប​ការ​របស់​ខ្លួន​ផង និង​ជំនួស​គេ​ផង
 ប្រធានសក្កិ(Force majeure) : ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ដោយ​មិន​ដឹង​ជា​មុន​មិន​អាច​ប៉ាន់​ស្មាន​ជាមុន​បាន និង​មិន​អាច​ជំនះ​បាន។
 ប្រទានកម្ម(Donation)       : ការ​អោយ-អំណោយ។
 ប្រាតិភោគ​ភណ្ឌិក(Surete
reelle) :
ការ​យក​ទ្រព្យ​ទៅ​ធានា​បំណុល។ ឧទា: ការ​បញ្ចាំ​ស្រែ​ជា​ប្រាតិភោគ​ភណ្ឌិក​អចលនវត្ថុ។ ការ​បញ្ចាំ​ខ្សែ​មាស​ជា​ ប្រាតិភោគ​ភណ្ឌិក​ចលនវត្ថុ។ (ក្រម​រដ្ឋប្បវេណី​ចាស់​ប្រើ​ប្រាតិភោគ​ប្រត្យក្ស)
 ផល​ទុន(Revenu)           : ផល ឬ ចំណេញ​ដែល​កើត​មក​ពី​ប្រាក់​ទុន ឬ​ពី​មូលនិធិ​ដែល​គេ​យក​ទៅ​ប្រកប​មុខរបរ​ណាមួយ។
 ផល​ធម្មជាតិ(Fruit naturel) : ផលិតផល​ដែល​កើត​អំពី​ដី​ធ្លី ឬ​កូន​សត្វ​ស្រុក​ដែល​កើត​ពី​មេបា​វា។
 ផល​ស៊ីវិល(Fruit civil)        : ប្រាក់​ដែល​បាន​មក​ពី​វត្ថុ​ឬ​ពី​ប្រាក់​ដូច​ជា​ការ​ប្រាក់​ឬ​ឈ្នួល​ផ្ទះ​ជា​ដើម។
 ផលុបភោគ(Usufruit)       : សិទ្ធិ​បរិភោគ និង​ប្រើប្រាស់​ផល និង​ផល​ទុន​ដែល​កើត​មក​ពី​ទ្រព្យ​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ។
 ផលុបភោគី(Usufruitier)    : អ្នក​បាន​នូវ​ផលុបភោគ អ្នក​ស៊ី​ផល។
 ព្យសនកម្ម(Prejudice)      : ការ​ខូចខាត ឬ​សេចក្ដី​វិនាស​អន្តរាយ​ដល់​រូបកាយ​ក្ដី ដល់​សំភារៈ​ក្ដី ដល់​ទឹកចិត្ត​ក្ដី ដែល​បណ្ដាល​មកពី​អំពើ​របស់​អ្នក​ដទៃ។
 ព្រឹត្តិការណ៍(Evenement)  : អ្វី​ៗដែល​កើត​មាន​ឡើង ឬ​ដែល​ប្រព្រឹត្ត​ទៅ។
 ភតិសន្យាបតី(Bailleur)     : ម្ចាស់​អចលនវត្ថុ​ដែល​ដាក់​អចលនវត្ថុ​ជួល​អោយ​អ្នក​ដទៃ។
 ភាគី(Partie)                 : គូ​ក្ដី គូ​សញ្ញា ជន​ម្ខាងៗ នៃ​កិច្ចសន្យា។
 ភោគៈ(Possession)        : សិទ្ធិ​ដែល​ជន​ម្នាក់ៗ​មាន​លើ​ទ្រព្យ​ណា​មួយ​ជា​បណ្ដោះអាសន្ន មិន​ទាន់​ស៊ប់​ជា​របស់​ខ្លួន​មែនទែន​ទេ។ “ភោគៈ” ជា​ពាក្យ​ផ្ទុយ​នឹង​កម្មសិទ្ធិ​ដែល​ជា​សិទ្ធិ​ពេញ​បរិបូរណ៍​របស់​ជន​ម្នាក់ៗ ​លើ​ទ្រព្យ​ណាមួយ។ ឧទា: ដី​មាន​ប្លង់​សុរិយោដី ជា​ដី​កម្មសិទ្ធិ ឯ​ដី​មិន​ទាន់​មាន​ប្លង់​សុរិយោដី គឺ​ភោគៈ។
 ភោគី(Possesseur)         : អ្នក​ទទួល​ភោគៈ។
 មធ្យោបាយ(Moyen)         : អ្វី​ដែល​ជា​គ្រឿង​សំរាប់​យក​ទៅ​ដោះ​ស្រាយ​កិច្ចការ ឬ​បញ្ហា​ណាមួយ។
 មាតិកា(Titre)                 : មេ​សេចក្ដី ដើម​សេចក្ដី ចំណែក​ធំៗ នៃ​ច្បាប់។ អត្ថបទ​ច្បាប់​ចែក​ចេញ​ជា​គន្ថី គន្ថី​ចែក​ចេញ​ជា​មាតិកា មាតិកា​ចែក​ចេញ​ជា​ជំពូក ជំពូក​និមួយៗ​ចែក​ចេញ​ជា​ផ្នែក។

យ . រ . ល . វ

យថាហេតុ(Eventualite)   : ហេតុ​ដែល​ពឹងផ្អែក​ទៅ​លើ​ព្រឹត្តិការណ៍​ណាមួយ គឺ​ថា​បើ​ព្រឹត្តិការណ៍​នោះ​កើត​ឡើង​យ៉ាងណា ហេតុ​នោះ​ក៏​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ។
 យ៉(Saillie)                  : ចំណែក​ផ្ទះ​ដែល​ចេញ​ពី​ជញ្ជាំង​ទៅ​ខាង​មុខ។
 រូបមន្ត(Formule)           : ការងារ​ដែល​ត្រូវ​បំពេញ​អោយ​មាន​រូប​តាម​ច្បាប់​កំណត់។
 រូបវន្តបុគ្គល(Personne
physique)                   :
បុគ្គល​ដែល​មាន​រូប​មែនៗ គឺ​មនុស្ស​មែនៗ ផ្ទុយ​នឹង​នីតិបុគ្គល​ដែល​ជា​មនុស្ស​ដោយ​សន្មត​តាម​របៀប​ច្បាប់។
 លេខា​ចារឹក(Inscription)  : ការ​កត់ត្រា​រឿងហេតុ​អ្វីមួយ​ចូល​ក្នុង​សៀវភៅ ឬ​បញ្ជី​តាម​រូបមន្ត​ដែល​បាន​កំណត់​ដើម្បី​គ្រប់គ្រង​អចលនវត្ថុ​អោយ​បាន​ ត្រឹមត្រូវ​តាម​ច្បាប់។
 លក្ខខណ្ឌ(Condition)      : គុណភាព​ដែល​ត្រូវ​មាន ឬ​ខ​ដែល​ត្រូវ​បំពេញ​អោយ​គ្រប់​ចំនួន ដើម្បី​អោយ​បាន​សម្រេច​បំណង​ណាមួយ។
 លក្ខណៈ(Caractere)       : ភិនភាគ ឬ​កពារ កិរិយា បែបបទ។
 លទ្ធកម្ម(Acquisition)      : ការ​បាន​ឡើង​ជា​ភោគី​ឬ​ជា​កម្មសិទ្ធិករ​នៃ​វត្ថុ​ណាមួយ​ដោយ​ការងារ​របស់​ខ្លួន​ក្ដី ដោយ​ទិញ​ក្ដី ដោយ​ដូរ​ក្ដី ដោយ​សន្តតិកម្ម​ក្ដី។
 លិខិត​យថាភូត
(Acte authentique)       :
លិខិត​ធ្វើ​តាម​រូបមន្ត​នៃ​ច្បាប់ ដូច​ជា​លិខិត​បញ្ជាក់​ជា​ដើម។
 វិធាន(Regle)                : មូលសាស្ត្រ ច្បាប់ បន្ទាត់។
 វិធានការ(Mesure)          : មធ្យោបាយ សេចក្ដី​ប្រយ័ត្ន របៀប​ចាត់ចែង​ឡើង​ដើម្បី​បង្ការ ឬ​ទប់ទល់​នឹង​អ្វីមួយ។
 វិការៈ​អាថ៌កំបាំង(Vice cache) : គុណវិបត្តិ​ឬ​ការ​ខូចខាត​នៃ​វត្ថុ​អ្វីមួយ​ដែល​បាន​លក់ ហើយ​ដែល​គេ​ពិនិត្យ​មើល​លើក​ដំបូង​ទៅ​គ្មាន​ឃើញ​ថា​វត្ថុ​នោះ​ខូចខាត​ទេ ប៉ុន្តែ​ពេល​យក​វត្ថុ​នោះ​ទៅ​ប្រើប្រាស់ ប្រើ​ពុំ​កើត​ឡើយ។

ស . ហ

សន្តតិកម្ម(Succession)    : ការ​ផ្ទេរ​តាម​ច្បាប់​នូវ​ទ្រព្យ​របស់​អ្នក​ស្លាប់​អោយ​ទៅ​អ្នក​រស់។ មតិក​ឬ​ទ្រព្យ​របស់​ខ្មោច​ដែល​ត្រូវ​បាន​ទៅ​ទាយាន​ (អ្នក​បន្ត​មតិក)។
 សៀវភៅ​គោល​បញ្ជី​ដី
(Registre foncier)        :
បញ្ជី​គោល​សំរាប់​កត់ត្រា​នូវ​ខ្លឹមសារ​នៃ​ទិន្នន័យ​ដែល​បង្កើត​ជា​ស្ថានភាព ​នៃ​សិទ្ធិ​ទាក់ទង​ទៅ​នឹង​ទ្រព្យ​ណាមួយ។ ទាក់ទង នឹង​ស្ថានភាព​នេះ ជា​ទូទៅ​ត្រូវ​បាន​កាន់កាប់​និង​ធ្វើ​ចរន្ត​ការ​តាម​លំដាប់​ពេលវេលា។
 សំរង់​សុរិយោដី
(Releve cadastral)       :
សេចក្ដី​ដកស្រង់​នូវ​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​បច្ចេកទេស និង​គតិយុត្ត​ក្នុង​វិស័យ​សុរិយោដី ពី​ស្ថានភាព​ជាក់ស្ដែង​លើ​ដី​យក​មក​កសាង​ជា​ឯកសារ​សុរិយោដី​ដើម្បី​ធានា​ សិទ្ធិ​ស្របច្បាប់​របស់​កម្មសិទ្ធិករ។
 សម្បទាន(Concession)   : អចលនវត្ថុ (ដីធ្លី) ដែល​រដ្ឋ​ផ្ដល់​អោយ​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល សំរាប់​សង់​លំនៅឋាន ឬ/​និង​បង្កបង្កើនផល​ដោះស្រាយ​ជីវភាព​រស់នៅ​ក្នុង​ទំហំ​ដី​តូច ពិសេស​សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ (សម្បទាន​ឆ្លើយ​តប​ទៅ​នឹង​ប្រយោជន៍​សង្គម) ឬ​សំរាប់​ធ្វើការ​ដាំដុះ​ធ្វើ​អាជីវកម្ម​កសិឧស្សាហកម្ម​ក្នុង​ទំហំ​ដី​ធំ​ ទូលាយ ពិសេស​សំរាប់​អ្នក​វិនិយោគទុន (សម្បទាន​ឆ្លើយតប​ទៅ​នឹង​ប្រយោជន៍​សេដ្ឋកិច្ច) តាម​រយៈ​កិច្ច​សន្យា​ផ្ដល់​សម្បទាន​ដោយ​ត្រូវ​បង់​ប្រាក់​ជូន​រដ្ឋ។
 សម្បទានិក (concessionnaire) : អ្នក​ទទួល​បាន​សម្បទាន។
 សមាមាត្រ (Proportion)   : ការ​ឬ​របស់​អ្វីមួយ​ដែល​សម ដែល​ល្មម​នឹង​ការ​ឬ​នឹង​របស់​មួយ​ទៀត។ ឧទា: ទណ្ឌកម្ម​ដែល​តុលាការ​បាន​ផ្ដន្ទា​នេះ​មាន​សមាមាត្រ​នឹង​អំពើ ដែល​ជន​​នោះ​បាន​ប្រព្រឹត្ត​ហើយ​គឺ​ថា​សមរម្យ​នឹង​អំពើ​នោះ​ហើយ។
 សមូហភាព(Collectivite)   : ជន​ទាំងឡាយ​ដែល​មក​រួមគ្នា​ជា​ក្រុម ឬ​ជា​សម្ព័ន្ធ​មួយ។ មនុស្ស​ទាំង​អស់​ក្នុង​ឃុំ ឬ​ក្នុង​ស្រុក ឬ​ក្នុង​ក្រុង​ណាមួយ​ហៅ​ថា​សមូហភាព។
 សហកម្មសិទ្ធិ (Co-propriete) : កម្មសិទ្ធិ​តែមួយ​ជា​របស់​ប្រជាជន​ច្រើន​នាក់។ ឧទា: ជន​ច្រើន​នាក់​រួបរួម​គ្នា​ទិញ​រថយន្ត​មួយ។ រថយន្ត​នោះ​ជា​សហកម្មសិទ្ធិ​របស់​ជន​ទាំងឡាយ​ដែល​ទិញ​នោះ។
 សហកម្មសិទ្ធិករ
(Co-proprietaire)           :
អ្នក​ដែល​មាន​សហកម្មសិទ្ធិ។
 សហគមន៍ (Communaute) : អ្វីៗ​ដែល​ជន​ទាំងឡាយ​យក​មក​រួម​គ្នា។ ទ្រព្យ​សហគមន៍​គឺ​ទ្រព្យ​ដែល​ប្ដី-ប្រពន្ធ​រក​បាន​ជាមួយ​គ្នា។
 សហទាយាទ (Co-heritier) : អ្នក​ដែល​ត្រូវ​ចូលរួម​ក្នុង​ការ​ចែក​មតិក​ណាមួយ។
 សហព័ទ្ធ (Conjoint)         : ប្ដី ឬ​ប្រពន្ធ ឬ ទាំង​ប្ដីទាំង​ប្រពន្ធ។
 ស្ថាពរ (Definitif)            : មាំមួន ជាប់​រហូត។ ឧទា: សាលក្រម​ជាស្ថាពរ​គឺ​សាលក្រម​ដែល​កាត់សេចក្ដី​ជា​ស្រេច​ដាច់ខាត​មិន​ត្រូវ​ រុះរើ​ទៀត​ទេ គី​ថា គូ​ក្ដី​មិន​អាច​ប្ដឹង​ឧទ្ធរណ៍ ប្ដឹង​សារទុក្ខ​បាន​ឡើយ។
 សិទ្ធិ​វន្ត (Ayant-droit)      : អ្នក​មាន​សិទ្ធិ​លើ​វត្ថុ​ណាមួយ។
 សិល្បៈ​ការ្យ ឬ ការ្យ​សិល្បៈ
(Ouvrage d’art)           :
សំណង់​ធំៗ​មាន​សារៈសំខាន់ ធ្វើ​អំពី​ដែក​ឬ/និង​ស៊ីម៉ងត៍​ដូច​ជា ស្ពាន អង់តែន​វិទ្យុ-ទូរទស្សន៍ ផ្លូវ​រូង​ក្នុង​ដី​ឬ​ភ្នំ។
 សេវភាព (Servitude)      : បន្ទុក​ដែល​ផ្ទុក​លើ​អចលនវត្ថុ​មួយ(ដី​បំរើ ឬ ដី​ក្រោម) ដើម្បី​ជា​ប្រយោជន៍​ដល់​អចលនវត្ថុ​មួយទៀត (ដី​ប្រើ ឬ​ដី​លើ) ដែល​ជា​របស់​កម្មសិទ្ធិករ​ផ្សេង​ទៀត។ ឧទា: ស្រែ​ក្រោម​មាន​សេវភាព​ខាង​ទទួល​ទឹក​ពី​ស្រែ​លើ។ ស្រែក្រោម​ហៅ​ថា​ស្រែ​បំរើ ហើយ​ស្រែ​លើ​ហៅ​ថា​ស្រែ​ប្រើ។
 ហិតូបត្ថម្ភកៈ (Curateur)   : ជន​ដែល​ច្បាប់​ចាត់​អោយ​ឃុំ​គ្រង​ទ្រព្យ​របស់​អនីតិជន ឬ​ទ្រព្យ​របស់ ជន​ល្ងីល្ងើ​ជា​ដើម។

អច្ឆយទាន (Legs)       : សំបុត្រ​បណ្ដាំ​ដែល​ផ្ដាំ​អោយ​ចែក​ទ្រព្យ​មតិក​ណាមួយ​អោយ​ទៅ​ជន​ណា​ម្នាក់ ឬ​ច្រើន​នាក់។
 អឌ្ឍសិទ្ធិ (Mitoyen)    : ដែល​មាន​សិទ្ធិ​ពាក់​កណ្ដាល​ម្នាក់ ដែល​ជា​របស់​ជន​ពីរ​នាក់​និង ជា​ព្រំ​នៃ​កម្មសិទ្ធិ​នៃ​ជន​ទាំង​ពីរ​នាក់​នោះ​ផង។ ឧទា: ជញ្ជាំង​អឌ្ឍសិទ្ធិ​គឺ​ជញ្ជាំង​របស់​ជន​ពីរ​នាក់​ដែល​មាន​ផ្ទះ​ជាប់​គ្នា។
 អឌ្ឍសិទ្ធិ​ភាព (Mitoyennete) : ភាព​ដែល​ជា​អឌ្ឍសិទ្ធិ។
 អត្តសញ្ញាណ (Identite) : សញ្ញា​ទាំងអស់​នៃ​ជន​ម្នាក់ៗ​ដែល​ជា​គ្រឿង​សំគាល់​កុំ​អោយ​ភាន់ច្រឡំ និង​ជន​ម្នាក់​ទៀត។
 អត្តាធិន​ភាព (Emancipation) : ការ​បើក​អោយ​ក្មេង​ដែល​នៅ​ក្នុង​អនីតិភាព​នៅ​ឡើយ​គ្រប់គ្រង​ខ្លួន និង​ទ្រព្យ​សម្បត្តិ​ខ្លួន​ដោយ​ខ្លួនឯង។
 អត្ថគាហក (Beneficiaire) : អ្នក​ដែល​បាន​ចំណេញ ឬ​បាន​កំរៃ​ពី​វត្ថុ​ណាមួយ ពី​គុណប្រយោជន៍​អ្វីមួយ ឬ​ពី​ឯកសិទ្ធិ​ណាមួយ។
 អនុបយោគ (Desaffectation) : ការ​លែង​ប្រើ​តាម​ការ​ចាត់ការ​លុប​នូវ​គម្យស្ថាន​នៃ​អគារ​សាធារណៈ។ នៅ​ទី​នេះ​ច្បាប់​អនុបយោគ ជា​ច្បាប់​ដែល​រំសាយ​ពី​ប្រភេទ​ទ្រព្យសម្បត្តិ​មួយ​ទៅ​ប្រភេទ​ ទ្រព្យសម្បត្តិ​មួយទៀត ដូច​ជា​រំសាយ​ពី​ទ្រព្យ​សម្បត្តិ​សាធារណៈ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ជា ​ដើម។
 អាណាព្យាបាល (Tuteur)   : បុគ្គល​ដែល​មាន​ភារកិច្ច​តំណាង​អោយ​អនីតិជន។
 អវយវ​ភេទ (Demembrement) : ការ​បាក់បែក​អវយវៈ។ ក្នុង​ច្បាប់ អវយវភេទ​បាន​ន័យ​ថា ការ​ផ្ទេរ​សិទ្ធិ​របស់​ខ្លះ​របស់​ខ្លួន​លើ​កម្មសិទ្ធិ​ណាមួយ​អោយ​ទៅ​អ្នក​ដទៃ។
 អវិភាគកម្ម (Indivision)   : ភាព​ដែល​ចែក​គ្នា​មិន​បាន។ ឧទា: ផ្ទះ​មួយ​ជា​មរតក​របស់​កូន​ ៥នាក់ ពុះ​ផ្ទះ​នោះ​ចែក​គ្នា ផ្ទះ​នោះ​នឹង​អន្តរាយ​ជា​មិនខាន។ ដូច្នេះ​នេះ​ជា​មរតក​អវិភាគ។
 អសារ​កម្មសិទ្ធិ
(Nue-propriete)          :
កម្មសិទ្ធិ​ដែល​ឥត​អោយ​ផល​ដល់​ម្ចាស់​កម្មសិទ្ធិ​ទេ ដោយ​ហេតុ​ថា ម្ចាស់កម្មសិទ្ធិ​នោះ​អោយ​សិទ្ធិ​ខ្លួន​ទៅ​អ្នក​ដទៃ​ស៊ី​ផល​នៃ​កម្មសិទ្ធិ​ នេះ​ទាំង​អស់។
 អាជ្ញាធរ (Autorite)        : អ្នក​ទ្រទ្រង់​អំណាច អ្នក​រាជការ​ដែល​កាន់​អំណាច។
 អាជ្ញាយុកាល (Prescription) : មធ្យោបាយ​ម៉្យាង​សំរាប់​ដោះ​ខ្លួន​អោយ​រួច​ផុត​ពី​កាតព្វកិច្ច​ណាមួយ កាលណា​បើ​ម្ចាស់​កាតព្វកិច្ច​នោះ​បណ្ដែតបណ្ដោយ​អោយ​ជំពាក់​យូរ ពេក​មិន​ទារ។
 ឧបាគមន៍ (Accession)     : អំពើ​ដែល​ឈាន​ទៅដល់ ការ​ឈាន​ទៅ​ទទួល​បាន (ក្រមរដ្ឋប្បវេណី ចាស់​ប្រើ សិទ្ធិ​ដំណុះ)។
តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: